ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) មានរៀបចំវេទិកាស្ដីពី “ការវិនិយោគនិងការធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (កអក)

ភ្នំពេញ: នាថ្ងៃព្រហស្បតិ៍ទី២ ខែតុលា ឆ្នាំ២០២៥នេះ នៅសាលាជាតិគយនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) មានរៀបចំវេទិកាស្ដីពី “ការវិនិយោគនិងការធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (កអក) ដោយមានការចូលរួមពីឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជនសម្រាប់យន្ដការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ហូ ស៊ីវយ៉ុង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម (កពណ) ឯកឧត្តម សុខ ពិសិដ្ឋ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាម៉េរិក (AmCham) សមាគមភស្តុភារកម្មកម្ពុជា (CLA) សមាគមផលិតគ្រឿងអេឡិចត្រូនិកនិងបច្ចេកវិទ្យាកម្ពុជា ជើងសាគយ រួមជាមួយថ្នាក់ដឹកនាំនិងមន្ដ្រីពីក្រសួង-ស្ថាប័នប្រមាណ ១០០ រូប និងវិស័យឯកជនជាតិនិងអន្ដរជាតិប្រមាណ ២៤០ រូប សរុបប្រមាណ ៣៤០ រូប។
វេទិកានេះមានគោលបំណងផ្សព្វផ្សាយអំពីច្បាប់និងបទប្បញ្ញត្ដិជាធរមាន ដល់វិនិយោគិនក្នុងវិស័យឧស្សាហកម្មកែច្នៃនាំចេញទៅសហរដ្ឋអាម៉េរិក ដើម្បីចូលរួមចំណែកបង្ការនិងទប់ស្កាត់បទល្មើសបន្លំដើមកំណើតទំនិញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។
មានប្រសាសន៍ក្នុងពិធីបើកវេទិកា ឯកឧត្តម ស៊ុន ចាន់ថុល និងអ្នកឧកញ៉ា គិត ម៉េង បានសង្កត់ធ្ងន់លើផលប៉ះពាល់នៃការផ្ទេរមធ្យោបាយដឹកជញ្ជូននូវទំនិញដែលពុំអនុលោមតាមវិធានដើមកំណើត ដែលអាចនឹងប៉ះពាល់ដល់ឧស្សាហកម្មផលិតនាំចេញទៅសហរដ្ឋអាម៉េរិក និងជំរុញឱ្យ អគរ កអក និង កពណ ធ្វើការរួមគ្នាដោះស្រាយបញ្ហា និងជំរុញវិស័យឯកជន គោរពតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។
ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា ការទាក់ទាញវិនិយោគជាការលំបាកមួយហើយ តែការថែរក្សាវិនិយោគកាន់តែមានសារៈសំខាន់ រួមទាំងការទាក់ទាញវិនិយោគថ្មីៗបន្ថែមទៀត ហើយវិនិយោគិនក៏ត្រូវគោរពច្បាប់និងបទប្បញ្ញតិ្ត។
នៅក្នុងវេទិកានេះ មានការចូលរួមធ្វើបទបង្ហាញដោយលោក Casey Banett ប្រធានសភាពាណិជ្ជកម្មអាម៉េរិក លើប្រធានបទ “American Trade and Investment in Cambodia-Status and Overview”។ លោក Casey Banettក៏បានថ្លែងអំណរគុណចំពោះ អគរ ដែលបានចាត់វិធានការបង្ការនិងទប់ស្កាត់បទល្មើសបន្លំដើមកំណើតទំនិញនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក បានទាន់ពេលវេលា។
បន្ទាប់មក អង្គវេទិកាបានរៀបចំកិច្ចពិភាក្សា ដើម្បីឆ្លើយតបបញ្ហាប្រឈមនិងសំណូមពរដែលជាកង្វល់របស់វិស័យឯកជន ដោយវាគ្មិនមកពី អគរ កអក កពណ និងទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី។
បញ្ហានិងសំណូមពរដែលបានលើកឡើងត្រូវបានដោះស្រាយប្រកបដោយការទទួលខុសត្រូវ តាមនីតិវិធីច្បាប់ និងបទប្បញ្ញត្តិ។
ថ្លែងក្នុងពិធីបិទអង្គវេទិកា ឯកឧត្តមបណ្ឌិត គុណ ញឹម បានសង្កត់ធ្ងន់ថា ក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសបន្លំដើមកំណើតទំនិញ ជាពិសេសបទល្មើស ផ្ទេរមធ្យោបាយដឹកជញ្ជូន ដែលជាកង្វល់និងបញ្ហាដែលបានលើកឡើងដោយសហរដ្ឋអាម៉េរិក ក្រុមការងារអនុវត្តវិធានការបង្ការនិងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញនាំចេញទៅសហរដ្ឋអាម៉េរិក ត្រូវបានបង្កើត ហើយក្រុមការងារនេះនឹងរៀបចំ SOPសម្រាប់អនុវត្តរួមគ្នារវាង អគរ កអក និង កពណ។ ទន្ទឹមនេះ ក្រុមការងារត្រូវត្រៀមសហការជាមួយ Customs Border Protection (CBP) របស់សហរដ្ឋអាម៉េរិក ក្នុងករណី CBP ចុះអង្កេតក្រុមហ៊ុនវិនិយោគណាមួយក្នុងករណីមានការសង្ស័យបន្លំដើមកំណើតទំនិញ។
ជាមួយគ្នានេះ យើងត្រូវបន្តអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ហើយវិនិយោគិនត្រូវគោរពច្បាប់និងបទប្បញ្ញតិ្តជាធរមាន។
អគរ កអក កពណ និងទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានប្ដេជ្ញារួមគ្នាដោះស្រាយបញ្ហានិងសំណូមពររបស់វិនិយោគិន រួមទាំងបង្ការបទល្មើសបន្លំដើមកំណើតទំនិញ រក្សាទីផ្សារសហរដ្ឋអាម៉េរិក ទប់ស្កាត់ការដួលរលំនៃឧស្សាហកម្មនាំចេញទៅសហរដ្ឋអាម៉េរិក រក្សាវិនិយោគិនដែលមានស្រាប់ និងទាក់ទាញវិនិយោគិនថ្មីៗ ប្រកបដោយការទទួលខុសត្រូវ តម្លាភាព និងអនុលោមភាព។