លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម នាល្ងាចថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥ នៅរដ្ឋធានីហាណូយ។ ជំនួបនេះធ្វើឡើងក្នុងឱកាសបំពេញបេសកកម្មចូលរួមកិច្ចប្រជុំទ្វេភាគីកម្ពុជា-វៀតណាម។
ក្នុងជំនួបនោះ លោកជំទាវ ចម និម្មល បានថ្លែងអំណរគុណដល់នាយករដ្ឋមន្ត្រីវៀតណាម និងបាននាំនូវការសាកសួរសុខទុក្ខពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ លោកជំទាវក៏បានអបអរសាទរវៀតណាមក្នុងឱកាសខួបលើកទី៥០ នៃទិវារំដោះភាគខាងត្បូងវៀតណាម និងបង្រួបបង្រួមជាតិ។
លោកជំទាវរដ្ឋមន្ត្រីបានជម្រាបជូនពីលទ្ធផលសំខាន់ៗនៃកិច្ចប្រជុំទ្វេភាគីកម្ពុជា-វៀតណាម ដោយផ្តោតលើការបង្កើនទំហំពាណិជ្ជកម្មតាមរយៈការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន អាស៊ានបូកមួយ និងអាសិប ការចុះហត្ថលេខាលើកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគី ២០២៥-២០២៦ និងការពិនិត្យលទ្ធភាពបង្កើតគណៈកម្មាធិការពាណិជ្ជកម្មចម្រុះ ដើម្បីសម្រេចគោលដៅទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារអាម៉េរិក។
ឯកឧត្តម Pham Minh Chinh បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍ និងសមិទ្ធផលរបស់កម្ពុជា និងបានផ្ញើការសាកសួរសុខទុក្ខដល់ព្រះមហាក្សត្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ឯកឧត្តមបានគាំទ្រគំនិតផ្តួចផ្តើមបង្កើតគណៈកម្មាធិការពាណិជ្ជកម្មចម្រុះ និងជំរុញឱ្យក្រសួងទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីសម្រេចគោលដៅពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ។