រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិបានគូបញ្ជាក់ថា កម្ពុជាមានបំណងនាំអង្ករក្រអូប «ផ្កាម្លិះអង្គរ» ដែលទទួលបានចំណាត់លេខ១ កាលពីឆ្នាំ២០១៨ ទៅកាន់ប្រទេសឥណ្ឌូនេស៊ី ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី និងពង្រឹងកិច្ចសហការលើឧស្សាហកម្មផលិតសម្ភារ និងគ្រឿងបង្គុំទោចក្រយាននៅក្នុងប្រ ទេស ព្រមទាំងអភិវឌ្ឍន៍ឧស្សាហកម្មគាំទ្រសម្រាប់ការផលិតទោ ចក្រយាន ដើម្បីបង្កើនតម្លៃបន្ថែមក្នុងស្រុកសម្រាប់ផលិតផលនេះ និងនាំចេញផលិតផលសម្រេច ១០០% ទៅកាន់ទីផ្សារអន្តរ ជាតិ។
ការបញ្ជាក់របស់ លោករដ្ឋមន្ត្រី បានធ្វើឡើងនាឱកាសអញ្ជើញចូលរួមជាគណៈអធិបតីភាព ជាមួយលោកជំទាវ អ៊ីណា ហានីង ត្យាស គ្រីស្នាមឺទី (Ina Hagningtyas Krisnamurthi) ប្រឹក្សាពិសេសក្រសួងការបរទេសទទួលបន្ទុកសេដ្ឋកិច្ចការទូតឥណ្ឌូនេស៊ី ក្នុងពិធីសម្ពោធពិព័រណ៍ពាណិជ្ជកម្មមិត្តភាពកម្ពុជា-ឥណ្ឌូនេស៊ី ឆ្នាំ២០១៩ ដែលរៀបចំឡើងនៅសួនច្បារខាងជើងស្ពានថ្ម ក្ក្បែរព្រះរាជដំណាក់ក្រុងសៀមរាបនៅថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០១៩។
លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកឡើងទំនាក់ទំនងពាណិជ្ជ កម្មទ្វេភាគីកម្ពុជា-ឥណ្ឌូនេស៊ី ដែលកាលពីឆ្នាំ២០១៨ សម្រេចបានទឹកប្រាក់ ៥៥៨.៦២លានដុល្លារ (កម្ពុជានាំចូល ៥២៥,៦ លានដុល្លារ និងនាំចេញ ៣៣លានដុល្លារ) និងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច (ការមិនយកពន្ធត្រួតគ្នា និងទប់ស្កាត់អំពើបន្លំពន្ធពាក់ព័ន្ធប្រាក់ចំណូល) ក៏ដូចជាវិស័យទេសចរណ៍ (ការបើកជើងហោះហើរត្រង់ពីទីក្រុងហ្សាកាតា-ភ្នំពេញ) ដែលប្រទេសទាំងពីរបានចុះអនុស្សរណៈនាពេលថ្មីៗនេះ។
គោលបំណងនៃពិព័រណ៍ពាណិជ្ជកម្មដែលផ្តោតលើការអបអរសាទរខួបអនុស្សា វរិយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ឥណ្ឌូនេស៊ី ព្រមទាំងដំណើរការនៃកម្មវិធីទូទៅ អមជាមួយការសម្តែងសិល្បៈផ្សេងៗ ក្នុងរយៈពេល ០៣ ថ្ងៃ (ថ្ងៃទី ១៩ ដល់ទី២១ ខែកក្កដា) ក្នុងគោលបំណងរឹតបន្តឹងចំណងមិត្ត ភាព និងផ្លាស់ប្តូរបទពិសោធន៍ ព្រមទាំងវប្បធម៌ប្រពៃណី និងទំនៀមទំលាប់គ្នាទៅវិញទៅមក។
គិតត្រឹមខែមេសា ឆ្នាំ២០១៩នេះ ទំហំពាណិជ្ជកម្មទ្វេភាគីនៃប្រ ទេសទាំងពីរ សម្រេចបានទឹកប្រាក់ ១៩៦.២៦លានដុល្លារ គឺបាន កើនឡើង ១០.៤៨% ធៀបរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៨ ក្នុងនោះ ការនាំចេញរបស់កម្ពុជាទៅឥណ្ឌូនេស៊ី បានកើនឡើង ៧.៧៥% និងនាំចូលកើនឡើង ៥៤.១៨%។
ដោយឡែកសម្រាប់ឧស្សាហកម្មទោចក្រយាន កម្ពុជាបាននាំចូលបំណែក និងគ្រឿងបន្លាស់ (លីប, តួ, ដៃ, ចង្កៀង, អំព្រីយ៉ា…) ពីឥណ្ឌូនេស៊ីចំនួន ៧,១៩លានដុល្លារ នៅក្នុងឆ្នាំ២០១៨។