លោកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍កាលពីថ្ងៃទី៧ខែសីហានេះថា សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មកូឡុំបូនឹងចុះអនុស្សារណៈ យោគយល់ស្ដីពីការបង្កើតក្រុមប្រឹក្សាធុរកិច្ចកម្ពុជា-ស្រីលង្កា ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្ដម ម៉ៃទ្រីប៉ាឡា ស៊ីរីសេនា ប្រធានាធិបតីនៃប្រទេសស្រីលង្កា ក្នុងគោលបំណងលើកកម្ពស់ផលប្រយោជន៍ពាណិជ្ជកម្ម និងសេដ្ឋកិច្ចទៅវិញទៅមករវាងកម្ពុជា និង ស្រីលង្កា នៅវិមានសន្តិភាពនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩នេះ។
លោកឧកញ៉ាបានមានប្រសាសន៍ទៀតថា ក្នុងនាមសភាពាណិជ្ជកម្មស្នើសុំឯកឧត្តម ម៉ៃទ្រីប៉ាឡា ស៊ីរីសេនា ប្រធានាធិបតីនៃប្រទេសស្រីលង្កាធ្វើការជំរុញឱ្យមានជើងហោះហើរផ្ទាល់រវាងប្រទេសទាំងពីរ ដើម្បីជំរុញទំនាក់ទំនងក្នុងវិស័យជាច្រើន ដូចជា ទេសចរណ៍ សំណង់ កាត់ដេរសម្លៀកបំពាក់ ពាណិជ្ជកម្ម វិនិយោគ និង វិស័យផ្សេងៗទៀត។
លើសពីនេះ ប្រធានសភាពាណិជ្ជកម្មកម្ពុជាក៏បានលើកឡើងអំពីសក្កតានុពល និងគុណសម្បត្តិនៃប្រទេសកម្ពុជាព្រមទាំងលើកទឹកចិត្តធុរជនស្រីលង្កាឱ្យមកវិនិយោគនៅកម្ពុជាព្រោះកម្ពុជា គឺជាប្រទេសមានអំណោ យផលបំផុត សម្រាប់ការ វិនិយោគ ហើយឥឡូវនេះគឺជាពេលវេលា ពេលវេលាដ៏សក្ដិសមបំផុតសម្រាប់ការធ្វើការវិនិយោគ។
ក្រៅពីកិច្ចសហការរៀបចំវេទិកាធុរកិច្ចនេះ សភាពាណិជ្ជកម្មកម្ពុជាក៏បានជួយគាំទ្ររៀបចំជំនួបពាណិជ្ជកម្ម និង ទស្សនកិច្ចទៅកាន់សហគ្រាសតាមវិស័យពាក់ព័ន្ធនានាជូនដល់គណៈប្រតិភូធុរកិច្ចស្រីលង្កាផងដែរ។
“វេទិកាធុរកិច្ចកម្ពុជា-ស្រីលង្កា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្ដម ម៉ៃទ្រីប៉ាឡា ស៊ីរីសេនា ប្រធានាធិបតីស្រីលង្កា។
វេទិកានេះត្រូវបានសហការរៀបចំឡើងដោយសភាពាណិជ្ជកម្មកម្ពុជាជាមួយ ក្រសួងពាណិជ្ជកម្ម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសភាពាណិជ្ជកម្មកូឡុំបូនៃប្រទេសស្រីលង្កា ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្ដម ម៉ៃទ្រីប៉ាឡា ស៊ីរីសេនា ប្រធានាធិបតីស្រីលង្កា មកកាន់ព្រះរាជាណាចក្រកម្ពុជា។
ក្នុងដៅធំនៃវេទិកាធុរជនកម្ពុជា-ស្រីលង្កាក្នុងគោលបំណងនៃវេទិកានេះ គឺដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍រវាងប្រទេសទាំងពីរ។
ក្នុងវេទិកានេះសម្តេចតេជោនាយករដ្ឋមន្ត្រីបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ថ្លែងសុន្ទរកថាបើកវេទិកា ព្រមទាំងមានការថ្លែងមតិស្វាគមន៍របស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ចំពោះថ្នាក់ដឹកនាំ និងអង្គវេទិកាទាំងមូលក្នុងនាមជាតំណាងអោយវិស័យឯកជននៅប្រទេសកម្ពុជា។