(ភ្នំពេញ)៖ សាខា ក.ប.ប. រាជធានីភ្នំពេញ បានចូលរួមជាមួយសមត្ថកិច្ចចម្រុះស្ថាប័នពាក់ព័ន្ធ និងមន្រ្តីនៃអាជ្ញាធរខណ្ឌទាំង៨ កាលពីថ្ងៃទី១២-១៣-១៤ ខែមិថុនា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យទីតាំងស្ដុក និងចែកចាយសាច់បង្កក និងផលិតផលផ្សេងទៀតចំនួន៣១ ស្ថិតនៅក្នុងមូលដ្ឋានខណ្ឌទួលគោក ខណ្ឌមានជ័យ ខណ្ឌសែនសុខ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌច្បារអំពៅ ខណ្ឌព្រែកព្នៅ ខណ្ឌដង្កោ ខណ្ឌកំបូល។
មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. បានឱ្យដឹងថា ការត្រួតពិនិត្យផ្ដោតសំខាន់ លើការស្វែងរកសារធាតុគីមីហាមឃាត់ និងអនុលោមភាពលើផលិតផលទំនិញជាលទ្ធផលឆ្លងកាត់ការត្រួតពិនិត្យមន្រ្តី ជំនាញបានរកឃើញទំនិញមានប្រភពដើមពីប្រទេសថៃ ចំនួន ១១២មុខ ស្មើនឹង២៣,២៤៥.០៥គីឡូក្រាម និងផ្លែឈើខូចគុណភាពចំនួន ២០៤កេស ស្មើរនឹង ៣,២៦៤គីឡូក្រាម និងឃាត់ទុកបណ្តោះអាសន្ន ផលិតផលទំនិញមួយចំនួនដើម្បីអនុវត្តនីតិវិធីបន្ត។
អគ្គនាយកដ្ឋាន ក.ប.ប. បានត្រៀមលក្ខណៈរួចស្រេច ទទួលកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងសាធារណជន ក្នុងការផ្តល់ព័ត៌មាន ឬធ្វើបណ្តឹងគ្រប់ពេលវេលា រួមទាំងថ្ងៃចុងសប្តាហ៍ និងថ្ងៃឈប់សម្រាកផ្សេងៗ។ សូមធ្វើការទំនាក់ទំនងតាមរយៈ CCF Complaint App, លេខទូរស័ព្ទ ១២៦៦៕















