ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មន្រ្តីសាខា​កាំកុងត្រូល​ខេត្តស្វាយរៀង​ចុះ​ពិនិត្យ​ម្ហូបអាហារ​ និង​ទំនិញ​​ដែលដាក់​តាំង​ពិ​ពណ៌​ពាណិជ្ជកម្ម​ថៃ

ស្វាយ​រៀង៖​ លោក​ ផឹង​ និល​ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តស្វាយរៀង​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ ចុះពិនិត្យ​ម្ហូបអាហារ​ និង​ទំនិញ​ដាក់តាំង​ពិ​ពណ៌​ពាណិជ្ជកម្ម​ថៃ​ នៅ​ក្នុង​ឱកាស​ការ​ប្រកួត​កីឡា​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ​”​ទូក​នាគ​”​ នៅ​ទីតាំង​ទន្លេ​វ៉ៃ​គោ​ ក្រុង​ស្វាយ​រៀង​ ខេត្តស្វាយរៀង​ កាលពី​ថ្ងៃ​ទី​២៤​ ខែកក្កដា​ ឆ្នាំ​២០១៩​។​

​សាខា​កាំកុងត្រូល​ខេត្តស្វាយរៀង​បាន​ពិនិត្យ​លើ​ទូក​មក​ពី​បណ្តា​ខេត្ត​ចំនួន​៦​ ចូលរួម​ប្រកួត​ដណ្តើម​ជ័យ​លា​ភី​ពានរង្វាន់​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ នៅ​ថ្ងៃ​ទី​២៧​ នឹង​២៨​ ខែកក្កដា​ ឆ្នាំ​២០១៩​ខាង​មុខ​នេះ​ ហើយ​ក៏​មានការ​តាំង​ពិ​ពណ៌​ទំនិញ​ពាណិជ្ជកម្ម​ខ្មែរ​ ថៃ​ ដែល​មាន​ទំនិញ​ជា​ច្រើន​ រួម​ទាំង​គ្រឿង​ ម្ហូបអាហារ​ជា​ច្រើន​មុខ​ លក់​សំរាប់​ពលរដ្ឋ​ហូប​នៅ​ក្នុង​ពិធី​នេះ​ផង​ដែរ​ ។​

​លោក​ ផឹង​ និល​ បាន​ឲ្យ​ដឹង​ថា​:​ ចំពោះ​ការ​ចុះ​ពិនិត្យ​មុខទំនិញ​នៅ​ថ្ងៃនេះ​ មាន​គោលបំណង​ធានា​បាន​សុវត្ថិភាព​ម្ហូបអាហារ​ ព្រោះ​វា​មាន​សារសំខាន់​ចាំបាច់​ណាស់​ក្នុង​សង្គម​ និង​ជីវភាព​ប្រចាំ​ថ្ងៃ​ ហើយ​ការ​ទទួលខុសត្រូវ​លើ​ សុវត្ថិភាព​ម្ហូបអាហារ​ គឺជា​ការ​ទទួលខុសត្រូវ​រួម​គ្នា​ ទាំង​ស្ថាប័ន​ជំនាញ​ ទាំង​អ្នក​នាំ​ចូល​ អ្នក​ផលិត​ អ្នក​ចែកចាយ​ និង​អ្នក​ទាំងអស់​គ្នា​ ជា​អ្នក​ប្រើប្រាស់​ផង​ដែរ​ ។​

​លោក​​បាន​បញ្ជាក់​ថា​:​ មន្ត្រី​ជំនាញ​បាន​ធ្វើការ​ពិនិត្យ​មុខទំនិញ​ជា​ច្រើន​មុខ​ និង​ធ្វើតេស្ត​ទៅ​លើ​មុខទំនិញ​ដែល​គ្រឿង​ម្ហូបអាហារ​ ក្នុង​នោះ​ពុំ​បាន​រក​ឃើញ​សារធាតុ​គីមី​នោះ​ទេ​ ។​ ជាមួយ​គ្នា​នេះ​លោក​ប្រធាន​សាខា​កាំកុងត្រូល​ក៏​បាន​ណែនាំ​ដល់​អ្នកលក់​ទាំងអស់​នៅ​ក្នុង​ពិធី​តាំង​ពិ​ពណ៌​ត្រូវ​យក​ទំនិញ​ដែល​មាន​កាល​បរិ​ច្ឆេ​ត​ មុខទំនិញ​ឲ្យ​បាន​ត្រឹមត្រូវ​ចៀសវាង​លក់ទំនិញ​ដែល​ផុតកំណត់​ ។​

​មន្រ្តីកាំកុងត្រូល បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវ​មានការ​ប្រយ័ត្ន​ចំពោះ​ការ​បរិភោគ​ចំណីអាហារ​ ត្រូវ​ពិនិត្យ​មើល​ស្លាក​សញ្ញា​ កាលបរិច្ឆេទ​ឲ្យ​បាន​ច្បាស់លាស់​ មុន​នឹង​ទិញ​យក​ទៅ​បរិភោគ​ ត្រូវ​ចូលរួម​លើកកម្ពស់​សុខុមាលភាព​ទាំងអស់​គ្នា​ ដើម្បី​ធានា​បាន​សុវត្ថិភាព​ ៕​