ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

៥​ខែដើម​ឆ្នាំ២០១៩​នេះ កងកម្លាំង​អនុវត្តច្បាប់​បានបង្ក្រាបបទល្មើស​គ្រឿងញៀន​មាន ៣.៣៣៥ ករណី ឃាត់​ខ្លួនមនុស្ស ៧.០៩៧ នាក់

កិច្ចប្រជុំដែលធ្វើឡើង នៅទីស្ដីការក្រសួងមហាផ្ទៃ មានការចូលរួមពីអភិបាលរាជធានី-ខេត្ត ស្នងការរាជធានី-ខេត្ត មេបញ្ជាការកងរាជអាវុធហត្ថរាជធានី-ខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។

យោងតាមរបាយការណ៍ បានលេីកឡេីងនៅក្នុងកិច្ចប្រជុំដកពិសោធន៍ និងពង្រឹងកិច្ចប្រតិបត្តិការ​បង្ក្រាប​បទល្មើសគ្រឿងញៀននៅតាមក្លឹបកំសាន្ត និងកន្លែងសប្បាយ ផ្សេងៗ ដែលមានការជួញដូរ និងប្រើប្រាស់​គ្រឿងញៀន បានឲ្យដឹងថារយៈពេល ០៥ខែដើម ឆ្នាំ២០១៩នេះ កងកម្លាំងអនុវត្តច្បាប់បានបង្ក្រាបបទល្មើសគ្រឿងញៀនសរុបចំនួន ៣.៣៣៥ករណី ឃាត់ខ្លួន ៧.០៩៧នាក់ ចាប់យកសារធាតុញៀនគ្រប់ប្រភេទសរុប ៣១០,៩៨គីឡូក្រាម,​ កញ្ឆាស្រស់៤៧.១០៣ ដើម រួមនឹងមធ្យោបាយសម្ភារៈ វត្ថុតាងមួយចំនួនទៀត។

– ករណីជួញដូរ ២.០៣៩ករណី ឃាត់ខ្លួន ៣.៨៧៣នាក់
– ករណីសំយោគ
-កែច្នៃ ១ករណី
– ករណីដាំដុះ ១៩ករណី ឃាត់ខ្លួន ៤នាក់
– ករណីប្រើប្រាស់ ១.២៧៦ករណី ឃាត់ខ្លួន ៣.២២០នាក់។

ក្នុងនោះកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ២៣២នាក់ បញ្ជូនទៅមណ្ឌលព្យាបាល និងស្តារនីតិសម្បទាចំនួន ២.១០៥នាក់ និងអប់រំធ្វើកិច្ចសន្យាប្រគល់ជូនអាណាព្យាបាលដើម្បីយកទៅព្យាបាលបន្សាបនៅតាមសហគមន៍ចំនួន ៨៨៣នាក់។​ ដោយឡែកអនុវត្តដីកាបាន ១១០ដីកា ឃាត់ខ្លួន ១០៩នាក់។

សូមបញ្ជាកលថាសមត្ថកិច្ចបង្ក្រាបករណីធំៗ ដែលមានសារធាតុញៀនចាប់ពី ០១គីឡូក្រាមឡើង មានចំនួន២០ករណី​ ចាប់យកសារធាតុញៀនសរុប ២៨៨,៣៨គីឡូក្រាម និងចាប់បានមេក្លោងចំនួន ១២នាក់ ខ្សែរយៈបណ្តាញចំនួន ៥២នាក់។

ផ្អែកតាមរបាយការណ៍ដែលទទួលបានពីលេខាធិការដ្ឋាន នៃគណៈបញ្ជាការអនុវត្តផែនការ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀនលើកទី៤​ រាជធានី ខេត្ត បានឲ្យដឹងថា ក្នុងចំណោមគោលដៅអាជីវកម្ម ក្លឹបកំសាន្តទីតាំងសប្បាយដ្ឋានចំនួន ៧.១១៣ទីតាំង ត្រូវបានសមត្ថកិច្ចចុះផ្សព្វផ្សាយអប់រំ ធ្វើកិច្ចសន្យា ដើម្បីស្នើសុំកិច្ចសហការក្នុងការបង្ការ ទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀនបានចំនួន ៣.៧៤១កន្លែង ស្មើនឹង៥២%​ ៕