ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ រដ្ឋសភាបានកំពុងធ្វើកំណែទម្រង់ក្នុងការពង្រឹងគណនេយ្យភាព តម្លាភាព ស័ក្តិសិទ្ធិភាព និងការទទួលខុសត្រូវ ដើម្បីផ្តល់សេវាកម្មជូនតំណាងរាស្រ្តឱ្យបានកាន់តែល្អប្រសើរ

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធ នៃក្រសួង-ស្ថាប័ន របស់រាជរដ្ឋាភិបាល» បានមានប្រសាសន៏លើកឡើងថា ស្របពេលស្ថាប័ននីតិប្រតិបត្តិបានកំពុងអនុវត្តកំណែទម្រង់រដ្ឋបាលសាធារណៈនោះ ស្ថាប័នរដ្ឋសភា ក្នុងនីតិកាលទី៧នេះ ក៏បានដាក់ចេញនូវចក្ខុវិស័យ និងគោលដៅច្បាស់លាស់ ក្នុងការធ្វើកំណែទម្រង់ស៊ីជម្រៅ និងការលើកកម្ពស់អភិបាលកិច្ចល្អ តាមរយៈការពង្រឹងគណនេយ្យភាព តម្លាភាព ស័ក្តិសិទ្ធិភាព និងការទទួលខុសត្រូវ របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ដើម្បីផ្តល់សេវាកម្មជូនតំណាងរាស្រ្តឱ្យបានកាន់តែល្អប្រសើរទាន់ពេលវេលា មានប្រសិទ្ធភាព និងគុណភាពខ្ពស់ ផងដែរ។

សម្តេចប្រធានរដ្ឋសភាបានលើកឡើងថា ក្នុងរយៈពេល ២០ខែ កន្លងមកនេះ រដ្ឋសភាកម្ពុជាបានដាក់ចេញនូវវិធានការ និងអនុវត្តសកម្មភាពគន្លឹះមួយចំនួន មានដូចជា ការសិក្សាសង្គតិភាព នៃក្របខ័ណ្ឌលិខិតបទដ្ឋានគតិយុត្តក្នុងការគ្រប់គ្រងធនធានមនុស្សរវាងអគ្គលេខាធិការដ្ឋានរដ្ឋសភា រាជរដ្ឋាភិបាល និងស្ថាប័ននីតិប្បញ្ញត្តិទាំង៣ ដែលមានព្រឹទ្ធសភា រដ្ឋសភា និងក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ។ ការរៀបចំវិភាគមុខងារ និងកែសម្រួលរចនាសម្ព័ន្ធតួនាទីភារកិច្ច។ ការរៀបចំការធ្វើជំរឿនមន្ត្រី និងពង្រឹងការធ្វើបទពិពណ៌នាតួនាទីភារកិច្ចមន្ត្រីទាំងអស់ ដែលក្នុងនោះជំរុញដល់ការងារចាត់ចែងបែងចែកមន្ត្រីឱ្យស្របតាមតម្រូវការជាក់ស្តែងនៃអង្គភាព និងតាមជំនាញឯកទេស ក៏ដូចជាការបង្កើតយន្តការច្បាស់លាស់សម្រាប់ការកសាង និងអភិវឌ្ឍសមត្ថភាពធនធានមនុស្សប្រកបដោយចីរភាព ដើម្បីប្រែក្លាយមន្ត្រីដែលបម្រើការជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា ទៅជាមូលធនមនុស្សដ៏រឹងមាំ រួមនឹងការកំណត់នូវវិធានការគន្លឹះនានាដែលមានលក្ខណៈជាក់លាក់ អាចអនុវត្តបាន និងចំគោលដៅ។ ការពង្រឹងប្រសិទ្ធភាព នៃការគ្រប់គ្រងវត្តមានបុគ្គលិកប្រចាំថ្ងៃ តាមរយៈការដាក់ឱ្យដំណើរការប្រព័ន្ធឌីជីថលស្កេនមុខ (Face ID Scan) នៅច្រកចេញចូល។

តាមសម្តេចប្រធានរដ្ឋសភា វិធានការនេះ គ្រោងនឹងចាប់ផ្តើមនៅដើម ខែឧសភា ឆ្នាំ២០២៥។ ជាមួយគ្នានេះ អគ្គលេខាធិការដ្ឋានរដ្ឋសភា ក៏កំពុងអនុវត្តផែនការលើកកម្ពស់ប្រសិទ្ធភាព នៃការគ្រប់គ្រងលើសមិទ្ធផលការងាររបស់មន្ត្រី តាមរយៈរបាយការណ៍វាយតម្លៃលទ្ធផលការងារប្រចាំខែ ដែលនឹងត្រូវធ្វើឡើងតាមប្រព័ន្ធឌីជីថល។ ការរៀបចំប្រព័ន្ធលើកទឹកចិត្តដែលមានតម្លាភាព និងការពង្រឹងការអនុវត្តវិធានការវិន័យឱ្យមានប្រសិទ្ធភាព និង ការរៀបចំដាក់ឱ្យអនុវត្តប្រព័ន្ធរដ្ឋបាលអេឡិចត្រូនិច (E-Administration) សម្រាប់គម្រោងរដ្ឋសភាអេឡិចត្រូនិក (E-Parliament) ដែលនឹងគ្រោងដាក់ឱ្យដំណើការ ក្នុងខែឧសភា ឆ្នាំ២០២៥ នេះផងដែរ។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ដំណើរការកំណែទម្រង់ របស់រដ្ឋសភា ដើម្បីបង្រួបបង្រួម និងលើកកម្ពស់សាមគ្គីភាព មិនមែនជាលេសសម្រាប់ការបំបែកបំបាក់ ឬ ការបែងចែកបក្សពួកនោះទេ ប៉ុន្តែជាយុត្តិធម៌សម្រាប់ទំាងអស់គ្នា ដោយប្រកាន់យកគោលការណ៍ច្បាប់ គុណាធិបតេយ្យ ភាពត្រឹមត្រូវ យុត្តិធម៌ សមធម៌ និងតម្លាភាព គឺជាមូលដ្ឋានគ្រឹះ ។ វិធានការនេះបានចូលរួមចំណែកដ៏សំខាន់ដល់ការសន្សំថវិកាជាតិ ការពង្រឹងប្រសិទ្ធភាពការងារ ការលើកកម្ពស់គោលការណ៍គុណាធិបតេយ្យ ភាពយុត្តិធម៌ គណនេយ្យភាព តម្លាភាព ឱកាសស្មើគ្នាក្នុងការទទួលបានការលើកទឹកចិត្ត និងការជំរុញកំណែទម្រង់ឱ្យកាន់តែមានប្រសិទ្ធភាព ដោយមិនមានការរើសអើង។

សម្តេចប្រធានរដ្ឋសភាមានប្រសាសន៍បន្តថា រដ្ឋសភាក៏កំពុងខិតខំប្រឹងប្រែងកសាង និងអភិវឌ្ឍសមត្ថភាពមន្ត្រី តាមរយៈការផ្តល់ឱកាសបណ្តុះបណ្តាលទាំងក្នុង និងក្រៅរដ្ឋសភា ជាពិសេសការពង្រឹងសមត្ថភាពស្រាវជ្រាវទូទៅ និងស្រាវជ្រាវកិច្ចការសភា។ គោលបំណងគឺដើម្បីពង្រឹង និងពង្រីកការយល់ដឹងអំពីការតាក់តែងច្បាប់ បទបញ្ញត្តិគោលនយោបាយ និងការវិភាគវាយតម្លៃ ដោយផ្អែកលើទិន្នន័យវិទ្យាសាស្ត្រច្បាស់លាស់ ដែលនឹងជួយរដ្ឋសភាបង្កើនមូលធនមនុស្ស និងសមត្ថភាព ស្ថាប័នក្នុងការសិក្សាស្រាវជ្រាវ។ សម្តេចប្រធានរដ្ឋសភាបានថ្លែងអំណរគុណជូនថ្នាក់ដឹកនាំ សមាជិកសមាជិការដ្ឋសភានិងថ្នាក់ដឹកនាំ ក៏ដូចជាមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាទំាងអស់ ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពកំណែទម្រង់របស់អគ្គលេខាធិការដ្ឋានរដ្ឋសភានេះ។

សូមជម្រាបថានៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ រដ្ឋសភាបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធ នៃក្រសួង-ស្ថាប័ន របស់រាជរដ្ឋាភិបាល» ដែលសហការរៀបចំឡើងដោយ គណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែននៃរដ្ឋសភា និងព្រឹទ្ធសភា ជាមួយ ក្រសួងមុខងារសាធារណៈ ក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយពីវឌ្ឍនភាពការងារ និងទិសដៅអនុវត្តបន្តរបស់ក្រសួងមុខងារសាធារណៈ ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕