ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ធនាគារអភិវឌ្ឍន៍ជនបទកំពុងតែ​​​​​ជំរុញ​​ផលិតកម្មបន្លែនៅទូទាំងប្រទេស​​​

​​​លោក ​​កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ (RDB)បានមានប្រសាសន៍​​​​ថា ធនាគារអភិវឌ្ឍន៍ជនបទកំពុងតែ​​​​​ជំរុញការ​​ផលិតកម្មបន្លែនៅទូទាំងប្រទេសកម្ពុជាទៅដល់​សហគមន៍និង​​កសិករ​អ្នក​ដាំដុះបន្លែ​​ ហើយ​គម្រោងនេះនឹងផ្តល់ហិរញ្ញប្បទាន​​ក្នុងអត្រាការប្រាក់ទាប ហើយ​​ធនាគារអភិវឌ្ឍន៍ជនបទ​​​កំពុងតែសិក្សាពី​​ការ​​ជំរុញផលិតកម្មបន្លែរបស់ប្រជាកសិករ សហគមន៍ដំាបន្លែនៅទូទាំងប្រទេសកម្ពុជា ដោយមានការចូលរួមពីក្រុមហ៊ុនទទួលទិញបន្លែ ដែលជា​​​ឯកជន ហើយធនាគារអភិវឌ្ឍន៍ជនបទជាអ្នកទំលាក់ឥណទាន ដោយមាន​​​អត្រាការប្រាក់អនុគ្រោះដល់បណ្តាសហគមន៍ ក្រុមហ៊ុនទិញបន្លែ ក្នុងករណីមានតម្រូវការហិរញ្ញវត្ថុបន្ថែម​នោះ​​។

លោកអគ្គនាយក​​​​បាន​បន្តែ​​ម​​​ទៀតថា ​​កាលពី​​​​ថ្ងៃទី១៤ខែមករា ​ឆ្នាំ២០១៩នេះធនាគារអភិវឌ្ឍន៍ជនបទ​​បានជួបប្រជុំជាមួយ ក្រុមហ៊ុនប្រមូលទិញបន្លែ ១២ក្រុមហ៊ុន ដើម្បីពិភាក្សាការងារអំពីគម្រោងគាំទ្រហិរញ្ញប្បទាន ដល់ផលិតកម្មបន្លែ ​​​ដើម្បីស្វែងរក​ដំណោះស្រាយលើបញ្ហាមួយចំនួយ ដែលជាផលវិបាករបស់កសិករដាំដុះបន្លែរបស់បងប្អូននិង​ចងក្រង​​​​ជាសហគមន៍និងរបស់ក្រុមហ៊ុន​ទទួលទិញបន្លែ។

លោក​​​អគ្គនាយក​​​​​បន្ថែម​​​​​ថា  នេះជាផ្នែកមួយ ​​ដើម្បីធានាបាននូវសុខុមាលភាព​​​ដល់ប្រជាជនហូបបន្លែ និងជួយកាត់បន្ថយការនាំចូលបន្លែព្រមទាំងលើកកម្ពស់​ជីវភាពប្រជាពលរដ្ឋ ដែលជាអ្នកប្រកបរបរទទួល​​​ទាន​​​ដាំដុះបន្លែ នឹ​​ងជួយកាត់បន្ថយការធ្វើចំណាក់ស្រុករបស់បងប្អូនប្រជាកសិករបានទៅក្រៅប្រទេស។

សម្រាប់ ​​កញ្ញា ​អេង សម្ផស្ស​ នាយក​ប្រតិបត្តិ​​​ផ្សារអាលីម៉ង់​​​ បាន​​​លើកឡើង​​ថា ​​​​ វត្ត​មាន​ផ្សារ​បន្លែធម្មជាតិនៅកម្ពុជា​​​​​​មានចំនួន​​កាន់តែ​​​​​​​​​​​​​ច្រើន​នៅរាជធានី​ភ្នំពេញ​រយៈពេលប៉ុនា្មនឆ្នាំចុងក្រោយនេះ​​​ ហើយ​​​កំណើន​នេះ ដោយមើលឃើញពី​​​​​​ការនាំចូល​​​បន្លែផ្លែឈើច្រើន​ពី​ប្រទេស​ជិតខាង​​​ ហើយភាគច្រើន​​មាន​​​សារ​​ធាតុ​​​​គីមី​​​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់សុខ​​​ភាពអ្នក​បរិភោគ​​​ ​​​​។​​​​​​

លើសពីនេះ​​​កញ្ញា​​​បាន​បន្តទៀតថា​ ដោយ​សារបញ្ហានេះហើយ​​​​​​ទើប​ជម្រុញ​ឲ្យ​វិស័យ​​ឯកជន​​មានការ​វិនិយោគ​​​បង្កើត​​​​ផ្សារ​​​បន្លែធម្មជាតិ ដែលចេញពី​​​​គំនិត​របស់​សហគ្រិន​ខ្មែរចង់​​លើក​ស្ទួយ​​ផលិតផល​ក្នុងស្រុក​និងស្វែងរកទីផ្សារ​​​កសិករ​​​។

ធនាគារអភិវឌ្ឍន៍ជនបទប្តេជ្ញាថា​​ នឹងចូលរួមចំណែក​​ធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹង សហគមន៍ ក្រុមហ៊ុនប្រមូលទិញបន្លែ ដើម្បីជំរុញការផ្គត់ផ្គង់បន្លែរបស់កសិករដំាបន្លែ ព្រមទាំងជួយគាំទ្រនូវផ្នែកទុនវិនិយោគ ដល់កសិករផលិត និងសហគមន៍ឬក្រុមហ៊ុនប្រមូលទិញបន្លែ។​

លើសពីនេះ​ នឹង​​បង្កើនការប្រមូលទិញបន្លែពីកសិករបង្កើតមន្ទីរពិសោធន៍ ដោយ​​សហការជាមួយសហគមន៍ ក្រុមហ៊ុនប្រមូលទិញបន្លែ ដោយបង្កើតស្តង់លក់បន្លែខ្មែរនៅរៀងរាល់ថ្ងៃអាទិត្យនៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ សម្រាប់​​ជួយដោះស្រាយផ្នែកដឹកជញ្ជូនបន្លែផងដែរ​​។​​