អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានកិត្តិយស សូមជម្រាបជូនដំណឹង ដល់អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រីជាម្ចាស់ផ្ទះសំបុកត្រចៀកកាំ និងកន្លែងកែច្នៃ បឋមសំបុកត្រចៀកកាំ ជ្រាបថា ពិធីសារស្តីពី “លក្ខខណ្ឌតម្រូវក្នុងការធ្វើអធិការកិច្ច ចត្តាឡីស័ក និងអនាម័យសម្រាប់ នាំចេញសំបុកត្រចៀកកាំមិនទាន់សម្អាត និងសំបុកត្រចៀកកាំដែលបានសម្អាតពីកម្ពុជាទៅចិន” បានចុះហត្ថលេខា ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអគ្គរដ្ឋបាលគយ នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ កន្លងទៅថ្មីៗនេះ។
អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអំពាវនាវ ដល់ម្ចាស់ផ្ទះសំបុកត្រចៀកកាំ និងកន្លែងកែច្នៃបឋមសំបុកត្រចៀកកាំ ដែលមានបំណងនាំចេញ សំបុកត្រចៀកកាំ ដែលមិនទាន់សម្អាត និងសំបុកត្រចៀកកាំដែលបានសម្អាតទៅកាន់ប្រទេសចិន សូមដាក់ពាក្យស្នើសុំនៅអគ្គនាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វ ទៅតាមគំរូស្នើសុំដូចមានជូនភ្ជាប់នឹងសេចក្តីជូនដំណឹងនេះ។
បន្ទាប់ពីទទួលបាននូវពាក្យស្នើសុំ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នឹងធ្វើការត្រួតពិនិត្យ និងវាយតម្លៃ ដោយអនុលោមទៅតាមបទដ្ឋានបច្ចេកទេសពាក់ព័ន្ធ ដូចមានកំណត់ក្នុងពិធីសារ និងសម្របសម្រួល ជាមួយភាគីគយចិនដើម្បីនាំចេញ។
សម្រាប់ព័ត៌មានបន្ថែមពាក់ព័ន្ធ ការដាក់ពាក្យស្នើសុំនេះ សូមទាក់ទងមកកាន់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជាអង្គភាពជំនាញមានសមត្ថកិច្ចទទួលបន្ទុក ការងារពាក់ព័ន្ធការចចារស្តីពីលក្ខខណ្ឌតម្រូវតាមអនាម័យ ដើម្បីជំរុញការនាំចេញសត្វ និងផលិតផលសត្វទៅកាន់ ប្រទេសនានា រួមទាំងប្រទេសចិនផងដែរ តាមរយៈទូរស័ព្ទទំនាក់ទំនងលេខ ០៨៩ ៨៤៧ ៧០៨, ០១២ ៤៨៣ ៥៧៨។