ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលពិនិត្យខ្សែច្រវាក់ផលិតកម្មក្នុងរោងចក្រកាត់ដេរ ម៉ាវ៉ល ហ្គាមិន ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ

(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ទារកដ្ឋានរោងចក្រកាត់ដេរ ម៉ាវ៉ល ហ្គាមិន ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ(Royal Group Phnom Penh SEZ) នៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចូលពិនិត្យខ្សែច្រវាក់ផលិតកម្មក្នុងរោងចក្រកាត់ដេរ ម៉ាវ៉ល ហ្គាមិន ដែលជារោងចក្រកាត់ដេរសម្លៀកបំពាក់ និងខោអាវកីឡាដ៏ធំមួយនៅកម្ពុជា
រោងចក្រនេះមានចំនួន៣៣អគារ ដែលផលិតសម្លៀកបំពាក់ និងខោអាវកីឡាម៉ាកល្បីៗមានដូចជា NIKE PUMA LULULEMON RALPH LAUREN និង ADIDAS ជាដើម។ សម្លៀកបំពាក់ និងខោអាវកីឡា ដែលផលិតពីរោងចក្រនេះ ត្រូវបាននាំចេញទៅសហរដ្ឋអាមេរិក កាណាដា និងសហភាពអឺរ៉ុប។

បច្ចុប្បន្នរោងចក្រនេះ មានកម្មករនិយោជិតចំនួន ១៨ ៧៤៤នាក់ (ស្ត្រី ១៧ ៥៩៧នាក់)។ ក្នុងនោះ កម្មការិនីមានផ្ទៃពោះលើស ៣ខែ មានចំនួន ១ ០៤២នាក់ និងមានទារកនិងកុមារអាយុលើសពី ៣-៣៦ខែមានចំនួន ១ ០៩២នាក់។

កម្មករនិយោជិត ទទួលបានប្រាក់ឈ្នួលអប្បបរមា ២០៨ដុល្លារអាមេរិក, ប្រាក់ឈ្នួលខ្ពស់បំផុត ៧០០ដុល្លារ, ប្រាក់ឈ្នួលមធ្យម ៤៣០ដុល្លារ និងប្រាក់ឈ្នួលទាបបំផុត ២៥៥ដុល្លារ។
បន្ថែមពីលើនេះ កម្មករនិយោជិតមានបណ្ណ ប.ស.ស. រួមនិងទទួលបានប្រាក់អត្ថប្រយោជន៍ផ្សេងៗ ដូចជាប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន ១៦ដុល្លារ, ប្រាក់សោហ៊ុយធ្វើដំណើរចំនួន ១៩ដុល្លារ, ប្រាក់រង្វាន់អតីតភាពការងារពី ២ដុល្លារ ទៅ១១ដុល្លារក្នុងមួយខែ, ឧបត្ថម្ភប្រាក់ចំនួន ៥ដុល្លារក្នុងមួយខែសម្រាប់ទារកម្នាក់ រហូតដល់អាយុ ៣៦ខែ (សម្រាប់អ្នកដែលមិនយកកូនមកដាក់ក្នុងទារកដ្ឋាន), បន្ថែមពីនេះក៏មានទីកន្លែងសម្រាប់កម្មករនិយោជិតទទួលទានអាហារចំនួន ៨កន្លែងផងដែរ៕

#MLVT #HENGSour