ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ទំនាក់ទំនងល្អពីអតីតកាល​ធ្វើ​ឲ្យ​​ចិន​​មក​​វិនិយោគ​​​​ជួយ​​​​កម្ពុជា​​​​​ក្នុងការអភិវឌ្ឍ​​​​សេដ្ឋកិច្ច​និង​សង្គម​​​​​​

អ្នកវិនិយោគកម្ពុជាបានចាត់ទុកថា ប្រទេសចិន​បានជួយ​កម្ពុ​​​ជា​យ៉ាងច្រើន ​​​តាមរយៈ​​​លំហូរវិនិយោគលើ​​វិស័យ​ជាច្រើន ​ជាពិសេសនោះ​​​​​​​ជួយ​​​អភិវឌ្ឍ​​​​​លើវិស័យសំណង់​​ មានអគារខ្ពស់ៗ តំបន់សេដ្ឋកិច្ចពិសេស​នឹងជួយ​​ជំរុញកំណើន​​​សេដ្ឋកិច្ចជាតិ​ផងដែរ​​​។​

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្ម​កម្ពុជាបានមានប្រសាសន៍​ថា ​​​​​​បច្ចុប្បន្ន​​​នេះ​​វិនិយោគិនចិន​មក​កាន់​ប្រទេសកម្ពុជាច្រើន ​​​​​គឺដោយសារតែ​​ប្រទេសទាំងពីរ​មានទំនាក់ទំនង​ជិតស្និទ្ធ​​និងគ្នាតាំង​​​ពីសម័យ​​សង្គម​រាស្រ្តនិយម​មក​​​​​​ ហើយ​ជាពិសេសនោះ​កម្ពុជា​​បាន​​​ស្ថិតក្នុង​គម្រោង​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់មួយ​របស់​​ចិន​​​ ដែលជាគោលដៅក្នុងការអភិវឌ្ឍរួម​​​ ហេតុដូច្នោះលំហូរវិនិយោគចិន​​​ពេលនេះ​​ជាសញ្ញាដ៏ល្អ​​​ដើម្បី​​​​អភិវឌ្ឍប្រទេសកម្ពុជា។​

​​លោក​ឧកញ៉ា​អះអាងទៀតថា«យើងឃើញចំណុចគួរឲ្យ​ចាប់អារម្មណ៍នោះ​​​​​​​​វិនិយោគិន​ចិន​បានចូលម​កអភិវឌ្ឍនៅខេត្ត​ព្រះសីហនុមុន​គេ​​ធ្វើ​ឲ្យ​ខេត្តមួយ​នេះមានការរីកចម្រើន​​ខ្លាំង ​​​និងមានអគារខ្ពស់ៗ​រីកដូចផ្សឹត​​​​ទាំងហើយ​​​​​នេះជា​​សមិទ្ធផលរបស់វិនិយោគចិន​មក​ប្រទេស​កម្ពុជា ​​​​​​​ហើយទៅមុខទៀត​នឹងមានវិនិយោគ​​​ពីបណ្តាប្រទេស​ដទៃទៀត​​​​​​​​ចូលមក​ជាបន្តបន្ទាប់​ផងដែរ»។​​​

អ្នកវិនិយោគខាងលើ​បន្ថែមថា ​​​ប្រទេសចិន​មិន​ត្រឹមតែរកស៊ីននៅកម្ពុជានោះទេ គឺអ្នកវិនិយោគ​​​ចិន​បាន​ទៅ​​​វិនិយោគ​​នៅ​​បណ្តាប្រទេស​​ជាច្រើន​ទៀត​ក្នុងតំបន់អាស៊ាន និង​នៅលើពិភពលោក ហើយ​ប្រទេសទាំង​​​នោះ​​ក៏​​​ទទួល​បាន​ផល​ច្រើន​ពីការវិនិយោគនោះ​​។​​​​​​​

​​​សម្រាប់ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថាន​​សិក្សាភាសា​​ចិន​​នៃរាជបណ្ឌិតសភាកម្ពុជា​​បានអះ​អាង​​​​ថា ​​​​​​ការវិនិ​​​យោគ​​ចិន​មក​កាន់​ប្រទេសកម្ពុជា​​​​មិនមែនជារឿងមួយ​​​មិនល្អដូចការលើក​ឡើង​កន្លងមក​​​នោះទេ​ ពោលប្រទេស​​​ចិន​បាន​វិនិយោគច្រើន​នៅខេត្តព្រះសីហនុលើផ្នែកសណ្ឋាគារ ​និងភោជនីយដ្ឋាន​​​​​ ដែល​​​ជំរុញឲ្យ​មានការអភិវឌ្ឍ​​សេដ្ឋកិច្ច​កម្ពុជាទៅវិញ​​។​​​​​

លោក​បណ្ឌិត​បានមានប្រសាសន៍​​ទៀតថា« ​ទំនាក់ទំនង​​ល្អ​​​រវាង​​ចិន​និង​​កម្ពុជា​​​​បានធ្វើ​ឲ្យ​មានការវិនិយោគច្រើនពី​​​ប្រទេសចិន​ដែល​​​ជំរុញ​​ធ្វើ​ឲ្យ​មានការរីកចម្រើន​​​​ ​​និងការអភិវឌ្ឍសេដ្ឋកិច្ច​កម្ពុជា​​​ឈានឡើង​​​​​​​​​​​ ហើយ​​ចិន​ជាដៃគូរ​​​អភិវឌ្ឍប្រ​​​ទេសក្នុងតំបន់អាស៊ាន​ក៏ដូចជាប្រទេស​កម្ពុជាផងដែរ​​»។​

បច្ចុប្បន្ននេះ​ ​​អ្នកវិនិយោគចិនវិនិយោគលើវិស័យមួយចំនួន រួមមាន កម្មន្តសាល សំណង់ វាយនភ័ណ្ឌ និងថាមពលអគ្គិសនី និងប៉ុន្មានឆ្នាំចុងក្រោយនេះចិនវិនិយោគលើវិស័យសំណង់ និងអចលវត្ថុកម្ពុជាឈានមុខគេ​​​​​​​។

តាមរយៈទំនាក់ទំនងដ៏ល្អរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជានិងចិន​​​​ បានធ្វើឲ្យទំហំទុនវិនិយោគរបស់​​​ចិន នៅកម្ពុជាកើនដល់៦៨០០ លានដុល្លារអាមេរិក កាលពីដំណា​ច់ឆ្នាំ២០១៨ថ្មីៗនេះ ហើយ​​​ទំហំវិនិយោគបានស្ទុះឡើងរហូតដល់ប្រមាណ៦,៨ពាន់លានដុល្លា កើនប្រមាណ៧% ធៀប ​​​និងឆ្នាំ២០១៧ ក្នុងនោះប្រទេសចិនបន្តស្ថិតនៅជាប្រទេសនាំមុខដែលបានបណ្តាក់ទុនវិនិយោគធំជាងគេបង្អស់នៅកម្ពុជា​​​ក្នុងឆ្នាំ២០១៨។

​​

 

 

​​