ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កំណើនអគារខ្ពស់ៗក្នុងរាជធានីភ្នំពេញបង្ហាញពីការអភិវឌ្ឍន៍ទីក្រុងនិងសេដ្ឋកិច្ចជាតិ

ភ្នំពេញ៖ ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញនិងអ្នកអភិវឌ្ឍន៍វិស័យអចលនទ្រព្យមានសុទិដ្ឋិនិយមថា ជាង១ទស្សវត្តកន្លងនេះរាជធានីភ្នំពេញបានក្លាយជាទីក្រុងមួយមានការអភិវឌ្ឍន៍ឈានឡើងលើគ្រប់វិស័យ មានសំណង់អគារខ្ពស់ៗតែម្តងបានរីកលូតលាស់កាន់តែច្រើននៅចំកណ្តាលក្រុងដែលជាប៉ូលសេដ្ឋកិច្ច។

ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញបានលកឡើងថា បច្ចុប្បន្ននេះប្រទេសកម្ពុជាមានការរីកចម្រើនច្រើនលើវិស័យអចលនទ្រព្យហើយមានសំណង់អគារខ្ពស់ៗកំពុងតែរីកលូតលាស់យ៉ាងច្រើននៅរាជធានីភ្នំពេញ ។​ ចំណែកនៅជាយក្រុងវិញក៏មានការអភិវឌ្ឍន៍ជឿនលឿនជាមួយនិងការរៀបចំហេដ្ឋារចនាសម្ព័ន្ធបានល្អស្ទើរគ្រប់ទីកន្លែង។

ប្រជាពលរដ្ឋបាននិយាយថា បើគិតចាប់ពី១០ឆ្នាំទៅមុខទៀតនៅកណ្តាលទីក្រុងនឹងមានអគារខ្ពស់ ខុនដូរមិនចាញ់ប្រទេសក្នុងតំបន់នោះទេ ហើយការរីកចម្រើនបានមកពីកម្ពុជារាជរដ្ឋាភិបាលផ្តល់ឱកាសច្រើនដល់អ្នកវិនិយោគ។ បើធៀបកាលពីជិត២០ឆ្នាំមុននៅទីក្រុងភ្នំពេញមិនមានការអភិវឌ្ឍន៍ដូចសព្វថ្ងៃនោះទេ ប៉ុន្តែក្រោយមកដោយសារតែការដឹកនាំល្អរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីបានទាក់ទាញអ្នកវិនិយោគពីក្រៅប្រទេសមកអភិវឌ្ឍន៍បានយ៉ាងលឿងជាក់ស្តែងដូចនៅតំបន់កោះពេជ្រនិងភូមិសាស្រ្តសង្កាត់បឹងកេងកងតែម្តង។

ចំណែកអ្នកជំនាញអចលនទ្រព្យនិងក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Brother Real Estate បានថ្លែងថា រយៈពេលទៅមុខទៀតការរីកលូតលាស់សំណង់អគារខ្ពស់ៗនៅក្នុងប្រទេសកម្ពុជាពិសេសរាជធានីភ្នំពេញតែម្តងកាន់តែមានការរីកចម្រើនលឿនជាមួយនិងកំណើនសេដ្ឋកិច្ចជាតិដែលសេដ្ឋកិច្ចកម្ពុជារក្សាបានក្នុងរង្វង់៧%ប្រចាំ ហើយក្រៅពីនេះការវិនិយោគមកពីក្រៅប្រទេសមានចម្រុះជាតិសាសន៍ក្នុងនោះមានវិនិយោគិនចិន ជប៉ុន កូរ៉េនិងប្រទេសសឹង្ហបុរីជាដើម។

អ្នកជំនាញខាងលើបន្ថែមថា ស្របពេលរាជធានីភ្នំពេញមានការវិនិយោគ និងការអភិវឌ្ឍ សន្ទុះនៃការសាងសង់សំណង់អគារទំនើបខ្ពស់ៗស្ថិតក្នុងការរីកច្រើននៅទីក្រុងគួរឲ្យកត់សម្គាល់ ហើយការរីកដុះដាលនូវសំណង់អគារនៅក្នុងទីក្រុងជាសញ្ញាអភិវឌ្ឍន៍មួយទន្ទឹមនិងកំណើនសេដ្ឋកិច្ចជាតិ។

យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បង្ហាញថា ទុនវិនិយោគក្នុងវិស័យអចលនទ្រព្យនៅតែមានសញ្ញាល្អប្រសើរ ដោយសារការចូលមករបស់អ្នកវិនិយោគអន្តរជាតិនានា និងការវិនិយោគពីអ្នកវិនិយោគក្នុងស្រុក ដែលធ្វើឲ្យផ្ទៃក្រឡាសំណង់កើនដល់រាប់លានម៉ែត្រការ៉េ ជាសញ្ញាល្អប្រសើរសម្រាប់វិស័យនេះ ដែលជាវិស័យមួយដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចជាតិ៕