(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ដូមីនិក វីល្លៀម (Dominic Williams) ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា និងបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយលោក Jonathan Ledger អ្នកជំនាញអន្តរជាតិក្នុងវិស័យ TVET និងគោលនយោបាយកម្លាំងពលកម្ម តំណាងឱ្យភាពជាដៃគូជំនាញរបស់ចក្រភពអង់គ្លេស (UK Skills Partnership-UKSP)។
នាឱកាសនោះ ឯកឧត្តម ហេង សួរ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម ដូមីនិក វីល្លៀម និងលោក Jonathan Ledger និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដែលបានផ្តល់ការគាំទ្រយូរអង្វែងដល់កម្ពុជា ក្នុងវិស័យអភិបាលកិច្ចការងារ អភិវឌ្ឍធនធានមនុស្ស តាមរយៈអាហារូបករណ៍ ការការពារពលករចំណាកស្រុក ការគាំទ្រផ្នែកគោលនយោបាយ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសការគាំទ្រនៅក្នុងវិស័យអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់ចក្រភពអង់គ្លេសក្នុងការគាំទ្រកម្ពុជាក្នុងដំណើរការចាកចេញពីឋានៈប្រទេសមានការអភិវឌ្ឍតិចតួច (LDC)។
ទន្ទឹមនឹងនោះ ឯកឧត្តម ដូមីនិក វីល្លៀម បានសម្តែងនូវសេចក្ដីរីករាយចំពោះការចុះ MoU នេះ ដោយលោកបានលើកឡើងថា ការអប់រំមានសារៈសំខាន់ណាស់សម្រាប់ដំណើរការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា។ នៅពេលដែលការចាកចេញពី LDC នៅពេលខាងមុខ វាមានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់កម្រិតជំនាញ ជាពិសេសដើម្បីបង្កើនផលិតភាពរបស់កម្លាំងពលកម្ម ដែលថែមទាំងដើម្បីមានជំនាញដែលអាចជួយអភិវឌ្ឍវិស័យសេដ្ឋកិច្ចថ្មីៗ និងមានសក្ដានុពល ដែលនឹងជួយឱ្យកម្ពុជាបន្តរីកចម្រើនទៅមុខក្នុងអនាគត។ ឯកឧត្តមរដ្ឋមន្រ្តី និង ឯកឧត្តម ដូមីនិក វីល្លៀម បានផ្លាស់ប្តូរយោបល់ពីការពង្រឹងទំនាក់ទំនងទ្វេភាគីផ្សេងៗ ដោយបានគូសបញ្ជាក់ឡើងវិញនូវការប្ដេជ្ញាចិត្តរួមគ្នា ក្នុងការបន្តការកសាងភាពជាដៃគូយូរអង្វែង ជាពិសេសកម្មវិធីបណ្តុះបណ្តាលនេះ។
ជាមួយគ្នានេះ ឯកឧត្ដម ហេង សួរ បានថ្លែងអំណរគុណដ៏ក្រៃលែងចំពោះឯកឧត្ដម ឯកអគ្គរាជទូត ដែលបានជួយភ្ជាប់ UKSP មកកាន់កម្ពុជា ក៏ដូចជាការនាំយកកម្មវិធីអប់រំ ប្រកបដោយគុណភាពលំដាប់ពិភពលោក មកកាន់ប្រទេសកម្ពុជា។ តាមរយៈ MoU នេះ កម្ពុជានឹងអាចស្វាគមន៍អ្នកជំនាញ កម្មវិធីអភិវឌ្ឍជំនាញ ក៏ដូចជាការភ្ជាប់ជាមួយអ្នកជំនាញ និងស្ថាប័នលំដាប់ពិភពលោកបន្ថែមពីចក្រភពអង់គ្លេសមកកម្ពុជា។ ឯកឧត្ដមរដ្ឋមន្រ្តីជឿជាក់យ៉ាងមុតមាំថា កិច្ចសហការនេះនឹងជួយលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាល TVET និងគុណភាពជំនាញកម្ពុជា ដែលអាចឆ្លើយតបទៅនឹងតម្រូវការរបស់វិស័យឯកជន និងគាំទ្រដល់កម្រិតនៃការអភិវឌ្ឍសេដ្ឋកិច្ច។
គួរបញ្ជាក់ថា MoU ស្តីពី “ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)” មានគោលបំណងពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ក្នុងវិស័យ TVET និងជំនាញ ដោយផ្អែកលើគោលការណ៍នៃទំនាក់ទំនងទៅវិញទៅមក និរន្តរភាព និងផលប្រយោជន៍រួម។ តាមរយៈ MoU ដែលមានរយៈពេលបីឆ្នាំនេះ ភាគីទាំងពីរមានបំណងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងការផ្តល់អប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងការអភិវឌ្ឍជំនាញ នៅក្នុងប្រទេសនីមួយៗ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការដែលមានប្រសិទ្ធភាពក្នុងវិស័យ TVET និងជំនាញ ដែលនឹងជួយអភិវឌ្ឍធនធានមនុស្ស ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ។
MoU នេះគ្របដណ្តប់លើកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍រួម និងមាននិរន្តរភាពផ្នែកហិរញ្ញវត្ថុ ដូចជាការជំរុញការផ្លាស់ប្តូរគំនិត និងបទពិសោធ តាមរយៈកិច្ចពិភាក្សា ដើម្បីឱ្យភាគីទាំងពីរចែករំលែកជំនាញ និងបទពិសោធ ក្នុងការបង្ហាញពីតម្លៃបន្ថែមនៃការវិនិយោគលើជំនាញ និងអត្ថប្រយោជន៍នៃការអភិវឌ្ឍកម្លាំងពលកម្ម ព្រមទាំងសហការលើការច្នៃប្រឌិត ដើម្បីបង្កើនគុណភាព TVET និងជំនាញជាដើម៕




#MLVT #HENGSour #TVET