ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) នៅទី២៨ ខែមេសា ឆ្នាំ២០២៥ នេះបានរៀបចំ “ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលរបស់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា” ក្រោមអធិបតី-ភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាន គ.ល.ក. ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអនុប្រធាន និងសមាជិក គ.ល.ក., ឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត និងស្នងការនៃស្នងការដ្ឋានរាជធានី-ខេត្ត (រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តបន្ទាយមានជ័យ និងខេត្តស្វាយរៀង), លោកអ្នកឧកញ៉ា, អ្នកឧកញ៉ា, ឧកញ៉ា, លោក, លោកស្រីជាប្រតិបត្តិករ និង/ឬកម្មសិទ្ធិករកាស៊ីណូ, អ្នកសារព័ត៌មាន, ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរបស់ គ.ល.ក. សរុបចំនួនប្រមាណ ២៥០នាក់។
យោងតាមសេចក្ដីប្រកាសព័ត៌មានឲ្យដឹងថា អគាររដ្ឋបាលរបស់ គ.ល.ក. ដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ មានទីតាំងស្ថិតនៅអគារលេខ២៥បេ, វិថីសម្ដេចប៉ាន (២១៤), សង្កាត់បឹងរាំង, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ។អគារនេះជាសមិទ្ធផលប្រកបដោយមោទនភាព និងជាសញ្ញានៃការបោះជំហានទៅមុខប្រកបដោយភាពស្វាហាប់របស់ គ.ល.ក. ដែលមានអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. ជាសេនាធិការក្នុងការបំពេញបេសក- កម្មរបស់ខ្លួន នៅក្នុងដំណាក់កាលបន្តបន្ទាប់ខាងមុខ សំដៅពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងវិស័យល្បែងពាណិជ្ជកម្ម និងគុណភាពនៃការផ្តល់សេវា, ផ្តល់ភាពងាយស្រួលក្នុងការទំនាក់ទំនងការងារ ក៏ដូចជាបង្កើនការជឿទុកចិត្តពីសំណាក់ប្រតិបត្តិករ និង/ឬកម្មសិទ្ធិករល្បែងពាណិជ្ជកម្ម, អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ, និងសាធារណជនទូទៅ ជាពិសេស គឺដើម្បីបង្ហាញពីអត្តសញ្ញាណរបស់ស្ថាប័នទៅកាន់ភាគីពាក់ព័ន្ធ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលលើការគ្រប់គ្រងវិស័យមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាព ចីរភាព និងជវភាពខ្ពស់។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងសាធារណជនជាតិនិងអន្តរជាតិ មេត្តាជ្រាបជាព័ត៌មាន។