ភ្នំពេញ៖ ប្រភេទដំណាំកសិកម្មកម្ពុជាចាប់ផ្តើមមានឱកាសនិងអាចជ្រៀតចូលទីផ្សារអន្តរជាតិដោយផ្ទាល់ក្នុងនោះទីផ្សារប្រទេសចិនកំពុងតែអំណោយផលសម្រាប់កម្ពុជា។
លោកឧកញ៉ា ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុន Longmate Agriculture Co.,Ltd បានឲ្យដឹថា ការពិតនៅប្រទេសកម្ពុជាមានផ្ទៃដីដាំដុះច្រើន ដែលផ្ទៃដីខ្លះអាចដាំណាំស្រូវ និងប្រភេទដំណាំហូបផ្លែជាពិសេសនោះទឹកដីនៅខេត្តកំពត មានអាកាសធាតុល្អអាចដាំដំណាំមានរស់ជាតិ អាចនាំចេញទៅកាន់ទីផ្សារប្រទេសចិនបាន ហើយជាក់ស្តែងកម្ពុជាមានឱកាសជំរុញកសិផលខ្មែរទៅទីផ្សារអន្តរជាតិបាន ដោយមិនពឹងផ្អែកទីផ្សារប្រទេសជិតខាង។
លោកឧកញ៉ាបានបញ្ជាក់ទៀតថា កន្លងមកអ្នកធ្វើកសិកម្មតែងតែមិនទៀតទាត់ ដោយមូលហេតុពឹងផ្អែកលើទីផ្សារនាំចេញទៅក្រៅប្រទេស ហើយកម្ពុជាមិនទាន់ទទួលបានការនាំចេញផ្ទាល់ទៅទីផ្សារអន្តរជាតិ នោះទេ ដោយច្រើនត្រូវឆ្លងតាមប្រទេសជិតខាងគឺពឹងផ្អែកលើទីផ្សារគេតែម្តង។
ប៉ុន្តែមិនមានឱកាសនាំចេញផ្ទាល់ទៅទីផ្សារពបញ្ជាទិញនោះទេ ហើយទើបតែពេលនេះក្រុមហ៊ុន Longmate Agriculture Co.,Ltd បាននាំចេញផ្លែឈើស្រស់ទៅកាន់ទីផ្សារចិន។
លោកឧកញ៉ា បន្តថា ដំណាំកសិផលកម្ពុជាមិនទាន់មានការវាយតម្លៃស្តង់ដារណាមួយជាក់លាក់នោះទេ ហើយបញ្ហានេះទាល់តែមានអ្នកជំនាញច្បាស់លាស់ក្នុងការជួយសម្រួលផ្នែកបច្ចេកទេសក្នុងការដាំដុះ ដើម្បីឲ្យកសិករអាចនាំចេញទៅទីផ្សារអន្តរជាតិបាន។
លោកបានលើកឡើងថា ឆ្នាំនេះដំណាំចេករបស់ក្រុមហ៊ុនលោកកំពុងតែប្រមូលផលនាំចេញលើផ្ទៃដី៤០០ហិកតា និងឆ្នាំក្រោយក្រុមហ៊ុននឹងពង្រីកផ្ទៃដី៣០០ ហិកតាទៀត ហើយកម្ពុជាបើសិនជាមានកសិផលក្រោមម៉ាកសញ្ញាកម្ពុជាវិញនឹងផ្តល់ផលចំណេញច្រើនដល់ពលរដ្ឋនិងសេដ្ឋកិច្ចជាតិ។
សូមបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអះអាងថា កម្ពុជាត្រូវតែដើរឲ្យទាន់សភាពការណ៍នៃបច្ចេកវិទ្យាទំនើប ហើយវិស័យកសិកម្មសំខាន់ណាស់ បើគ្មានទឹក ភ្លើង ក៏ពិបាកក្នុងការដាំដុះក្នុងវិស័យកសិកម្មដែរ ។ ហើយក្រសួងកសិកម្មកំពុងតែធ្វើកិច្ចការទាំងអស់នេះធ្វើយ៉ាងណាឲ្យវិស័យឯកជនដើរមុខ ដើម្បីឈានដល់ការអភិវឌ្ឍនិងការកែច្នៃកសិកផលដែលមានស្រាប់។
លោករដ្ឋមន្រ្តីកសិកម្មបានបន្ថែមថា ទាំងរាជរដ្ឋាភិបាលនិងក្រសួងកសិកម្មសាទរចំពោះការវិនិយោគពីវិស័យឯកជន ដើម្បីខិតខំប្រឹងប្រែង ការផលិតឲ្យមានស្តងដារនិងចងក្រងជាកិច្ចសន្យារវាងកសិករនិងក្រុមហ៊ុន ដើម្បីផលិតកម្មកម្ពុជាអាចមានទីផ្សារនិងអាចនាំចេញបានទៅកាន់ប្រទេសជិតខាង ៕