ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) បានឯកភាពគ្នាចុះកិច្ចព្រមព្រៀង ក្រោមគម្រោង «ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ» ដើម្បីជំរុញការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ សម្រាប់យុវជនដែលងាយរងហានិភ័យ និងប្រជាពលរដ្ឋកម្ពុជាទូទៅ។កម្មវិធីចុះហត្ថលេខានេះ បានប្រព្រឹត្តទៅ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព រដ្ឋមន្រ្តី ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកស្រី ហ្គោកឺឡាំងដេប៉ាលីយែរ លក្ខិណា (Gauquelin des Pallières Leakhena) នាយិកាគ្រប់គ្រងទូទៅនៃអង្គការ PSE ក្រោមគម្រោង«ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ» ដើម្បីជំរុញការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់យុវជនដែលងាយរងហានិភ័យ និងប្រជាពលរដ្ឋកម្ពុជាទូទៅ។រដ្ឋមន្រ្តី បានមានប្រសាសន៍ថា អង្គការ PSE ជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាល តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីរួមចំណែកក្នុងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជនដែលងាយរងហានិភ័យឱ្យមានជំនាញមួយច្បាស់លាស់ប្រចាំជីវិត។ រដ្ឋមន្រ្តី បានកោតសរសើរចំពោះអង្គការ ដែលបានខិតខំប្រឹងប្រែងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការរួមចំណែកជួយដល់កុមាររងគ្រោះនាពេលកន្លងមក ហើយរួមចំណែកផ្ដល់ការអប់រំបណ្ដុះបណ្ដាល ធីវ៉េត ដែលជាការផលិតកម្លាំងពលកម្មសម្រាប់ផ្គត់ផ្គង់ដល់វិស័យឯកជនកំពុងមានតម្រូវការខ្ពស់នាពេលបច្ចុប្បន្ននេះ។រដ្ឋមន្រ្តី បានបញ្ជាក់ថា ការចុះកិច្ចព្រមព្រៀងនាពេលនេះ បង្ហាញពីការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័នយើងទាំងពីរ ក្នុងការអនុវត្តគម្រោងដំណាក់កាលទី២ ដែលមានរយៈពេល ៣ឆ្នាំទៅមុខ ដោយផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗដល់សិស្ស និស្សិតយ៉ាងច្រើនបន្ថែមទៀតព្រមទាំងបានបង្កើនឱកាសការងារនៅប្រទេសកម្ពុជា ផងដែរ។ក្នុងនាមអង្គការ PSE លោកស្រីនាយិកា បានលើកឡើងថា អង្គការបានទទួលកិច្ចសហការយ៉ាងជិតស្និទ្ធពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការសម្របសម្រួលបើកដំណើរការវិទ្យាស្ថាន PSE កាលពីឆ្នាំ២០១១ ដើម្បីផ្ដល់ឱកាសការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជនដែលងាយរងហានិភ័យ ស្របទៅតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។លោកស្រី បានបញ្ជាក់ថា អង្គការ PSE មានកិត្តិយសខ្លាំងណាស់ដែលបានចុះកិច្ចព្រមព្រៀងជាមួយក្រសួងការងារ សម្រាប់ឆ្នាំ២០២៥ ដល់ឆ្នាំ២០២៨ ដើម្បីផ្ដល់ឱកាសក្នុងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជនកម្ពុជាឱ្យមានជំនាញជាក់លាក់សម្រាប់កសាងអនាគត និងប្រទេសជាតិ៕





