លោក ច័ន្ទ សុផល នាយកវិទ្យាស្ថានសិក្សាគោលនយោបាយបានមានប្រសាសន៍បាត់ទុកថា ទីផ្សារភាគហ៊ុននៅកម្ពុជាយើងកន្លងមកមានភាពមួយទាបនៅឡើយ ដោយសារតែចំនួនក្រុមហ៊ុនចុះបញ្ជីនិងចូលរួមនៅតិចមិនទាន់ដំណើរការបានទូលំទូលាយទេ ។ ប៉ុន្តែបើសិនជាមានក្រុមហ៊ុនចុះបញ្ជីច្រើនទៀតកាន់តែល្អសម្រាប់ទីផ្សារភាគហ៊ុនដែលសង្ឃឹមទីផ្សារមួយនេះនឹងដំណើរការទៅថ្ងៃខាងមុខ។
លោក ច័ន្ទ សុផល បានពន្យល់ថា«ចំណែកវិស័យសេដ្ឋកិច្ច បើសិនទីផ្សារភាគហ៊ុនល្អនឹងជួយជំរុញឲ្យមានការទាក់ទាញអ្នកវិនិយោគច្រើនថែមទៀត ហើយអ្នកវិនិយោគខ្លះបានដាក់ទុនចូលហើយពួកគាត់ចង់លក់ហ៊ុននោះចេញវិញ តាមរយៈផ្សារភាគហ៊ុន ប៉ុន្តែបើសិនជាយើងមិនមានផ្សារភាគហ៊ុនទូលំទូលាយទេនោះ គឺពិបាកទាក់ទាញអ្នកវិនិយោគ»។
លោកបន្តទៀតថា វិស័យនេះដើរល្អនៅពេលដែលសេដ្ឋកិច្ចកម្ពុជាយើងលូតលាស់ដល់កម្រិតមួយមានក្រុមហ៊ុនអនុវត្តទៅតាមគោលការណ៍ច្បាប់ស្ទើរតែ១០០% ទើបអាចឲ្យចុះបញ្ជីលក់ភាគហ៊ុនបាន ពីព្រោះអាចយកទុនពីសាធារណៈជនទៅប្រើប្រាស់ ពោលសាធារណៈមួយចំនួនមិនស្គាល់ការគ្រប់គ្រងរបស់ក្រុមហ៊ុនទេ មានតែច្បាប់ទេ ដែលអាចការពារពួកគាត់បានដូច្នោះត្រូវបង្ខំចិត្តឲ្យក្រុមហ៊ុនទាំងអស់គោរពទាំងច្បាប់ការងារ ច្បាប់គណនេយ្យ និងច្បាប់ហិរញ្ញវត្ថុទាំងអស់ឲ្យបានពេញលេញ។
លោកបានន្យល់ទៀតថា នៅកម្ពុជាយើងស្ថានភាពនៃការរីកចម្រើនលើវិស័យមូលបត្រនៅមានកម្រិតដែរ ដោយសារតែសេដ្ឋកិច្ចកំពុងតែមានការអភិវឌ្ឍន៍។ ជាទូទៅជាក់ស្តែងប្រទេសផ្សេងដូចនៅឥណ្ឌូនេស៊ីមានការអភិវឌ្ឍជាងយើងផងក៏មិនទាន់មានទីផ្សារភាគហ៊ុនច្រើននៅឡើយទេ បូកនិងប្រទេសថៃផងនោះ។
អ្នកជំនាញសេដ្ឋកិច្ចបន្ថែមថា សំខាន់ក្រុមហ៊ុនដែលត្រូវការទុនបន្ថែមទៀតពីក្រុមហ៊ុនផ្សារមូលបត្រគេមានប្រភពផ្សេងៗគ្នាដូចជាខាងធនាគារ និងមីក្រូហិរញ្ញវត្ថុ និងសាធារណៈជនតាមរយៈផ្សារមូលបត្រ ហើយប្រជាជនយើងកន្លងមកមិនបានយល់ដឹងច្រើនពីវិស័យមូលបត្រនេះ ដែលត្រូវការពេលវេលាបន្ថែមទៀត។
ថ្មីៗនេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលមានម្ចាស់ភាគហ៊ុនចិន និងកម្ពុជាបានសម្រេចធ្វើការអភិវឌ្ឍឱ្យមានលក្ខណៈស្តង់ដារ និងកំពុងរៀបចំខ្លួនក្នុងការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ (IPO) និងចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា ហើយតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុចាប់ផ្តើមរៀបចំឯកសារ និងដំណើរការនីតិវិធី ដើម្បីក្លាយជាក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា។
តាមសេចក្តីប្រកាសព័ត៌មាន តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានបំណងបោះផ្សាយលក់មូលបត្រកម្មសិទិ្ធជាសាធារណៈ និងចុះបញ្ជីនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ដើម្បីបង្កើនទុនបន្ថែមតាមរយៈទីផ្សារមូលបត្រ ជំរុញការអភិវឌ្ឍតំបន់ឱ្យមានគុណភាពខ្ពស់ និងរួមចំណែកកាន់តែច្រើន ក្នុងការអភិវឌ្ឍនសេដ្ឋកិច្ចនៃប្រទេសកម្ពុជា។
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមានសហគ្រាសជាង ៣០០ នឹងចាប់ផ្តើមអាជីវកម្មរបស់ខ្លួន ហើយក្នុងនោះដែរកម្មករនិយោជិត ចំនួនប្រមាណ៨០ពាន់ទៅ១០០ ពាន់នាក់នឹងទទួលបានការងារ ធ្វើដើម្បីបម្រើឱ្យឧទ្យានអេកូឡូស៊ី មានសកម្មភាពទៅមុខយ៉ាងពេញលេញ៕