(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានសម្ភោធដាក់ឲ្យប្រើប្រាស់ «មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពអ្នកជំនាញទេសចរណ៍ថាលាស(Thalias) ផ្នែកផលិតកម្មម្ហូបអាហារ»ដែលជាសញ្ញាបង្ហាញថាពីពេលនេះតទៅកម្ពុជាមានមជ្ឈ មណ្ឌលវាយតម្លៃចុងភៅមួយ ដែលគួរឱ្យជឿជាក់ស្របតាមយន្តការជាតិ និងអាស៊ាន។
ពិធីសម្ពោធមជ្ឈមណ្ឌលនៅថ្ងៃទី១៥ ខែសីហាឆ្នាំ២០១៩នេះ ត្រូវបានធ្វើឡើងនៅភោជនីយដ្ឋានតូប៉ាហ្សរាជធានីភ្នំពេញដោយមានការចូលរួមពីតំណាងអង្គការជាតិ-អន្តរជាតិ សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ គ្រូបង្គោលជាតិ អ្នកវាយតម្លៃបង្គោលជាតិ អ្នកជំនាញម្ហូបអាហារប្រមាណ ២០០រូប។
លោក ថោង ខុន បានឱ្យដឹងថា គំនិតផ្តួចផ្តើមក្នុងការគាំទ្របង្កើតមជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពនេះ ស្របតាមផែនការអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ ឆ្នាំ២០១៧-២០២៥ ដោយមានការចូលរួមគាំទ្រ ដោយក្រុមហ៊ុនថាលាសគ្រុប(Thalias Group) អង្គការអាល្លឺម៉ង់ Assist ដែលអាចផ្តល់ឱកាសដល់អ្នកជំនាញផ្នែកផលិតកម្មម្ហូបអាហារ (ចុងភៅ) ជាពិសេសចុងភៅដែលមានបទពិសោធន៍ល្អៗ តែពុំទាន់មានវិញ្ញាបនបត្រទទួលស្គាល់ផ្លូវករ ឲ្យទទួលបានការវាយតម្លៃសមត្ថភាព និងទទួលបានវិញ្ញាបនបត្រទទួលស្គាល់កម្រិតវិញ្ញាបនបត្រស្រប តាមយន្តការជាតិ និងអាស៊ាន។
លោករដ្ឋមន្ត្រីបញ្ជាក់ថា មជ្ឍមណ្ឌលវាយតម្លៃនេះយកទីតាំងអនុវត្តនៅភោជនីយដ្ឋានតូប៉ាហ្ស ដែលជាភោជនីដ្ឋានលំដាប់ខ្ពស់ និងមានមេចុងភៅពូកែៗអាចធ្វើជាអ្នកវាយតម្លៃ និងគ្រូបណ្ដុះបណ្ដាលបាន។
ការអភិវឌ្ឍធនធានមនុស្សនៅក្នុងវិស័យទេសចរណ៍តាមរយៈអភិក្រមនៃការបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពអ្នកជំនាញទេសចរណ៍ គឺជាគោលដៅយុទ្ធសាស្រ្តអាទិភាពមួយរបស់ក្រសួងទេសចរណ៍ក្នុងការលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍នៅកម្ពុជានឹងបានឆ្លើយតបផងដែរទៅ នឹងផែនការយុទ្ធសាស្ត្រអា ស៊ានផងដែរ។
លោក ថោង ខុន បានលើកឡើងទៀតថាការទទួលស្គាល់មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពនេះគឺ ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្ស ឆ្នាំ២០១៧-២០២៥ ដែលមានចក្ខុវិស័យជំរុញការបណ្តុះបណ្តាល និងវាយតម្លៃអ្នកជំនាញទេសចរណ៍ក្នុងនោះត្រឹមឆ្នាំ២០២០(៥០%) ឆ្នាំ២០២៥ (១០០%)និងនៅឆ្នាំ២០៣០ (សម្រេច SDG4) «ការសិក្សាពេញមួយជីវិត Life Long Learning» និង SDG8 «ការងារសមស្រប» ស្របតាមក្របខណ្ឌគុណវុឌ្ឍិជាតិ និងអាស៊ាន។
ស្របតាមយន្តការវាយតម្លៃទទួលស្គាល់គុណវុឌ្ធិ អ្នកជំនាញទេស ចរណ៍ជាតិនិងអាស៊ាន ដែលជាចលករជំរុញសមត្ថភាពយុវជនកម្ពុជាលើចំណេដឹងជំនាញ និងឥរិយាបទខ្ពស់ស្របតាមស្តង់ដាអាស៊ាន។
លោករដ្ឋមន្ត្រីក៏បានជំរុញដល់ភាគី ពាក់ព័ន្ធស្ថាប័នបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍បុគ្គលិក បម្រើការងារជាពិសេសជំនាញចុងភៅឲ្យផ្សព្វផ្សយនិងចូលរួមវាយតម្លៃសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ឱ្យកាន់តែទូលំទូលាយ។
ជាមួយគ្នានោះលោកដ្ឋមន្ត្រីក៏បានអញ្ជើញ គ្រប់ភាគីពាក់ព័ន្ធពិ សេសភោជនីយដ្ឋានតូប៉ាហ្ស ក្រុមចុងភៅនានាចូលរួមក្នុងសន្និ សីទអន្តរជាតិលើកទី១ ស្ដីពីទេសចរណ៍ម្ហូបអាហារ (The First International Conference on Cambodia Gastronomy and Food Tourism) ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២១ ខែសីហាឆ្នាំ២០១៩ នៅសណ្ឋាគារសុខាភ្នំពេញ៕