នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ សម្តេចមហា រដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញដល់សាធារណរដ្ឋកូរ៉េ ប្រកបដោយសុវត្ថិភាព ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកល (Universal Peace Federation World Summit 2025) ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥។
នៅអាកាសយានដ្ឋានអន្តរជាតិ អ៊ីឈុន នាទីក្រុងសេអ៊ូល គណៈប្រតិភូបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័នរៀបចំកិច្ចប្រជុំកំពូលពិភពលោក២០២៥ និងមានវត្តមានលោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងសហការីជាច្រើនរូបទៀត។
សូមជម្រាបថា នៅពេលអញ្ជើញដល់សាធារណរដ្ឋកូរ៉េ សម្តេចប្រធានរដ្ឋសភា នឹងអញ្ជើញបំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យ ហានយ៉ាង សាយប៊ឺ (Hanyang Cyber University) ដែលជាសាកលវិទ្យាល័យល្បីមួយ នៅទីក្រុងសេអ៊ូល។
នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីចុះអនុស្សរណៈនៃការយយោគយល់គ្នារវាងសាកលវិទ្យាល័យហានយ៉ាង Hanyang និងអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា នៅក្នុងការគំាទ្រដល់ការអភិវឌ្ឍសមត្ថភាព និងបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យា ព័ត៌មានវិទ្យា ដល់សមាជិកសមាជិការដ្ឋសភា និងមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលនឹងចុះហត្ថលេខាដោយ បណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និងថ្នាក់ដឹកនាំសកលវិទ្យាល័យ Hanyang៕ 






