ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ជំនួបរវាងរដ្ឋមន្ត្រីក្រសួងធនធានទឹក និង ADB ជុំវិញកិច្ចសហប្រតិបត្តិការលើវិស័យទឹក និងផែនការទន្លេមេគង្គ

ភ្នំពេញ, ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ – រដ្ឋមន្ត្រី ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយលោក Anthony Gill ប្រធានផ្នែកប្រតិបត្តិការប្រចាំប្រទេស នៅទីស្តីការក្រសួង។

កិច្ចជំនួបនេះផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការរវាងក្រសួង និង ADB ក្នុងការអភិវឌ្ឍវិស័យធនធានទឹកនៅកម្ពុជា ជាពិសេសការធ្វើទំនើបកម្មវិស្វកម្មវិស័យហេដ្ឋារចនាសម្ព័ន្ធទឹក ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។ រដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះ ADB សម្រាប់ការចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា តាមរយៈគម្រោងសំខាន់ៗដូចជា គម្រោងកែលម្អវិស័យធារាសាស្រ្ត (IAIP) និងគម្រោងការគ្រប់គ្រងវិស័យធនធានទឹកដោយវិធានការចម្រុះ (IWRMP) ដែលគាំទ្រដល់យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

លោក Anthony Gill បានថ្លែងអំណរគុណចំពោះ រដ្ឋមន្ត្រី និងបានជម្រាបជូនពីគោលបំណងនៃបេសកកម្មរបស់ ADB ក្នុងការពិគ្រោះយោបល់សម្រាប់គម្រោងគ្រប់គ្រងធនធានទឹកដោយវិធានការចម្រុះទីពីរ និងពិភាក្សាលើសំណើជំនួយបច្ចេកទេសសម្រាប់គម្រោងកសាងផែនការមេអាងទន្លេកម្ពុជាដែលមានភាពធន់។

ជាការឆ្លើយតប រដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ ADB ដើម្បីជួយជំរុញការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា។ រដ្ឋមន្ត្រី ក៏បានគាំទ្រចំពោះគំនិតផ្តួចផ្តើមក្នុងការរៀបចំផែនការមេអាងទន្លេមេគង្គកម្ពុជា ដោយចាត់ទុកថាវាមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍយុទ្ធសាស្ត្ររយៈពេលវែង សំដៅពង្រឹងសន្តិសុខទឹក ភាពធន់នឹងអាកាសធាតុ និងការគ្រប់គ្រងធនធានទឹកប្រកបដោយនិរន្តរភាព ដើម្បីរួមចំណែកដល់ការរីកចម្រើនសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាពរបស់កម្ពុជា។