ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ២០១៩ក្នុងឱកាសអញ្ជើញពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិ«មរតកតេជោ»បានមានប្រសាសន៍អំពាវនាវឲ្យប្រជាពលរដ្ឋបន្ដបរិភោគសាច់ជ្រូកដូចធម្មតា។
សម្តេចមានប្រសាសន៍បញ្ជាក់ថា កុំមានការព្រួយបារម្ភអំពីបញ្ហាជំងឺប៉េស្ដ្រជ្រូកអាហ្វ្រិក ព្រោះតាមការពិនិត្យតាមដានជាប្រចាំរបស់ក្រសួងជំនាញកម្ពុជាមកទល់ពេលនេះគឺ មិនមានឆ្លងមកមនុស្សទេ វាឆ្លងតែជ្រូកដូចគ្នាតែប៉ុណ្ណោះ។
ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ អាជីវករដែលជាអ្នកចិញ្ចឹមជ្រូកនិងលក់សាច់ជ្រូកបានត្អូញត្អែរខ្លាំងណាស់ ខណៈដែលការលក់សាច់ជ្រូកមានការធ្លាក់ចុះជាបន្ដបន្ទាប់ ក្រោយពីមានការផ្ទុះជំងឺប៉េស្ដ្រជ្រូកអាហ្វ្រិក ដែលបានធ្វើឲ្យប្រជាពលរដ្ឋផ្អាក ឬកាត់បន្ថយការទទួលទានសាច់ជ្រូក។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្រាប់ជ្រូកស្លាប់ដែលមានផ្ទុកជំងឺប៉េស្ដ្រជ្រូកអាហ្វ្រិក គឺមិនត្រូវបានអនុញ្ញាតឲ្យធ្វើការលក់ដូរឡើយ ខាងក្រសួង និងស្ថាប័នជំនាញដែលពាក់ព័ន្ធលើបញ្ហានេះបានតម្រូវឲ្យកប់ចោលតែម្ដង ។