ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សាស្ដង់ដារជាតិកម្ពុជា បានថ្លែងថា មកដល់បច្ចុប្បន្ននេះក្រុមប្រឹក្សាស្ដង់ដារជាតិ បានសម្រេច និងអនុម័តយកស្តង់ដារអន្តរជាតិ មកធ្វើជាស្តង់ដារជាតិ បានជាង៨០០ស្តង់ដារ ក្នុងគោលដៅលើកកម្ពស់ផលប្រយោជន៍ផលិតផល និងទំនិញដែលផលិតនៅកម្ពុជា គោរពបានតាមកំរិតស្តង់ដារ ជាពិសេសស្របពេលដែលបច្ចេកវិទ្យា និងការច្នៃប្រឌិតនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤កំពុងមានការីកចម្រើន។
សូមបញ្ជាក់ថា៖ ពាក់ព័ន្ធនិងការអនុម័តស្តង់ដារ នៅក្នុងប្រជុំលើកទី២០ នៃក្រុមប្រឹក្សាស្តង់ដារជាតិ នាកន្លងកន្លងមក បានពិភាក្សា និងអនុម័តទៅលើស្តង់ដារដូចផ្នែកប្រព័ន្ធគ្រប់គ្រង ISO 22000:2018 ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារ-ការតម្រូវសម្រាប់អង្គភាពណាមួយ ដែលស្ថិតនៅក្នុងខ្សែចង្វាក់ម្ហូបអាហារ, ការកំណត់ស្តង់ដារអន្តរជាតិ ISO ផ្នែកផលិតផលធ្វើពីកៅស៊ូចំនួន ០៥ស្តង់ដារ នៅក្នុងចំណោមស្តង់ដារទាំង ៦៤ ដែលក្រុមការងារអាស៊ាន ផ្នែកផលិតផលពីកៅស៊ូ ។
សម្រាប់ការធ្វើឲ្យចុះសម្រុងគ្នានៅអាស៊ាន និងជំរុញឲ្យបណ្តាប្រទេសជាសមាជិក អនុម័តទទួលយកជាស្តង់ដារជាតិទៅតាមកម្មវិធី និងពេលវេលារបស់ខ្លួន។ ការកំណត់ស្តង់ដារអន្តរជាតិ ISO ផ្នែកសារធាតុ និងផលិតផលគីមីចំនួន ០៤ ស្តង់ដារ, ស្តង់ដារអន្តរជាតិ IEC សម្រាប់បរិក្ខាអគ្គីសនីប្រើប្រាស់ក្នុងលំនៅដ្ឋានចំនួន ១៩ស្តង់ដារ, ស្តង់ដារ UNECE Regulation 28 ស្តីពីបញ្ញត្តរួមដែលពាក់ព័ន្ធនឹងការអនុម័តយកឧបករណ៍ព្រមានដោយសញ្ញាជាសំឡេងបំពាក់នៅក្នុងប្រព័ន្ធយានយន្ត សម្រាប់ប្រើប្រាស់ក្នុងការត្រួតពិនិត្យ ឬអធិការកិច្ចលើសុវត្ថិភាពយានយន្ត បន្ថែមលើស្តង់ដារទាំង១៩ ដែលបានអនុម័តកន្លងមក, និងការកំណត់ស្តង់ដារយានយន្តរបស់សហរដ្ឋអាមេរិក (FMVSS) ចំនួន៣៩ស្តង់ដារ សម្រាប់ការអនុវត្តក្នុងក្រមខ័ណ្ឌ នៃការធ្វើពាណិជ្ជកម្មទ្វេភាគីរ វាងកម្ពុជាជាមួយអាមេរិកផងដែរ ៕
លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានក្រុមប្រឹក្សាស្ដង់ដារជាតិកម្ពុជា បានវាយតម្លៃ នៅក្នុងកិច្ចប្រជុំលើកទី២១ របស់ក្រុមប្រឹក្សាស្តង់ដារជាតិ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ ថា ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងសមាជិកក្រុមប្រឹក្សាស្តង់ដារជាតិ ដែលមានគណៈកម្មការបច្ចេកទេសនៅក្នុងនោះ បានខិតខំប្រឹងប្រែង និងពិភាក្សាក្នុងកំរិតបច្ចេកទេសជាបន្តបន្ទាប់ ក្នុងនោះយើងសម្រេច និងអនុម័តយកស្តង់ដារអន្តរជាតិ មកធ្វើជាស្តង់ដារជាតិ បានជាង៨០០ ស្តង់ដារ ផលិតផល និងទំនិញរួចហើយ ។