ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ស៊ុន ចាន់ថុល ចុះពិនិត្យស្ថានភាពផ្លូវជាតិលេខ៥៥ក្រោមហិរញ្ញប្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន

លោក ​​ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈ ប្រតិភូក្រសួង អមដោយតំណាងក្រុមហ៊ុនម៉ៅការសាងសង់ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងមន្ត្រីនៃមន្ទីរសាធារ​ណការ និងដឹកជញ្ជូនខេត្តខេត្តពោធិ៍សាត់ ត្រួតពិនិត្យស្ថានភាពកំណាត់ផ្លូវជាតិ លេខ៥៥ ដែលសាងសង់ដោយសាជីវកម្មស្ពានថ្នល់ចិន (CRBC) ក្រោមការត្រួតពិនិត្យលក្ខណៈបច្ចេកទេសពីក្រុមហ៊ុ​ន​Guangzhou Wanna Construction Supervision Co., Ltd នៃសាធារណរដ្ឋប្រជាមានិតចិន។

ផ្លូវប្រវែងជាក់ស្តែងសរុបចំនួន ១៨០គម និងទទឹង៩ម៉ែត្រស្ពានចំនួន៤៥នេះ សាងសង់ឡើងក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សរុបប្រមាណជាង ១៣២.៨០ លានដុល្លារសហរដ្ឋអាមេរិក ជាប្រភេទ​ផ្លូវ​DBST គិតចាប់ពីផ្លូវប្រសព្វផ្លូវ ជាតិលេខ៥ (១៩១+១៥០)រហូតដល់ភ្នំក្រវាញ ទីរួមស្រុកវាលវែង-ថ្មដា ខេត្តពោធិសាត់ (ព្រំដែនកម្ពុជា-ថៃ ខេត្តត្រាត)។

លោក ​​ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ​​គម្រោងផ្លូវនេះបានចាប់ដំណើរការបើកការ​​ដ្ឋាន​​​សាងសង់នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៥ ក្រោមអធិប​តីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​​ ដែលរហូតមកដល់ពេលនេះ ក្រុមហ៊ុនបាន​បញ្ចប់ការ​សាង​សង់ ១០០ភាគរយ ហើយ ដោយប្រើប្រាស់រយៈពេលសាងសង់អស់ចំនួន៤២ ខែ។

លោកទេសរដ្ឋមន្ត្រីបន្តទៀតថា ការចុះពិនិត្យស្ថានភាពផ្លូវជាតិលេខ៥៥នេះ មានគោលបំណងពិនិត្យមើលចំណុចខ្វះខាតតិចតូច ដែលនៅសេសសល់ដូចជាការដាក់ភ្លើងសញ្ញាប្រុងប្រយ័ត្នជំនួសផ្លាកសញ្ញានៅត្រង់ចំណុចកែងខ្លាំង ដើម្បីឱ្យបងប្អូបប្រជាពលរដ្ឋដែល​កំពុងធ្វើដំណើរតាមផ្លូវនេះងាយ​មើល និង​មានការប្រុងប្រយ័ត្នខ្ពស់ ការធ្វើជញ្ជាំងលើជម្រាលភ្នំការពារធ្លាក់ដី និងដុំថ្ម ការប្រមូលគ្រួសអណ្ដែតនៅលើថ្នល់ សំដៅជៀសឱ្យផុតពីគ្រោះថ្នាក់នានាដោយយថាហេតុ។

លើសពីនេះ លោកទេសរដ្ឋមន្ត្រីថា«ផ្លូវនេះសណ្ដូកលើដងភ្នំមានការបត់បែនខ្លាំង ក៏ដូចជាការពិនិត្យលើបញ្ហាបច្ចេកទេសមួយចំនួនទាក់ទងនឹងការសាងសង់ ដើម្បីជំរុញឱ្យក្រុមហ៊ុនម៉ៅការសាង សង់ធ្វើការកែសម្រួលបំពេញ​បន្ថែមលក្ខណៈបច្ចេក​ទេសឱ្យបានត្រឹមត្រូវសំដៅ​ធ្វើឱ្យផ្លូវនេះមាន​គុណ​ភាពរឹងមាំអាចប្រើប្រាស់ជាប់បានយូរអង្វែង មុនពេលស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាលក្នុងការដាក់ដំណើរ ការជាផ្លូវការ»។

សម្រាប់ផ្លូវនេះជាសសៃឈាមសេដ្ឋកិច្ចមួយយ៉ាងសំខាន់សម្រាប់ការតភ្ជាប់ទំនាក់ទំនង សមាហរណកម្មផ្ទៃក្នុង ក៏ដូចជាការសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋបានងាយស្រួលនិងឆាប់រហ័ស និងរួមចំណែកដល់ការប្រែក្លាយតំបន់សក្តានុពលផ្នែកកសិកម្ម ពិសេសតំបន់ដាច់ស្រយាលជាប់ព្រំដែនកម្ពុជាថៃ ដែលអាចតភ្ជាប់មកកាន់ទីប្រជុំជនបានងាយស្រួល។

ជាពិសេសជាងនេះទៀតផ្លូវនេះជួយធ្វើឱ្យប្រសើរឡើងដល់ការតភ្ជាប់រវាងកម្ពុជា និងបណ្តាប្រទេសជិតខាងជួយដល់ការសម្របសម្រួលការធ្វើពាណិជ្ជកម្ម ឆ្លងកាត់ព្រំដែន ការវិនិយោគ និងជំរុញដល់ការអភិវឌ្ឍ​ទេសចរណ៍ និងកសិកម្មផងដែរ។

រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនសង្ឍឹមថា ​​មានផ្លូវមានក្តីសង្ឃឹម ផ្លូវល្អនាំមកនូវភ្ញៀវទេសច​រណ៍ វិនិយោគិន និងការដឹកជញ្ជូនកើនឡើង ដែលជាកត្តាជំរុញដល់ការបង្កើតការងារធ្វើជូនប្រជាពលរដ្ឋ និងការរីកចម្រើនសេដ្ឋកិច្ចជាតិកាត់បន្ថយភាពក្រីក្រស្រប តាមគោល​នយោបាយ​របស់រាជ​រដ្ឋាភិបាល ក្រោម​​​ការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕