ភ្នំពេញ ៖ ក្រុមការងារនាយកដ្ឋានបច្ចេកទេសរបស់អង្គការ ILO ដឹកនាំដោយលោក Paolo Carlini អ្នកប្រឹក្សាយោបល់ឯករាជ្យអន្តរជាតិ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩នេះ បានចុះមកវាយតម្លៃលើយុទ្ធសាស្រ្ត និងផែនការសកម្មភាពក្នុងការប្រែក្លាយ «អ្នកដែលពាក់ព័ន្ធនឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ចូលទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដែលរាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តចាប់ពីឆ្នាំ២០១៤-២០១៨។ នៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ ។
ការវាយតម្លៃរបស់ក្រុមការងារនាយកដ្ឋានបច្ចេកទេស (Evaluation Department of the ILO) នាពេលនេះ មានគោលបំណង៖
ដើម្បីដឹងអំពីភាពស៊ីចង្វាក់គ្នា ប្រសិទ្ធភាព និងប្រសិទ្ធផលនៃយុទ្ធសាស្រ្ត សកម្មភាព និងការអន្តរាគមន៍របស់ ILO ដើម្បីឆ្ពោះទៅប្រែក្លាយពីអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទៅជាអ្នកសេដ្ឋកិច្ចក្នុងប្រព័ន្ធ។
ជំរុញការចែករំលែក ចំណេះដឹង និងបទពិសោធន៍ល្អៗ ជាមួយសមាជិក ILO និងដៃគូរបស់ខ្លួន។
ចែករំលែកការអនុវត្តល្អៗ ដើម្បីជាជំនួយក្នុងការសម្រេចចិត្ត ក្នុងការរៀបចំក្របខ័ណ្ឌយុទ្ធសាស្រ្ត និងការអភិវឌ្ឍដោយចីរភាព។
ការធ្វើដំណើរមកកម្ពុជានៃក្រុមការងារនាយកដ្ឋានបច្ចេកទេស (Evaluation Department of the ILO) គឺជាករណីសិក្សា (Case Study) ដែលជាផ្នែកមួយនៃនីតិវិធីនៃការវាយតម្លៃ ដូចដែលបានកំណត់ក្នុង Timeframe របស់ខ្លួន។
ក្រុមការងារបច្ចេកទេស ILO ក៏ស្នើសុំជួបពិភាក្សាជាលក្ខណៈបច្ចេកទេសជាមួយនាយកដ្ឋានពេទ្យការងារ និង ប.ស.ស ដែលជាអង្គភាពពាក់ព័ន្ធទៅនឹងការពង្រីកការផ្តល់សេវាទៅដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
លោក ម៉ម វណ្ណៈ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតការងារជូនប្រជាពលរដ្ឋយ៉ាងច្រើន ធ្វើឱ្យអត្រាមានការងារធ្វើស្មើនឹង ៩៩.៣% នៃកម្លាំងពលកម្មសរុបមានប្រមាណ ១០លាននាក់ ក្នុងនោះកម្មករនិយោជិតសេដ្ឋកិច្ចក្នុងប្រព័ន្ធជិត ១.៥លាននាក់ កម្មករនិយោជិតសេដ្ឋកិច្ចក្រៅប្រព័ន្ធ ២.៤លាននាក់ វិស័យកសិកម្មជាង ៤លាននាក់ ពលករធ្វើការក្រៅប្រទេស ១.២លាននាក់ និងមន្រ្តីសាធារណៈប្រមាណ ៥០ម៉ឺននាក់។
លោកបានបន្តថា គោលនយោបាយជាតិស្តីពី មុខរបរ និងការងារ (NEP 2015-2025) គោលដៅ ១.៣៖ លើកកម្ពស់ការងារសមរម្យ និងមានផលិតភាពការងារខ្ពស់ តាមរយៈការបង្កលក្ខណៈឱ្យមានការប្រែក្លាយកម្មករនិយោជិត និងអង្គភាពពីសេដ្ឋកិច្ចក្រៅប្រព័ន្ធទៅក្នុងសេដ្ឋកិច្ចផ្លូវការ ដោយធានាបាននូវការកែលម្អ និងរក្សាបាននូវជីវភាពរស់នៅក្នុងអំលុងពេលនៃដំណើរការប្រែក្លាយនេះ។
ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម (២០១៦-២០២៥) ក៏បានគ្របដណ្តប់លើអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈការដាក់ឱ្យដំណើរការរបបថែទាំសុខភាពសង្គម ដោយគោលការណ៍ស្ម័គ្រចិត្តក្នុងដំណាក់កាលដំបូង បន្ទាប់មកពិនិត្យលទ្ធភាពក្នុងការបង្វែរទៅជារបបកាតព្វកិច្ច យោងទៅតាមស្ថានភាពជាក់ស្តែង។
ច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជាមិនបានរើសអើង ឬបែងចែករវាងកម្មករនិយោជិតនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឬក្នុងប្រព័ន្ធទេ ពោលគឺច្បាប់នេះមានវិសាលភាពគ្របដណ្តប់ចំពោះគ្រប់កម្មករនិយោជិតទាំងអស់ ដែលមានទំនាក់ទំនងការងារ (Employment Relationship) ជាមួយនិយោជក៕