ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គនាយកក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ទាត់ចោលរបាយការណ៍របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា 

ភ្នំពេញ៖ លោក កៅ ជៀនជៀង (Cao Jianjiang) អគ្គនាយកក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ បានចេញសេចក្តីប្រកាសបដិសេធចំពោះការផ្សាយបង្ខូចកិត្តិយសពីមន្ត្រីនៃស្ថានទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលចោទប្រកាន់ទាំងងងឹតងងល់ថា សហគ្រាសមួយចំនួននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានផ្ទេរទំនិញនាំពីប្រទេសចិន ចូលព្រះរាជាណាចក្រកម្ពុជា រួចនាំចេញដោយខុសច្បាប់ទៅកាន់សហដ្ឋអាមេរិក។

លោកអគ្គនាយក បានមានប្រសាសន៍ថា លោកប្រឆាំងយ៉ាងដាច់ខាតចំពោះរាល់សកម្មភាពទាំងឡាយណា ដែលធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

លោកបានសរសេរទៀតថា «ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានយកចិត្តទុកដាក់លើបញ្ហានេះយ៉ាងខ្លាំង រួចបានបើកការស៊ើបអង្កេតភ្លាមៗ។ ជាលទ្ធផលបានឲ្យដឹងថា បច្ចុប្បន្ននេះនៅក្នុងសួនឧស្សាហកម្មនេះ មានសហគ្រាសចំនួន២៩ បានធ្វើការនាំចេញ [ផលិតផលរបស់ខ្លួន] ទៅកាន់សហរដ្ឋអាមេរិក ហើយនៅក្នុងពេលថ្មីៗនេះ គឺមិនមានការរារាំង ឬរងការស៊ើបអង្កេត​ ឬពិន័យពីសំណាក់គយ និងរដ្ឋាកររបស់សហរដ្ឋអាមេរិកនោះទេ។ យើងខ្ញុំមានអារម្មណ៍សោកស្តាយយ៉ាងខ្លាំងចំពោះសេចក្តីរាយការណ៍មិនពិតរបស់សារព័ត៌មាន ដែលបានធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុយើងខ្ញុំ ដូចពាក្យចាស់បុរាណបានពោលថា មាសសុទ្ធមិនខ្លាចភ្លើង។

«ក្នុងនាមជាគម្រោងធំធេងនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់មួយ-ផ្លូវមួយ» រវាងកម្ពុជា-ចិន តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ដែលបង្កើតរួមគ្នាដោយសហគ្រិនកម្ពុជា-ចិន​ ប្តេជ្ញាថា នឹងសាងសង់ និងគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស ដោយអនុវត្តតាមច្បាប់ និងបទប្បញ្ញតិ នៅក្នុងព្រះរាជាណាចក្រកម្ពុជា​ ព្រមទាំងប្រឆាំងជាដាច់ខាតនូវរាល់សកម្មភាពល្មើសច្បាប់ទាំងអស់។ នៅថ្ងៃមុខ ថ្ងៃក្រោយ យើងខ្ញុំក៏នៅតែបន្តធ្វើអាជីវកម្មដោយស្របច្បាប់ ព្រមទាំងរឹតបណ្តឹងការគ្រប់គ្រងសហគ្រាសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសផងដែរ ដើម្បីដំណើរការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ឲ្យកាន់តែប្រសើរឡើង»៕