នៅក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោកថ្ងៃទី៣ឧសភាឆ្នាំ២០២៥នេះ ប្រមុខរដ្ឋាភិបាលបានអំពាវនាវឱ្យអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ទាំងអស់ រួមមានអ្នកសារព័ត៌មាន អ្នកផលិតមាតិកាជាដើម ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួនល្អនូវក្រមសីលធម៌វិជ្ជាជីវៈ សារព័ត៌មាន ដើម្បីធានាបាននូវសន្តិសុខព័ត៌មាន ពោលគឺការធានាបានសិទ្ធិទទួលព័ត៌មានរបស់ពលរដ្ឋ។
ការអំពាវនាវនេះបានធ្វើនៅក្នុងសារលិខិតប្រមុខរដ្ឋាភិបាលក្នុងឱកាសក្នុងឱកាសទិវាសេរីភាព សារព័ត៌មានពិភពលោកលើកទី៣២ថ្ងៃទី៣ឧសភាឆ្នាំ២០២៥នេះ ដោយសម្តេចបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី បានលើកអំពីបរិបទនៃការរីកចម្រើន ផ្នែកបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត ដែលបណ្តាលឱ្យមានការប្រែប្រួលនៃប្រតិបត្តិការផ្នែកកិច្ចការព័ត៌មាន និងការផ្សព្វផ្សាយ។
សម្តេចបវរធិបតីបានណែនាំដល់បងប្អូនអ្នកសារព័ត៌មានអោយបន្តពង្រឹងសមត្ថភាព ជំនាញបច្ចេកទេស និងវិជ្ជាជីវៈជាពិសេសធ្វើអក្ខរកម្មឌីជីថល អក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីលើកកម្ពស់គុណភាពព័ត៌មាន សណ្តាប់ធ្នាប់ព័ត៌មាន សុវត្ថិភាពព័ត៌មាន និងកិត្យានុភាពស្ថាប័ន សារព័ត៌មាន ក៏ដូចជាកសាងជំនឿ ទុកចិត្តកាន់តែខ្លាំងរបស់ពលរដ្ឋលើសារព័ត៌មាន។
សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបានមើលឃើញពីវឌ្ឍនភាព គួរឱ្យកត់សម្គាល់ក្នុង ការធ្វើបរិវត្តកម្មឌីជីថល និងការទទួលបានព័ត៌មាន ដែលសារព័ត៌មានបានបន្តធ្វើ ជាស្ពានតភ្ជាប់រវាងប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល។ ជាការពិត បរិវិត្តកម្មនៃបញ្ញាសិប្បនិម្មិតទៅក្នុង វិស័យព័ត៌មាននិងសោតទស្សន៍ បាននាំមកនូវអត្ថប្រយោជន៍យ៉ាងច្រើន រួមមានការប្រើប្រាស់ច្រើនភាសា និងការវិភាគទិន្នន័យ សម្រាប់ការផលិតមាតិការសម្បូរណ៍បែបដើម្បី ផ្សព្វផ្សាយ និងចែកចាយបានរហ័សនិងចំគោលដៅ។ ការផ្សព្វផ្សាយនូវមាតិកានិងខ្លឹមសារសម្បូរណ៍បែបនេះ បានផ្តល់ឱ្យប្រជាពលរដ្ឋ នូវ សេរីភាពខាងផ្នែកបញ្ចេញមតិ និងការទទួលបានព័ត៌មាន យ៉ាងទូលំទូលាយ។
ទោះជាយ៉ាងណាក៏ដោយ ភាពជឿនលឿនទាំងនេះ ក៏បាននាំមកនូវហានិភ័យនៃព័ត៌មានក្លែងក្លាយ ដែលបង្កើតដោយបច្ចេកវិទ្យានៅពេលដែលគេប្រើបញ្ញាសិប្បនិម្មិតទៅផលិតសំឡេងនិងមុខមាត់បុគ្គលណាម្នាក់ ថ្នាក់ដឹកនាំណាម្នាក់យកទៅប្រើប្រាស់សម្រាប់ បោកបញ្ឆោត ការផ្សព្វផ្សាយព័ត៌មានមិនពិត ក្នុងចេតនាអវិជ្ជមាន ប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ ប៉ះពាល់ដល់សង្គម វប្បធម៌ សិទ្ធិឯកជន និងសេចក្តីថ្លៃថ្នូររបស់ មនុស្សជាតិផងដែរ។ ទន្ទឹមនេះការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដើម្បីផលិតមាតិការព័ត៌មាន បានធ្វើឱ្យអ្នកសារព័ត៌មាន មានការទទួលខុសត្រូវតិចជាងមុន ដោយមួយផ្នែកវាបានធ្វើអោយអង្គភាពសារព័ត៌មាននោះបាត់បង់ ឯករាជ្យភាព និងបាត់បង់សេរីភាព របស់ខ្លួនទៀតផង។
ការបង្កើតព័ត៌មានក្លែងក្លាយទាំងនេះបានធ្វើឱ្យមានការភាន់ច្រឡំ បង្កភាពវឹកវរនិងអស្ថិរភាពក្នុងសង្គម ។
ដូចនេះ យើងត្រូវរួមគ្នា ដើម្បីអោយសង្គមធានាបានសន្តិសុខព័ត៌មាន គឺការទទួល ព័ត៌មានប្រកបដោយគុណភាព និងសុវត្ថិភាព តាមរយៈ ការគ្រប់គ្រងការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាព។ ដើម្បីទប់ស្កាត់គ្រោះថ្នាក់ និងកាត់បន្ថយហានិភ័យនៃការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងការប្រើប្រាស់បច្ចេកវិទ្យាទំនើបទាំងនេះ គឺត្រូវធ្វើឡើងដោយធានាបានតុល្យភាព រវាង ការទាញយកប្រយោជន៍ និងការគ្រប់គ្រងហានិភ័យ។
សរុបសេចក្តីទៅ ស្ថិតនៅក្នុងបរិបទផលប៉ះពាល់នៃបញ្ញាសិប្បនិម្មិត លើសេរីភាពសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ទាមទារអោយអ្នកសារព័ត៌មាន ត្រូវចេះប្រើប្រាស់បញ្ញាសិប្បនិម្មិតនៅ ក្នុងការផលិតមាតិការព័ត៌មាន ប្រកបដោយក្រមសីលធម៌ខ្ពស់ ហើយគិតផលប្រយោជន៍ជាតិនិង ប្រជាពលរដ្ឋជាធំ។
ក្នុងបរិបទនេះ សម្តេចបវរធិបតី បានណែនាំអោយក្រសួងព័ត៌មាន រៀបចំកំណត់គោលការណ៍ណែនាំ នៃក្រមសីលធម៌ស្តីពីការប្រើប្រាស់បញ្ញាសិប្បនិម្មិត ក្នុងការប្រមូលព័ត៌មាន ផលិត ផ្សព្វផ្សាយ និងចែកចាយបន្ត ដើម្បីរក្សានិងបង្កើនទំនុកចិត្តលើ ព័ត៌មានដែលបានផលិតនិងផ្សព្វផ្សាយ និងទប់ស្កាត់ព័ត៌មានក្លែងក្លាយ ដែលមាននៅក្នុងប្រព័ន្ធផ្សព្វផ្សាយនិងបណ្តាញសង្គមនៅកម្ពុជា៕