ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រាជរដ្ឋាភិបាលនឹងពង្រីកថវិកាកម្មវិធីជា បណ្តើរៗទៅនឹងគោលនយោបាយថ្នាក់ក្រោមជាតិ

 

ភ្នំពេញ៖ លោក ជូ គឹមឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានដាក់ចេញផែនការសកម្មភាពកែទម្រង់  ពង្រឹង និងពង្រីកការអនុវត្តថវិកាកម្មវិធីជាបណ្តើរៗ ដើម្បីធានាឱ្យបានការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយរដ្ឋបាលថ្នាក់ក្រោមជាតិ ។

លោក រដ្ឋលេខាធិការ មានប្រសាសន៍បែបនជនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយខ្លឹមសារ យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០១៩-២០២៥ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០១៩ ។

យុទ្ធសាស្រ្តនៃការកែទម្រង់នេះ គឺជាឯកសារតម្រង់ទិស ដែលបានកំណត់អំពីទិសដៅ និងក្របខ័ណ្ឌពេលវេលាច្បាស់លាស់ និងបានដាក់ចេញផែនការសកម្មភាពកែទម្រង់ដែលមានសង្គតិភាព ជាមួយនឹងប្រព័ន្ធថវិកាជាតិ ដោយផ្សាភ្ជាប់នឹងអភិក្រម សាមញ្ញ ទន់ភ្លន់ តម្លាភាព និងគណនេយ្យភាព ស្របទៅតាមសមត្ថភាព និងបរិការណ៍ជាក់ស្តែងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

គោលបំណងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវតម្រឹមជាមួយនឹងគោលបំណង និងអាទិភាគោលនយោបាយជាតិ ក្នុងនោះរដ្ឋបាលថ្នាក់ក្រោមជាតិទាំងបីកម្រិត គ្រោងនឹងធ្វើផែនការសកម្មភាពមានលក្ខណៈប្រមូលផ្តុំ ដើម្បីតម្រង់ទិស បែងចែកមុខងារ និងកំណត់ការទទួលខុសត្រូវឱ្យកាន់តែច្បាស់លាស់ជាងមុន សម្រាប់ជាមូលដ្ឋានក្នុងការតម្រឹមជាមួយផែនការរបស់មន្ទីរជំនាញរាជធានី ខេត្ត។

សូមបញ្ជាក់ថា ឆ្នាំ២០១៩នេះ សម្រាប់ការអភិវឌ្ឍន៍នៅថ្នាក់ក្រោមជាតិ រាជរដ្ឋាភិបាលគ្រោងចំណាយថវិកាសរុបចំនួនប្រមាណ ៥៤៣ លានដុល្លាអាមេរិក និងថវិការចូលរួមចំណែកពីដៃគូអភិវឌ្ឍមានចំនួន ៤៤លានដុល្លាអាមេរិក។ បើប្រៀបធៀបទៅឆ្នាំ២០១៨ មានការកើនឡើងប្រមាណ ១២៧ លានដុល្លាអាមេរិក គឺបានដោយសាកំណើនសេដ្ឋកិច្ចជាតិ រួមជាមួយការបង្កើនអត្រាចូលរួមរបស់ថវិការដ្ឋ ទៅក្នុងមូលនិធិឃុំ/សង្កាត់ និងមូលនិធិ ក្រុង/ស្រុក និងការបង្កើនឲ្យមានប្រភពចំណូលផ្សេងៗទៀត សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ៕