ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ចជប៉ុន

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជានៅថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០២៦នេះទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ច ជប៉ុនដែលដឹកនាំដោយ លោក រស់ រាសី ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា​នៅតំបន់សេនដៃ ប្រទេសជប៉ុន។​

ក្នុងជំនួបនេះ លោក រស់ រាសី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​បណ្ឌិត អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលបានចំណាយពេលវេលាដ៏មានតម្លៃដើម្បីទទួលជួបពិភាក្សាការងារ។
លោក​ រស់​រាសី បានគូសបញ្ជាក់ថា គោលបំណងសំខាន់នៃជំនួបនេះ គឺដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងជប៉ុន និងកម្ពុជា។ លោកបានគូស​បញ្ជាក់ថានេះជាដំណើរទស្សនកិច្ចរបស់ធុរជនជប៉ុនដើម្បីស្វែងយល់បន្ថែមពីបរិយាកាសធុរកិច្ច និងទិដ្ឋភាពជាក់ស្ដែងជាមួយនិងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់កម្ពុជានាពេលបច្ចុប្បន្ន។​ ​ធុរជនដែល​អញ្ជើញមកនាថ្ងៃនេះមកពីវិស័យដូចជា​សុខាភិបាលគ្រឿងសម្អាង​ ពាណិជ្ជកម្ម​ ភោជនីយដ្ឋាន និងសេវាកម្មថែទាំមនុស្សចាស់។ គណៈប្រតិភូក៏បានសាកសួរស្វែងយល់ បន្ថែមអំពីឱកាសក្នុងការវិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជាផងដែរ។​
ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងដ៏សកម្មរបស់ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅជប៉ុន​ដែលដឹកនាំដោយ​លោក រស់ រាសី។ បណ្ឌិតបានមានប្រសាសន៍អំពីទំនាក់ទំនង​ដ៏យូរអង្វែងរវាងកម្ពុជា និងជប៉ុន​ និងការគាំទ្រជាច្រើនរបស់ជប៉ុនតាមរយៈជំនួយផ្សេងៗដូចជាផ្នែកហេដ្ឋារចនាសម្ព័ន្ធ និង គតិយុត្តជាដើម។ នៅក្នុងនោះផងដែរបណ្ឌិតក៏បានបញ្ជាក់ថានាពេលបច្ចុប្បន្នក៏មានវត្តមានក្រុមហ៊ុនជប៉ុនជាច្រើនដែលកំពុងធ្វើការវិនិយោគនៅកម្ពុជា។
ឯកឧត្តមបណ្ឌិតក៏បានលើកយកវិស័យដែលមានសក្ដានុពលនៅកម្ពុជា​ដូចជាវិស័យសុខាភិបាលពោលដោយសារមានតម្រូវការទីផ្សារខ្ពស់នៅកម្ពុជា ការនាំចេញនាំចូលទំនិញ និង​ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដែលជាចលករមួយក្នុងការជំរុញកម្លាំងពលកម្មទៅប្រទេសជប៉ុន។
ឯកឧត្តមបណ្ឌិតបានលើកទឹកចិត្តឲ្យធុរជនជប៉ុន វិនិយោគក្នុងវិស័យកសិកម្មនិងវិស័យផ្សេងៗនៅកម្ពុជាផងដែរពោលគឺដោយសារកម្លាំងពលកម្មគឺមានតម្លៃទាបជាងប្រទេសដទៃ ហើយរាល់ការវិនិយោគតែង ទទួលបានលើកទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា។