ភ្នំពេញ៖ កម្ពុជា-កូរ៉េ ចុះហត្ថលេខាលេីអនុស្សារណ:យោគយល់គ្នា ក្នុងការទទួលស្គាល់ប្រកាសនីយបត្រតក្កកម្ម សម្រាប់ជាផលប្រយោជន៍រួមផ្នែកសេដ្ឋកិច្ច រវាងទាំងពីរ តាមរយៈការជម្រុញវិស័យវិនិយោគ ការផ្លាស់ប្ដូរបទពិសោធន៍ ការបណ្តុះបណ្តាលធនធានមនុស្ស និងការបច្ចេកវិទ្យាជាដេីម នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ។
លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មជាមួយ បានលើកឡើងនៅក្នុងកិច្ច ប្រជុំកំរិតខ្ពស់ ស្តីពីកិច្ចសហប្រតិបត្តិការទទួលស្គាល់ប្រកាសនីយបត្រតក្កកម្ម (Patent) ជាមួយ លោកបណ្ឌិត Park Wonjoo ស្នងការអង្គភាពកម្មសិទ្ធិបញ្ញានៃប្រទេសកូរ៉េ ។
ចំពោះការចុះហត្ថលេខាលេីអនុស្សារណ:យោគយល់គ្នា រវាងភាគីទាំងពីរបានបង្ហាញនូវលទ្ធផលផ្លែផ្កានៃកិច្ចសហប្រតិបត្តិការ ហេីយឈានដល់ពិធីចុះហត្ថលេខា សម្រាប់ជាផលប្រយោជន៍រួម លើផ្នែកសេដ្ឋកិច្ច រវាងកម្ពុជា-កូរ៉េ តាមរយៈការជម្រុញវិស័យវិនិយោគ ការផ្លាស់ប្ដូរបទពិសោធន៍ ការបណ្តុះបណ្តាលធនធានមនុស្ស និងការផ្លាស់ប្តូរបច្ចេកវិទ្យាជាដេីម ។
ការពារប្រកាសនីយបត្រតក្កកម្ម (Patent) គឺជាលេីកកំពស់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចសកល ដែលលេីកទឹកចិត្តដល់ការវិនិយោគ និងជម្រុញភាពច្នៃប្រឌិតបច្ចេកវិទ្យា និងពិចារណាទៅលេីភាពចាំបាច់ នៃការគ្រប់គ្រងឲ្យមានប្រសិទ្ធិភាពលេីចំនួនពាក្យស្នេីសុំប្រកាសនីយបត្រតក្កកម្មអន្តរជាតិ ដែលបានកេីនឡើងតាមតម្រូវការ និងក្នុងគោលបំណងបង្កេីនកិច្ចសហប្រតិបត្តិការអន្តរការិយាល័យ និងអនុវត្តភាពជាអ្នកដឹកនាំល្អ នៅក្នុងកិច្ចខិតខំប្រឹងប្រែងសហប្រតិបតិ្តការទូទាំងពិភពលោក នៅក្នុងវិស័យប្រកាសនីយបត្រតក្កកម្ម ។
ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការ នៅលេីវិស័យប្រកាសនីបត្រតក្កកម្មកន្លងមក កម្ពុជាបានអនុវត្តន៍ជាមួយប្រទេសមួយចំនួនរួមមាន៖ ប្រទេសសឹង្ហបុរី, ជប៉ុន, ចិន និងសហគមន៍អឺរ៉ុប ស្តីពីការចុះបញ្ជី និងការទទួលស្គាល់សុពលភាពប្រកាសនីយបត្រតក្កកម្មនៃប្រទេទាំងនោះនៅកម្ពុជា ។
តាមរយៈកិច្ចសហប្រតិបត្តិការខាងលេីនេះ ចាប់តាំងពីឆ្នាំ ២០១៥ កម្ពុជាទទួលបានការដាក់ពាក្យចុះបញ្ជីទទួលស្គាល់ប្រកាសនីយបត្រតក្កកម្មបានចំនួន ៨១៦ និងបានពិនិត្យវាយតម្លៃប្រគល់ជូនបាន ដល់ក្រុមហ៊ុនចំនួន ១៥០ ប្រកាសនីយបត្រតក្កកម្ម ។
ចំណែកការចុះអនុស្សារណ:យោគយល់គ្នា រវាងក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជាមួយអង្គភាពកម្មសិទ្ធិបញ្ញានៃប្រទេសកូរ៉េ ជាការបង្កេីតក្របខណ្ឌកិច្ចសហប្រតិបត្តិការរវាងគូភាគី ដេីម្បីអនុវត្តកម្មវិធីទទួលស្គាល់ប្រកាសនីយបត្រតក្កកម្មនៅកម្ពុជា ៕