លោក ស៊ី ជីនពីង( Xi Jinping ) ប្រធានាធិបតីចិនបានអញ្ជើញដំណើរនិវត្តន៍នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ បន្ទាប់ពីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃនៅព្រះរាជាណាចក្រកម្ពុជាប្រកបដោយយ៉ាងត្រចះត្រចង់។អញ្ជើញជូនដំណើរគណៈប្រតិភូជាន់ខ្ពស់ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។
លោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី ១៨ ខែមេសានៅព្រះរាជាណាចក្រកម្ពុជាបន្ទាប់ពីបំពេញទស្សនកិច្ចដូចគ្នានេះនៅប្រទេសវៀតណាម និងប្រទេសម៉ាឡេស៊ី។
ខណៈផ្តើមទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា លោក ស៊ី ជីនពីង ប្រធានាធិបតីចិន បានបញ្ជាក់ថាទំនាក់ទំនងរវាងចិននិងកម្ពុជា ត្រូវបានកសាងនិងបីបាច់ថែរក្សាយ៉ាងយកចិត្តទុកដាក់បំផុត ដោយថ្នាក់ដឹកនាំរបស់ ប្រទេសទាំងពីរ ពីមួយជំនាន់ទៅមួយជំនាន់ ហើយគ្មានការប្រែប្រួលឡើយ ទោះត្រូវប្រឈមមុខ ជាមួយបរិយាកាស អន្តរជាតិប្រែប្រួលបែបណាក៏ដោយ និងបានបន្តឋិតថេររឹងមាំជាប់ជានិច្ច។ឯកឧត្តម ស៊ី ជីនពីង បានបន្ថែមថា ចិន និងកម្ពុជាបានដើរតួនាទីនាំមុខ ក្នុងការកសាងសហគមន៍រួមវាសនា នៅក្នុងកម្រិតទ្វេភាគី ព្រមទាំងក្នុងការអនុវត្តកិច្ច សហប្រតិបត្តិការ ខ្សែក្រវាត់និងផ្លូវ។ ប្រទេសយើងទាំងពីរ បានគាំទ្រគ្នាទៅវិញទៅមក ក្នុងការរក្សាស្ថិរភាពជាតិ ក៏ដូចជាការលើកកម្ពស់ ការអភិវឌ្ឍនិងវិបុលភាព ហើយធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីសមភាពនិងយុត្តមធ៌ នៅក្នុងកិច្ចការ អន្តរជាតិ។ ពួកយើងបានបម្រើជាគំរូដ៏ប្រសើរបំផុតមួយ ក្នុងការកសាងទំនាក់ទំនងប្រភេទថ្មី និងក្នុងការចូលរួមចំណែក កសាងសហគមន៍រួមវាសនា សម្រាប់មនុស្សជាតិ។
ក្នុងដំណើរទស្សនកិច្ចនេះលោក XI Jinping បានចូលគាល់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ នៅព្រះបរមរាជវាំង។ ឯកឧត្តមប្រធានាធិបតីចិន បានជួបពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគី និងផ្លាស់ប្តូរយោបល់ អំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលមានការចាប់អារម្មណ៍ដូចគ្នា។
លោក ស៊ី ជីនពីង ប្រធានាធិបតីចិន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីផ្លាស់ប្តូរឯកសារកិច្ចសហប្រតិបត្តិការ ចំនួន ៣៧ រវាងកម្ពុជា និងចិន នៅវិមានសន្តិភាព រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១៧ ខែមេសា។
យោងតាមខ្លឹមសារនៃសេចក្តីប្រកាសព័ត៌មាននៃលទ្ធផលទស្សនកិច្ចផ្លូវរដ្ឋ បានគូសរំលេចថាដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះ មិនត្រឹមតែបានបញ្ជាក់សាជាថ្មីពីការប្តេជ្ញាចិត្តឥតងាករេចំពោះទំនាក់ទំនងមិត្តភាពដែកថែបរវាងកម្ពុជា និងចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រឹងនិងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ រវាងប្រទេសទាំងពីរ។
ដំណើរទស្សនកិច្ចនេះបានបន្ថែមសន្ទុះថ្មីដល់ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់។ក្នុងបរិការណ៍នេះភាគីទាំងពីរបានសម្តែងការប្តេជ្ញាចិត្តក្នុងការធានាការអនុវត្តប្រកបដោយប្រសិទ្ធភាព នៃក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងពន្លឿនការកសាង “ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា” និង “ច្រករបៀងមច្ឆា និងអង្ករ”។
ភាគីទាំងពីរបានកោតសរសើរអំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នានាពេលបច្ចុប្បន្ន ក្នុងការជំរុញទំនាក់ទំនងយ៉ាងស្អិតរមួត និងការពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកលើគ្រប់វិស័យ។
ភាគីទាំងពីរបានអះអាងជាថ្មីនូវការគាំទ្រគ្នាយ៉ាងមុះមុត ចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក។ ភាគីកម្ពុជាបានបញ្ជាក់ជាថ្មីពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះគោលនយោបាយចិនមួយ និងចាត់ទុកថា តៃវ៉ាន់ជាផ្នែកមួយមិនអាចកាត់ផ្តាច់បានពីទឹកដីចិន។កម្ពុជាប្រឆាំងចំពោះការប៉ុនប៉ងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន ដោយចាត់ទុកថា បញ្ហាស៊ីនជាំង ស៊ីចាង ហុងកុងនិងតៃវ៉ាន់ គឺជាបញ្ហាផ្ទៃក្នុងរបស់ចិនសុទ្ធសាធ។
ភាគីចិនបានអះអាងជាថ្មីនូវការគាំទ្រយ៉ាងម៉ឹងម៉ាត់ ចំពោះកម្ពុជាក្នុងការជ្រើសរើសដោយឯករាជ្យនូវមាគ៌ាអភិវឌ្ឍន៍ស្របតាមលក្ខខណ្ឌជាតិរបស់ខ្លួន និងការពារអធិបតេយ្យភាពជាតិ ឯករាជ្យភាព និងបូរណភាពទឹកដី និងគាំទ្រកម្ពុជាដើរតួនាទីសកម្មនិងកាន់តែសំខាន់ក្នុងកិច្ចការតំបន់និងអន្តរជាតិភាគីទាំងពីរប្តេជ្ញាមិនអនុញ្ញាតឱ្យមានសកម្មភាពអរិភាពណាមួយកើតឡើងលើទឹកដីនៃប្រទេសមួយប្រឆាំងនឹងប្រទេសមួយទៀតឡើយ៕ ដោយ៖ក្រុមការងារMoINFO APP រូបថត៖ AKP