ភ្នំពេញ៖ លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាជាមួយលោក Eldeen Hasaaini bin Mohd ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យកសិកម្ម នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ។
លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលម៉ាឡេស៊ីដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយកម្ពុជា ហើយតែងតែគាំទ្រដល់ផលិតផលកសិកម្មដែលនាំចេញពីកម្ពុជាទៅកាន់ទីផ្សារនៃប្រទេសម៉ាឡេស៊ីនាពេលកន្លងមក។
លោករដ្ឋមន្រ្តីវេង សាខុន បានបញ្ជាក់ថា ដំណើរវិវឌ្ឍន៍រីកចម្រើននៃវិស័យកសិកម្មក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពីប្រទេសដែលគ្មានលទ្ធភាពក្នុងការផ្គត់ផ្គង់ស្បៀងដល់ប្រជាជន មកជាប្រទេសដែលធ្វើការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារពិភពលោក។
លោកបញ្ជាក់ទៀតថា គិតត្រឹមខែកក្កដា ឆ្នាំ២០១៩នេះ កម្ពុជាបាននាំចេញផលិតផលកសិកម្មសរុបជាង ២,៣៧លានតោន។ សមិទ្ធផលដ៏ធំធេងមួយទៀតដែលរាជរដ្ឋាភិបាល ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាសេនាធិការទើបតែសម្រេចបាននាថ្មីៗនេះគឺ ការនាំចេញចេកអំបូងលឿងពីកម្ពុជាឆ្ពោះត្រង់ទៅកាន់ទីផ្សារនៃប្រទេសចិន។
លោក Eldeen Hasaaini bin Mohd ឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល ក៏ដូចជាវឌ្ឍនភាពដែលរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងកសិកម្មសម្រេចបាននាពេលកន្លងមក និងបច្ចុប្បន្ន។ ពាក់ព័ន្ធនឹងការងារពង្រឹង និងពង្រីកការវិនិយោគពីម៉ាឡេស៊ីមកលើវិស័យកសិកម្ម និងការកែច្នៃផលិតផលកសិកម្ម ។
លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ក្នុងអំឡុងខែកញ្ញាខាងមុខនេះ ក្រុមហ៊ុនវិនិយោគម៉ាឡេស៊ីមួយចំនួននឹងមកទស្សនកិច្ចសិក្សា ស្វែងយល់បន្ថែមអំពីសក្តានុពលនៃវិស័យកសិកម្មកម្ពុជា ហើយភាគីម៉ាឡេស៊ីរីករាយចំពោះការបង្កើនបរិមាណនៃពាណិជ្ជកម្មកសិកម្មរវាងប្រទេសទាំងពីរ ដោយភាគីម៉ាឡេស៊ីបានសម្រេចបង្កើនការនាំចូលអង្ករពីកម្ពុជា ហើយកំពុងមានចំណាប់អារម្មណ៍ជាខ្លាំងលើផលិតផលដទៃទៀត ដូចជាម្រេច តាង៉ែន និងប្រេងដូង ៕