ប្រធានាធិបតីចិនលោក Xi Jinping បានជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe ស្របពេលមានទំនាក់ទំនងកក់ក្ដៅរវាងប្រទេសទាំង២ ហើយទំនាក់ទំនងរវាងចិន និងជប៉ុនបានជាប់គាំងជាប្រវត្តិសាស្ត្រ ប៉ុន្តែក្តីកង្វល់លើគោលនយោបាយសហរដ្ឋអាមេរិក និងកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើងបានធ្វើឲ្យពួកគេងាកមករកការខិតជិតគ្នាវិញ។
លោក Xi និងលោក Abe តាមពិតទៅបានជួបគ្នានៅក្រៅកិច្ចប្រជុំ G20 ក្នុងទីក្រុងអូសាកាប្រទេសជប៉ុនប៉ុន្តែតាមពិតលោក Abe ចង់បើកទំព័ររជ្ជកាលថ្មីនៃទំនាក់ទំនងរវាងជប៉ុន និងចិន ដោយចាប់ដៃគ្នាជាមួយលោកប្រធានាធិបតី Xi។
មន្ត្រីមួយរូបរបស់ជប៉ុនបាននិយាយអះអាងថា មេដឹកនាំទាំង២បានយល់ព្រមធ្វើការរួមគ្នា ដើម្បីលើកកម្ពស់ពាណិជ្ជកម្មសេរី និងយុត្តិធម៌ បន្ទាប់ពីការផ្លាស់ប្ដូរដោយស្មោះត្រង់បំផុតនោះ។ វាគឺជាដំណើរបំពេញទស្សនកិច្ចផ្លូវការលើកដំបូង ដែលលោក Xi បានធ្វើដំណើរមកកាន់ប្រទេសជប៉ុន ចាប់តាំងពីលោកក្លាយជាប្រធានាធិបតីចិនកាលពីឆ្នាំ២០១៣។
នៅពេលចាប់ផ្ដើមកិច្ចប្រជុំរបស់ពួកគេកាលពីថ្ងៃព្រហស្បតិ៍ លោក Abe បានអញ្ជើញលោក Xi ឲ្យបំពេញទស្សនកិច្ចផ្លូវរដ្ឋម្ដងទៀត នៅឆ្នាំក្រោយមកកាន់ប្រទេសជប៉ុន។ លោក Abe រំលឹកថា ប្រហែលជាពេលរដូវផ្ការីកសាគូរ៉ាឆ្នាំក្រោយ លោកចង់ស្វាគមន៍លោកប្រធាន Xi ក្នុងនាមជាភ្ញៀវរដ្ឋមកកាន់ប្រទេសជប៉ុនហើយសង្ឃឹមថា នឹងធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំង២ កាន់តែល្អប្រសើរថែមមួយកម្រិតទៀត៕