លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ (RDB)បានមានប្រសាសន៍ថា ធនាគារអភិវឌ្ឍន៍ជនបទកំពុងតែជំរុញការផលិតកម្មបន្លែនៅទូទាំងប្រទេសកម្ពុជាទៅដល់សហគមន៍និងកសិករអ្នកដាំដុះបន្លែ ហើយគម្រោងនេះនឹងផ្តល់ហិរញ្ញប្បទានក្នុងអត្រាការប្រាក់ទាប ហើយធនាគារអភិវឌ្ឍន៍ជនបទកំពុងតែសិក្សាពីការជំរុញផលិតកម្មបន្លែរបស់ប្រជាកសិករ សហគមន៍ដំាបន្លែនៅទូទាំងប្រទេសកម្ពុជា ដោយមានការចូលរួមពីក្រុមហ៊ុនទទួលទិញបន្លែ ដែលជាឯកជន ហើយធនាគារអភិវឌ្ឍន៍ជនបទជាអ្នកទំលាក់ឥណទាន ដោយមានអត្រាការប្រាក់អនុគ្រោះដល់បណ្តាសហគមន៍ ក្រុមហ៊ុនទិញបន្លែ ក្នុងករណីមានតម្រូវការហិរញ្ញវត្ថុបន្ថែមនោះ។
លោកអគ្គនាយកបានបន្តែមទៀតថា កាលពីថ្ងៃទី១៤ខែមករា ឆ្នាំ២០១៩នេះធនាគារអភិវឌ្ឍន៍ជនបទបានជួបប្រជុំជាមួយ ក្រុមហ៊ុនប្រមូលទិញបន្លែ ១២ក្រុមហ៊ុន ដើម្បីពិភាក្សាការងារអំពីគម្រោងគាំទ្រហិរញ្ញប្បទាន ដល់ផលិតកម្មបន្លែ ដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាមួយចំនួយ ដែលជាផលវិបាករបស់កសិករដាំដុះបន្លែរបស់បងប្អូននិងចងក្រងជាសហគមន៍និងរបស់ក្រុមហ៊ុនទទួលទិញបន្លែ។
លោកអគ្គនាយកបន្ថែមថា នេះជាផ្នែកមួយ ដើម្បីធានាបាននូវសុខុមាលភាពដល់ប្រជាជនហូបបន្លែ និងជួយកាត់បន្ថយការនាំចូលបន្លែព្រមទាំងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ដែលជាអ្នកប្រកបរបរទទួលទានដាំដុះបន្លែ នឹងជួយកាត់បន្ថយការធ្វើចំណាក់ស្រុករបស់បងប្អូនប្រជាកសិករបានទៅក្រៅប្រទេស។
សម្រាប់ កញ្ញា អេង សម្ផស្ស នាយកប្រតិបត្តិផ្សារអាលីម៉ង់ បានលើកឡើងថា វត្តមានផ្សារបន្លែធម្មជាតិនៅកម្ពុជាមានចំនួនកាន់តែច្រើននៅរាជធានីភ្នំពេញរយៈពេលប៉ុនា្មនឆ្នាំចុងក្រោយនេះ ហើយកំណើននេះ ដោយមើលឃើញពីការនាំចូលបន្លែផ្លែឈើច្រើនពីប្រទេសជិតខាង ហើយភាគច្រើនមានសារធាតុគីមីធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ។
លើសពីនេះកញ្ញាបានបន្តទៀតថា ដោយសារបញ្ហានេះហើយទើបជម្រុញឲ្យវិស័យឯកជនមានការវិនិយោគបង្កើតផ្សារបន្លែធម្មជាតិ ដែលចេញពីគំនិតរបស់សហគ្រិនខ្មែរចង់លើកស្ទួយផលិតផលក្នុងស្រុកនិងស្វែងរកទីផ្សារកសិករ។
ធនាគារអភិវឌ្ឍន៍ជនបទប្តេជ្ញាថា នឹងចូលរួមចំណែកធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹង សហគមន៍ ក្រុមហ៊ុនប្រមូលទិញបន្លែ ដើម្បីជំរុញការផ្គត់ផ្គង់បន្លែរបស់កសិករដំាបន្លែ ព្រមទាំងជួយគាំទ្រនូវផ្នែកទុនវិនិយោគ ដល់កសិករផលិត និងសហគមន៍ឬក្រុមហ៊ុនប្រមូលទិញបន្លែ។
លើសពីនេះ នឹងបង្កើនការប្រមូលទិញបន្លែពីកសិករបង្កើតមន្ទីរពិសោធន៍ ដោយសហការជាមួយសហគមន៍ ក្រុមហ៊ុនប្រមូលទិញបន្លែ ដោយបង្កើតស្តង់លក់បន្លែខ្មែរនៅរៀងរាល់ថ្ងៃអាទិត្យនៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ សម្រាប់ជួយដោះស្រាយផ្នែកដឹកជញ្ជូនបន្លែផងដែរ។