ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ សហគ្រាស គ្រឹះស្ថានថ្មី កើនឡើងចំនួនជាង៤០០សហគ្រាស ហើយចំនួនកម្មករនិយោជិត បានកើនឡើងជាង៣ម៉ឺននាក់

ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួ ១៧២គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ២,៥ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ប្រមាណជិត ១២ម៉ឺនកន្លែង ក្នុងនោះគម្រោងពង្រីកផលិតកម្មមានចំនួន ៦គម្រោង។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ក្នុងត្រីមាស ទី១ ឆ្នាំ២០២៥ ដដែលនេះ សហគ្រាស គ្រឹះស្ថាន បានកើនឡើងពីចំនួន ៤៤ ៧៩៨ ដល់ចំនួន ៤៥ ២៥៥សហគ្រាស កើនឡើងចំនួន ៤៥៧សហគ្រាស ហើយចំនួនកម្មករនិយោជិត បានកើនឡើងពីចំនួន ១ ៨១៦ ០៤៦នាក់ ដល់ចំនួន ១ ៨៤៦ ៨៣៧នាក់ កើនឡើងចំនួន ៣០ ៧៩១នាក់។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តទៀតថា រាជរដ្ឋាភិបាលក៏បានបន្តខិតខំលើកកម្ពស់សេរីភាពអង្គការវិជ្ជាជីវៈ ស្របតាមច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព ច្បាប់ស្តីពីរបបសន្តិសុខសង្គម ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា និងបទដ្ឋានអន្តរជាតិខាង ការងារ។ ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ នេះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះបញ្ជីកាអង្គការ វិជ្ជាជីវៈថ្មីចំនួន ៨៩ ដែលបានធ្វើឱ្យអង្គការវិជ្ជាជីវៈឡើងដល់សរុបចំនួន ៦ ៦០០ ក្នុងនោះ សហភាពសហជីព ចំនួន ៤២ សហព័ន្ធសហជីពចំនួន ២៨១ សហជីពមូលដ្ឋានចំនួន ៦ ២៦៥ និងសមាគមនិយោជកចំនួន ១២៕ អត្ថបទ៖ វិទ្យុជាតិ