លោកឧកញ៉ា លី ហួរ អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុលីហួរបានមានប្រសាសន៍ឲ្យដឹងនាពេលថ្មីៗនេះ ដោយលោកចាត់ទុកថា សក្តានុពលសេដ្ឋកិច្ចកម្ពុជាល្អ ទើបជំរុញឲ្យវិស័យមីក្រូហិរញ្ញវត្ថុនិងធនាគារនៅកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័សធ្វើឲ្យអ្នកវិនិយោគហ៊ានបោះទុនវិនិយោគលើគ្រប់វិស័យ។
លោកបានមានប្រសាសន៍ថា«ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ពីមួយឆ្នាំទៅមួយឆ្នាំវិស័យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាមានការរីកចម្រើនធ្វើឲ្យអ្នកវិនិយោគក្នុងស្រុកមានភាពកក់ក្តៅហ៊ានបោះទុនវិនិយោគលើវិស័យមីក្រួហិរញ្ញវត្ថុនិងធនាគារជាពិសេសស្របពេលដែលស្ថានភាពសេដ្ឋកិច្ចកម្ពុជាឈរឹងមាំក្នុងរង្វង់៧% ប្រចាំ»។
លោកឧកញ៉ាបលើកទៀតថា បច្ចុប្បន្នវិស័យកសិកម្មមានការរីកចម្រើនខ្លាំងធ្វើឲ្យវិស័យធនាគារ និងហិរញ្ញវត្ថុបានរីកចម្រើនជារៀងរាល់ឆ្នាំផងដែរ ហើយធ្វើឲ្យអ្នកវិនិយោគបរទេសមកវិនិយោគកាន់តែច្រើន និងបានផ្តល់ឥណទានជាប្រភពហិរញ្ញវត្ថុដល់សហគ្រាសធុនតូច និងមធ្យមកម្ពុជាដែលកំពុងតែមានតម្រូវការច្រើនសម្រាប់យកទៅពង្រីកអាជីវកម្ម ។
អ្នកវិនិយោគខាងលើបន្ថែមថា សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុលីហួរ និងគ្រឹះស្ថានផ្សេងទៀតនោះមុនផ្តល់ឥណទានដល់អតិថិជន គឺមានការត្រួតពិនិត្យត្រឹមត្រូវពីគម្រោងអាជីវកម្មរបស់ពួកគាត់ ហើយបើមិនមានផែនការច្បាស់លាស់ទេ គឺមិនផ្តល់ប្រាក់កម្ចីនិងឥណទានដល់អតិថិជននោះទេ។
សម្រាប់លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានអគ្គនាយកធនាគារអេស៊ីលីដាភីអិលស៊ីបានមានប្រសាសន៍ថា នៅពេលដែលឥណទានមានការលូតលាស់១៨,២% នៅពាក់កណ្តាលឆ្នាំ២០១៧ កន្លងទៅនេះ គឺបង្ហាញពីការលួតលាស់មួយល្អក្នុងវិស័យហិរញ្ញវត្ថុ ហើយកំណើននេះនឹងបន្តរឹងមាំបទៀត។
លោកបណ្ឌិតបញ្ជាក់ទៀតថា តាមពិតកន្លងទៅការខ្វល់ខ្វាយរបស់ធនាគារពិភពលោកនិងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិគឺមិនមែនជាបញ្ហាគួរឲ្យព្រួយបារម្ភនោះទេ ហើយសំរាប់កម្ពុជាវិញការលួតលាស់នេះអាចគ្រប់គ្រងបាននឹងមិនមានហានិភ័យកើតឡើងនោះទេ ដោយសារតែប្រព័ន្ធហិរញ្ញវត្ថុកម្ពុជារឹងមាំនិងអាចគ្រប់បាននៅឡើយ។
អ្នកជំនាញខាងលើបានបញ្ជាក់ទៀតថា«រាជរដ្ឋាភិបាលកម្ពុជាកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំងដល់វិស័យកសិកម្ម ហើយកន្លងមកការយកឥណទានទៅប្រើប្រាស់របស់ប្រជាពលរដ្ឋក្នុងវិស័យកសិកម្មនោះគឺ យកទៅចំគោលដៅតែម្តង»៕