(កំពង់ធំ)៖ នាព្រឹកថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ រដ្ឋមន្ត្រី ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១,២,៣ សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងបរិញ្ញាបត្របច្ចេកទេស ជូនដល់សិស្ស និស្សិតនៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំចំនួន ៣៥០អង្គ/នាក់។
ពិធីប្រគល់សញ្ញាបត្រជូនដល់សិស្ស និស្សិត ដែលប្រារព្ធធ្វើនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ក៏មានវត្តមានចូលរួមពី លោក ផាន់ ផល្លា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ថ្នាក់ដឹកនាំនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, លោក ជា វ៉ាន់ចាន់ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ, អាជ្ញាធរមូលដ្ឋាន, តំណាងសមាគម, តំណាងក្រុមហ៊ុន, តំណាងមន្ទីរនានា, គ្រឹះស្ថានអប់រំ, នាយកវិទ្យាស្ថាន គណៈគ្រប់គ្រងវិទ្យាស្ថាន លោកគ្រូ អ្នកគ្រូ សិស្ស និស្សិតនៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ និងសិស្សវិទ្យាល័យកំពង់ធំ សរុបជាង ១៧០០នាក់។
រដ្ឋមន្ត្រី ហេង សួរ បានអបអរសាទរចំពោះសមិទ្ធផលប្រកបដោយផ្លែផ្កាដែលសិស្ស និស្សិតជ័យលាភីទាំងអស់ទទួលសញ្ញាបត្រនាពេលនេះ ដើម្បីជាគ្រឹះសម្រាប់សិស្ស និស្សិតផ្ទាល់ខ្លួន និងសម្រាប់ក្រុមគ្រួសារ ព្រមទាំងសង្គមជាតិ។ សមិទ្ធផលនេះគឺជាសក្ខីភាពថ្មីមួយទៀតក្នុងការបង្ហាញឱ្យឃើញនូវការប្តេជ្ញាចិត្ត និងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាសេនាធិការក្នុងការពង្រឹង និងពង្រីកវិស័យអប់រំបណ្ដុះបណ្តាលបច្ចេកទេស និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។
រដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា ចំណុចស្នូលនៃការសិក្សារបស់ TVET គឺរៀនទ្រឹស្តីតិច ការអនុវត្តច្រើន និងចុះហាត់ការជាក់ស្តែង ក្នុងរយៈពេលខ្លី ដើម្បីអាចចេញប្រកបការងារបានឆាប់។ ទន្ទឹមនេះ កម្មវិធី TVET គឺជាកិច្ចការអាទិភាពមួយ ដែលរាជរដ្ឋាភិបាល តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងជំរុញយ៉ាងសកម្មជាមួយនឹងមន្ត្រីថ្នាក់ជាតិ ខេត្ត ក៏ដូចជារាល់បណ្ដាគ្រឹះស្ថាន TVET នានាទូទាំងប្រទេស ដើម្បីយុវជនជំនាន់ក្រោយ ដើម្បីគ្រួសារ ដើម្បីសហគមន៍ ដើម្បីការរីកចម្រើនសេដ្ឋកិច្ចក្នុងខេត្តកំពង់ធំ និងនៅទូទាំងប្រទេស។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអំពាវនាវ និងលើកទឹកចិត្តដល់យុវជន ក៏ដូចជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺអាចចាប់យកជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលផ្ដល់នូវជំនាញមួយយ៉ាងតិចប្រចាំជីវិត ស្របទៅនឹងទីផ្សារការងារកំពុងត្រូវការ, និងឱកាសការងារធ្វើ និងប្រាក់ចំណូលសមរម្យ។
រដ្ឋមន្ត្រី សង្ឃឹមថា តាមរយៈអគារសិក្សាថ្មីនៃវិទ្យាស្ថានពហុបច្ចេកទេសវិទ្យាខេត្តកំពង់ធំ ដែលមានកម្ពស់៥ជាន់ បំពាក់ដោយសម្ភារៈ បរិក្ខាសិក្សាទំនើបៗ នឹងកាន់តែជំរុញគុណភាពសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈរបស់សិស្ស និស្សិតក្នុងខេត្តកំពង់ធំ។ ក្នុងឱកាសនោះ រដ្ឋមន្ត្រី ក៏បានប្រកាសផ្តល់ជូនកុំព្យូទ័រចំនួន ៤០គ្រឿង ដែលជាអំណោយរបស់សម្តេចមហាបរវរធិបតី ជូនដល់វិទ្យាល័យកំពង់ធំ សម្រាប់ឱ្យគ្រូ និងសិស្សក្នុងវិទ្យាល័យនេះធ្វើការសិក្សាស្រាវជ្រាវមុខវិជ្ជាផ្សេងៗ ជាពិសេសការសិក្សាស្វែងយល់កាន់តែច្បាស់ពីវិស័យ TVET៕