ធនាគារអភិវឌ្ឍន៍ជនបទផ្តល់ឥណទានរយៈពេលខ្លីតិចជាង១ឆ្នាំ និងរយៈពេលវែងច្រើនជាង១ឆ្នាំហើយប្រភេទផលិតផលឥណទានរួមមាន ឥណទានមានកាលកំណត់កំរិតពិដានឥណទាន ឥណទានបោះបន្ត ឥណទានទ្រទ្រង់ស្ថាប័ន និងឥណទានវិបារូបណ៍ ផលិតផលទាំងនេះសមស្របទៅនឹងតម្រូវការពេលវេលាក្នុងការផលិត ការកែច្នៃ និងការវិនិយោគជាដើម។
តើអត្រាការប្រាក់មានអ្វីខ្លះ?
ធនាគារអភិវឌ្ឍន៍ជនបទក្នុងនាមជាធានាគារបម្រើឱ្យគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយបាន និងកំពុងអនុវត្តគម្រោងហិរញ្ញប្បទានពិសេស គាំទ្រជាទុនបង្វិល និងជាទុនបង្វិល ដោយរាជរដ្ឋាភិបាលកំណត់ឱ្យធនាគារអភិវឌ្ឍន៍ជនបទយកអត្រាការប្រាក់សមរម្យពីអតិថិជន។ ចំពោះមូលនិធិដែលទទួលបានពីជំនួយ ឬមូលនិធិទទួលបានស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ អត្រាការប្រាក់ គឺត្រូវបានកំណត់ដោយយោងទៅតាមពេលវេលា និងលក្ខខណ្ឌតាមការព្រមព្រៀងរវាង ម្ចាស់ជំនួយ ឬម្ចាស់កម្ចី ជាមួយធនាគារអភិវឌ្ឍន៍ជនបទ ឬជាមួយរាជរដ្ឋាភិបាលកម្ពុជា។
១. ឥណទានមានកាលកំណត់
ផលិតផលនេះសមស្របសម្រាប់ស្ថាប័ននិងប្រតិបត្តិករមីក្រូហិរញ្ញវត្ថុដើម្បីផ្តល់ឥណទានបន្តដល់អតិថិជនចុងក្រោយ ដែលប្រកបមុខរបរស្របច្បាប់គ្រប់ប្រភេទ និងត្រូវសងរំលោះទាំងប្រាក់ដើមនិងការប្រាក់ ត្រឡប់មក ធ.អ.ជ វិញដែលមានរយៈពេលវែង ហើយក៏អាចប្រើប្រាស់ជាបំណុលបំពេញដើមទុន (Subordinated Debt)ដែលជាផ្នែកមួយនៃដើមទុន(Capital TierII) សរុបរបស់ស្ថាប័ន។
ដោយឡែកចំពោះក្រុមហ៊ុនអាជីវកម្មលើវិស័យកសិកម្មវិញគឺអាចប្រើប្រាស់សម្រាប់ការវិនិយោគរយៈមធ្យមនិងវែងលើការសាងសង់ថ្មីពង្រីកបន្ថែមគ្រឿងយន្ត ការសាងសង់លានហាល ឃ្លាំងស្តុក អាគារ រោងចក្រ គ្រឿងសម្ភារៈបរិក្ខាបំពាក់ យានយន្តមធ្យោបាយដឹកជញ្ជូន ម៉ាស៊ីនកៃច្នៃ ឡសម្ងួត ម៉ាស៊ីនភ្លើង ការតភ្ជាប់បណ្តាញអគ្គីសនីជាដើម។
២. កំរិតពិដានឥណទាន
ផលិតផលនេះសមស្របសម្រាប់ស្ថាប័នមីក្រូហិរញ្ញវត្ថុដើម្បីផ្តល់ឥណទានបន្តដល់អតិថិជនចុងក្រោយ និងត្រូវសងប្រាក់ដើមទាំងអស់ត្រឡប់មកធ.អ.ជវិញនៅចុងវគ្គក្នុងរយៈពេល១ឆ្នាំ និងអាចដកយក ទៅប្រើ ប្រាស់ម្តងទៀតនាឆ្នាំបន្តបន្ទាប់រហូតដល់ចប់កិច្ចសន្យា។ចំណែកការប្រាក់អាចសងប្រចាំខែ ឫត្រីមាសតាម តម្រូវការ។
ដោយឡែកចំពោះ ក្រុមហ៊ុនអាជីវកម្មលើវិស័យកសិកម្មវិញគឺប្រើប្រាស់សម្រាប់ជាទុនបង្វិលរយៈពេលខ្លី ដើម្បីប្រមូលទិញកសិផលស្តុក ការចំណាយផ្ទៃក្នុងក្រុមហ៊ុន ការចិញ្ចឹមសត្វ ការដាំដំណាំរយៈកាលខ្លី ជាដើម។
៣. ឥណទានបោះបន្ត៖ ជាប្រភេទផលិតផលរយៈពេលមធ្យមនិងវែង សម្រាប់ស្ថាប័នមីក្រូហិរញ្ញវត្ថុប៉ុណ្ណោះ ក្នុងគោលបំណងផ្តល់ឥណទានបន្តដល់ប្រតិបតិ្តករមីក្រូហិរញ្ញវត្ថុតូចៗដែលពុំមានលទ្ធភាពខ្ចីផ្ទាល់ពីធនាគារអភិវឌ្ឍន៍ជនបទ ចំពោះការសងត្រឡប់មកវិញ គឺផ្អែកលើលទ្ធភាពសងបំណុលដែលរាយការណ៍ក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
៤. ឥណទានទ្រទ្រង់ស្ថាប័ន៖ ជាប្រភេទផលិតផលរយៈពេលមធ្យមនិងវែងសម្រាប់តែស្ថាប័នមីក្រូហិរញ្ញវត្ថុប៉ុណ្ណោះក្នុងគោលបំណងអភិវឌ្ឍស្ថាប័នដូចជាការបើកសាខាដោយបំពាក់សំភារៈផ្សេងៗទិញមធ្យោបាយដឹកជញ្ជូន ការបើកប្រាក់ខែដល់បុគ្គលិកយ៉ាងយូររយៈពេល២ឆ្នាំនិងលើកកំពស់សមត្ថភាពបុគ្គលិករបស់ស្ថាប័ន។
៥. ឥណទានវិបារូបណ៍៖ ជាប្រភេទផលិតផលរយៈពេលខ្លី សម្រាប់ស្ថាប័នមីក្រូហិរញ្ញវត្ថុនិងក្រុមហ៊ុនអាជីវកម្មលើវិស័យកសិកម្មប្រើប្រាស់ក្នុងគ្រាដែលជួបបញ្ហាកង្វះខាតលំហូរសាច់ប្រាក់ ។
៦. ឥណទានរយះពេលវែង៖ ជាប្រភេទផលិតផលរយៈពេលវែង សម្រាប់ឧស្សាហកសិកម្ម និងផលិតកម្មក្នុងអាណត្តិរយៈពេលវែង។