ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចតេជោថា ៖សេដ្ឋកិច្ចនៅកម្ពុជាស្ថិតក្នុងភាពរឹងមាំក្នុងរយៈពេលប៉ុន្មានឆ្នាំនេះគឺក្នុងរង្វង់ ៧%

 ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក ង្វៀន វ៉ាន់ណេន លេខាធិការមជ្ឈឹមបក្ស និងជាប្រធានខុទ្ទកាល័យមជ្ឈិមបក្សកុម្មុយនីសវៀតណាម ព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ នៅវិមានសន្តិភាព។

ក្នុងជំនួបនេះ ផ្តោតសំខាន់ ក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា និងវៀតណាម ព្រមបានផ្លាស់ប្ដូរមតិជុំវិញអំពីសភាពការណ៍នៅប្រទេសវៀតណាម និងក្នុងប្រទេសកម្ពុជា។ លោកលេខាមជ្ឈិមបក្ស បានមានប្រសាសន៍ថាគាត់មានការរីករាយដែលបានឃើញពីការរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសក្នុងរយៈពេលចុងក្រោយនេះ។ លោកពិតជារីករាយនូវអ្វីដែលកម្ពុជាទទួលបាន ហើយ នឹងបន្តការពង្រឹងទំនាក់ទំនងក្នុងន័យបន្តរក្សាស្ថិរភាព សន្តិភាព និងការអភិវឌ្ឍន៍ ជាពិសេសទៀតគឺការអភិវឌ្ឍព្រំប្រទល់នៃប្រទេសទាំងពីរ។

សម្តេចតេជោបានមានប្រសាសន៍ថា ទំនាក់ទំនងនៃប្រទេសទាំងពីរមិនត្រឹមតែវិស័យការទូតប៉ុណ្ណោះទេ គឺគ្រប់វិស័យទាំងអស់។ សម្ដេចមានប្រសាសន៍ទៀតថា អំពីស្ថានភាពសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាគឺស្ថិតនៅក្នុងភាពរឹងមាំគឺក្នុងរយៈពេលប៉ុន្មានឆ្នាំនេះគឺស្ថិតនៅក្នុងរង្វង់ ៧% ។

សម្តេចតេជោ បានបញ្ជាក់អំពីការធ្វើកំណែទម្រង់រយៈពេលនេះ និងរយៈពេលទៅមុខ កម្ពុជានឹងខិតខំធ្វើយ៉ាងណាពង្រីកទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ជាពិសេសលើទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរនេះ ដែលមានប្រមាណជាង៥ ពាន់លានដុល្លារអាមេរិក  និងខិតខំធ្វើយ៉ាងណាធ្វើការរួមគ្នាបន្តទៀត ជាពិសេសការខិតខំដោះស្រាយបញ្ហាព្រំដែននៃប្រទេសទាំងពីរ៕