ភ្នំពេញ៖ កំណើនផលិតនិងគុណភាពទំនិញក្នុងវិស័យឧស្សាហកម្មកម្ពុជា នឹងកើនឡើងចាប់ពីឆ្នាំ២០២០ខាងមុខ ខណៈប្រតិទិនឈប់សម្រាក របស់មន្រ្តីរាជការ និយោជិត កម្មករត្រូវបានកាត់បន្ថយថ្ងៃឈប់សម្រាកប្រចាំឆ្នាំ។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរកម្ពុជាបានឲ្យដឹងថា ចំពោះដំណឹងនៃការកាត់បន្ថយថ្លៃឈប់សម្រាក ការងាររបស់មន្រ្តីរាជការ និយោជិត កម្មកររបស់រាជរដ្ឋាភិបាល គឺជាផែនការកំណែទម្រង់សេដ្ឋកិច្ចបែបទូលំទូលាយ ដើម្បីធានាភាពប្រកួតប្រជែងរបស់ប្រទេសកម្ពុជា ហើយយន្តការនេះនឹងជួយជំរុញបរិមាណផលិតកម្មរបស់រោងចក្រ សហគ្រាស មានវិសាលភាពខ្ពស់ជាងមុន។
លោកបានថ្លែងបញ្ជាក់ទៀតថា នៅឆ្នាំ២០២០ វិស័យឧស្សាហកម្មកាត់ដេរកម្ពុជានឹងមានកំណើនខ្ពស់ទាំងសង្វាក់ផលិតកម្មនិងការបញ្ជាទិញ ដោយសារតែរដ្ឋាភិបាលកំពុងតែខិតខំប្រឹងប្រែងលើកកម្ពស់វិជ្ជាជីវៈជំនាញដល់កម្មករកាត់ដេរទាំងមូល។
លោក ឡុង សុផាត ប្រធានសហព័ន្ធសហជីពសម្លេងយុវជនខ្មែរបានសាទរចំពោះ ការកាត់បន្ថយប្រតិទិនឈប់សម្រាករបស់រាជរដ្ឋាភិបាល ដោយលោកប្រៀបធៀបថា កម្ពុជាថ្ងៃឈប់សម្រាក នឹងមានតុល្យភាពជាមួយ និងប្រទេសជិតខាង ហើយចំណែកផ្នែកផលិតភាពវិញខាងនិយោជិត នឹងទទួលបានលទ្ធផលល្អអាចបង្កើនផលិតផលថ្មីៗបានច្រើនឆ្លើយតបតាមការបញ្ជាទិញពីក្រៅប្រទេស។
លោកបានថ្លែងទៀតថា សម្រាប់យន្តការរបស់រដ្ឋាភិបាល ចំពោះការកាត់បន្ថយថ្ងៃឈប់សម្រាកនេះ នឹងផ្តល់ផលិតភាពខ្ពស់ក្នុងវិស័យកាត់ដេរកំណើនផលិតភាពនិងគុណភាពទំនិញក្នុងវិស័យឧស្សាហកម្មនឹងកើនឡើងនៅឆ្នាំ២០២០ ។
សម្រាប់វិស័យរោងចក្រកាត់ដេរកម្ពុជានៅឆ្នាំ២០១៩ ដែលនឹងធ្វើឲ្យសហគមន៍អន្តរជាតិមានទំនុកចិត្តលើផលិតកម្មរោងចក្រកាត់ដេរនៅកម្ពុជា ដោយសារតែឆ្នាំ២០២០នឹងមានផលិតភាពខ្ពស់ជាងមុន។កាលពីឆ្នាំ២០១៧កន្លងមក កម្ពុជាបាននាំចេញ ផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើងដែលមានតម្លៃសរុបប្រមាណ ៧៦ពាន់លានដុល្លារអាមេរិកដែលនាំឲ្យកម្ពុជានាំមុខក្នុងការនាំចេញវិស័យកាត់ដេរនៅទីផ្សារអន្តរជាតិ។
សូមបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា សម្តេចតេជោនាយករដ្ឋមន្រ្តី បានចុះហត្ថលេខា សម្រេចលប់ចោលការឈប់សម្រាកការងាររបស់មន្រ្តីរាជការ និយោជិត កម្មករពីឆ្នាំ២០២០ ហើយក្នុងការសម្រេចនោះ មាន លប់ថ្ងៃបុណ្យជាតិ និងអន្តរជាតិមួយចំនួន ៦ថ្ងៃ គឺមានន័យថា កាត់បន្ថយថ្ងៃឈប់សម្រាក ៦ថ្ងៃផងដែរ៕