ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកអភិសន្តិបណ្ឌិត ស សុខា ស្ញប់ស្ញែងចំពោះអង្គការ និងសប្បរសជន ដែលជួយសង់សាលារៀន បាន ៩០ខ្នង នៅកម្ពុជា

ព្រៃវែង៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហាញក្តីស្ញប់ស្ញែង និងការលើកទឹកចិត្តខ្ពស់ដល់លោក ហាតមុត គីសេកេ (Mr. HARTMUT GIESECKE) និងក្រុមគ្រួសារ រួមទាំងអង្គការដៃគូពាក់ព័ន្ធទាំងអស់ ពិសេសអង្គការកុមារកម្ពុជារីករាយ ដែលបានចូលរួមចំណែកគាំទ្រការអភិវឌ្ឍវិស័យអប់រំកុមារតូចនៅកម្ពុជា។

ក្នុងឱកាសអញ្ជើញជាអធិបតីពិធីសម្ពោធសមិទ្ធផលអគារសិក្សា នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងឃុំស្មោងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង លោកអភិសន្តិបណ្ឌិត បានបន្ថែមថា ជាក់ស្តែងតាមរយៈមូលនិធិ គីនចាន់ ដែលមានមូលដ្ឋាននៅប្រទេសស្វីស ក្រោមកិច្ចសហការអនុវត្តគម្រោងពីអង្គការដៃគូពាក់ព័ន្ធ មានសាលារៀន រហូតដល់អគារសិក្សា កម្រិតមត្តេយ្យសិក្សា ចំនួន ៩០ខ្នង និងអគារសម្រាប់កម្រិតបឋមសិក្សា ៩០ខ្នង ត្រូវបានកសាងនិងជួសជុលកែលម្អនៅតាមបណ្តាខេត្ត ចំនួន ៧ ក្នុងនោះអគារមតេយ្យសិក្សា ២២ខ្នង និងអគារបឋមសិក្សា ៦ខ្នង ដែលត្រូវប្រារព្ធពិធីសម្ពោធនាឱកាសដ៏ឱឡារិកនោះ។

សូមជម្រាបថា សាលាគោលដៅ ចំនួន ២៩សាលា ក្នុងខេត្តចំនួន ៧ លោកតា ហាតមុត គីសេកេ (MR. HARTMUT GIESECKE) តាមរយៈអង្គការកុមារកម្ពុជារីករាយ(HCC) បានជួយសង់សាលារៀននោះ រួមមាន ៖ ខេត្តព្រៃវែង ៤សាលា ខេត្តត្បូងឃ្មុំ ៤សាលា ខេត្តកំពងចាម ៣សាលា ខេត្តក្រចេះ ៣សាលា ខេត្តស្ទឹងត្រែង ៥សាលា ខេត្តបន្ទាយមានជ័យ ៤សាលា និងខេត្តសៀមរាប ៦សាលា។

ពីវេទិការអធិបតីនៃពិធីដដែលនោះ ក្នុងនាមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា លោកអភិសន្តិបណ្ឌិត បានថ្លែងអំណរគុណចំពោះបេសកម្ម និងទឹកចិត្តប្រកបដោយសប្បុរសរបស់លោកតា ហាតមុត គីសេកេ និងបណ្ដាអង្គការដៃគូ ព្រមទាំងបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានដាក់គោលដៅធានាថាប្រជាជានកម្ពុជាទាំងអស់ ទទួលបានការអប់រំ ប្រកបដោយបរិយាបន្ន និងសមធម៌ ជាមួយនឹងចំណេះដឹង ជំនាញ និងគុណតម្លៃ ដែលនាំទៅរកសុខភាពល្អ កាយសម្បទាមាំមួន និងការសិក្សាពេញមួយជីវិត។

យោងតាមរបាយការណ៍លោក ប៊ិន ជីវ័ន្ត អភិបាល នៃគណៈអភិបាលស្រុកកំចាយមារ ស្រុកនេះមានគ្រឹះស្ថានសិក្សា មានចំនួន ៥៩កន្លែង ក្នុងនោះមានមត្តេយ្យសិក្សា ៥កន្លែង សាលាបឋមសិក្សា ៤៣កន្លែង អនុវិទ្យាល័យ ៧កន្លែង វិទ្យាល័យ ២កន្លែង វិទ្យាស្ថានអភិវឌ្ឍន៍សហគមន៍ ១កន្លែង សាកលវិទ្យាល័យ ១កន្លែង។ លោកអះអាងថា សមិទ្ធផលសម្ពោធនាថ្ងៃនេះ បានធ្វើឱ្យវិស័យអប់រំ ក្នុងស្រុកកំចាយមារ រីកចម្រើនមួយកម្រិតទៀតទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងគុណភាព៕