កំពង់ចាម៖ ឯកឧត្តមឧកញ៉ា ឡូវ ហ៊ឹង ប្រធានក្រុមការងារចុះជួយឃុំទង់ត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងអាជ្ញាធរបានបើកវេទិកាសាធារណៈ ដើម្បីស្ដាប់នូវកង្វល់នានា របស់ប្រជាពលរដ្ឋ ក៏ដូចជាជួយដោះស្រាយនូវសំណូមពរផ្សេងៗ ។
ក្នុងវេទិកាសាធារណៈ នៅថ្ងៃទី14 ខែមីនា ឆ្នាំ២០២៥ នាសាលាបឋមសិក្សាបឹងទីង ឃុំទងត្រឡាច ឯកឧត្តមឧកញ៉ាប្រធានក្រុមការងារ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា តាំងពីអាណត្តិមុខ តមកដល់អាណត្តិទី៧នេះ គឺនៅតែបន្តធ្វើវេទិកាសាធារណៈ ដើម្បីបានជួបជាពលរដ្ឋ បានស្ដាប់ដោយផ្ទាល់នូវកង្វល់ ឬក្ដីព្រួយបារម្ភអ្វីមួយ ហើយចង់ឲ្យមានការដោះស្រាយ ។
ឯកឧត្តមបន្តថា ក្នុងនាមជាក្រុមការងារចុះមូលដ្ឋាន ឬអាជ្ញាធរភូមិឃុំ ដែលជាភ្នែកជាច្រមុះរបស់រាជរដ្ឋាភិបាល គឺត្រូវតែស្ដាប់ និងនាំយកនូវក្តីកង្វល់ ឬសំណូមពរទាំងអស់នោះ មកធ្វើការដោះស្រាយឲ្យអស់ពីលទ្ធភាព ហើយបើមិនអាចដោះស្រាយបាន ត្រូវធ្វើរបាយការណ៍ទៅថ្នាក់ដឹកនាំ ដើម្បីដោះស្រាយជូនពលរដ្ឋ ។
ឯកឧត្តមឧកញ៉ា ឡូវ ហ៊ឹង បានបន្ថែមថា តែយ៉ាងណា អាជ្ញាធរ ត្រូវតែខិតខំធ្វើការដោះស្រាយសំណូមពរទាំងអស់នោះ ក៏ដូចជារួមគ្នាធ្វើការអភិវឌ្ឍមូលដ្ឋាន ការផ្ដល់សេវារដ្ឋបាលឲ្យបានឆាប់រហ័ស ទាន់ពេលវេលា អនុវត្តឲ្យបានខ្ជាប់ខ្ជួនគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ជាពិសេសត្រូវធ្វើអំពើល្អចំពោះប្រជាពលរដ្ឋ ។
សម្រាប់សំណូមពរ របស់ប្រជាពលរដ្ឋនៅក្នុងវេទិកាសាធារណៈនេះ គឺផ្ដោតទៅលើការស្នើឲ្យជួយលើការងារសុខាភិបាល សង្គមកិច្ច អប់រំ ឬបញ្ហាភូមិឃុំមានសុវត្ថិភាពជាដើម ។ ជាមួយនេះពួកគាត់ ក៏បានថ្លែងអំណរគុណដល់ ឯកឧត្តមឧកញ៉ាប្រធានក្រុមការងារ និងសហការី ដែលបានជួយដោះស្រាយ នូវសំណូមពររបស់ពួកគាត់ជាបន្តបន្ទាប់ និងទាន់ពេលវេលាផងដែរ ។
ក្នុងឱកាសនោះប្រធានក្រុមការងារចុះជួយឃុំទងត្រឡាច បានដោះស្រាយ និងបាននាំយកថវិការបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ដល់ប្រជាពលរដ្ឋដែលសំណូមពរ រួមមានផ្ដល់ថវិកាដល់កុមារកំព្រា កុមារមានជីវភាពខ្វះខាត ទិញកង់ អ្នកជំងឺ និងចែកថ្នាំព្យាបាលជំងឺដល់ពលរដ្ឋជាង 500គ្រួសារ សរុបថវិកាជិត 20លានរៀល ខណៈឧកញ៉ា ជា លាងហុង ឧបត្ថម្ភ ម្សៅទឹកដោះគោ កូនក្មេង15កំប៉ុង. ឧកញ៉ា អែល សារ៉ុម ឧបត្ថម្ភកុំព្យូរទ័រចំនួន ២គ្រឿង ឧបត្ថម្ភថវិកាទិញឯកសណ្ឋានប្រជាការពារ និងលោក ពូន វណ្ណា ឧបត្ថម្ភថវិការមួយចំនួន សម្រាប់ដោះស្រាយការងាររដ្ឋបាលក្នុងឃុំទងត្រឡាច ៕