ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

​សាលាឧទ្ធរណ៍ ត្រូវបាន​បង្កើតឡើង ៣ បន្ថែមទៀត ​នៅ​ខេត្តត្បូងឃ្មុំ បាត់ដំបង និង​ខេត្ត​ព្រះសីហនុ

ភ្នំពេញ​៖ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី បានចេញ​ព្រះរាជក្រឹត្យ ដាច់ដោយឡែក​ពីគ្នា​ចំនួន ៤ ដើម្បី​បង្កើត​តុលាការ​សាលាឧទ្ធរណ៍ នៅ​រាជធានី​ភ្នំពេញ និង​សាលាឧទ្ធរណ៍​ថ្នាក់​តំបន់ ចំនួន ៣ ខេត្ត គឺ​ខេត្ត​ត្បូងឃ្មុំ បាត់ដំបង និង​នៅ​ខេត្ត​ព្រះសីហនុ​។

ព្រះរាជក្រឹត្យ​បង្កើត​តុលាការ​សាលាឧទ្ធរណ៍​បន្ថែមទៀត​នេះ ចុះ​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៩ និង​ត្រូវបាន​ផ្សព្វផ្សាយ នៅ​ព្រឹក​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៩​។​

​តាម​ព្រះរាជក្រឹត្យ ការបង្កើត​តុលាការ​សាលាឧទ្ធរណ៍​បន្ថែម ៣​ទៀត​នេះ  ដើម្បី​សម្រួល​ដល់​រឿងក្តី​របស់​ប្រជាពលរដ្ឋ តាម​ខេត្ត​នីមួយៗ​។​

​តាម​ព្រះរាជក្រឹត្យ តុលាការ​សាលាឧទ្ធរណ៍ ចំនួន ៤ ដែល​ព្រះមហាក្សត្រ ទើបតែ​ចេញ​ព្រះរាជក្រឹត្យ​បង្កើតឡើង​នេះ នឹង​ចាប់ផ្តើម​អនុវត្ត​ការងារ ចាប់ពី​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០២០ តទៅ​។​

​ក្នុងនោះ សាលាឧទ្ធរណ៍ នៅ​ភ្នំពេញ ត្រូវ​ទទួលដោះស្រាយ​បណ្តឹងឧទ្ធរណ៍ ចំពោះ​សេចក្តីសម្រេច​នានា​របស់ សាលាដំបូង​រាជធានី​ភ្នំពេញ និង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ឬ​ករណី​សំណុំរឿង ដែល​តុលាការ​កំពូល បាន​បង្វិល​មក​។​

​ដោយឡែក តុលាការ​សាលាឧទ្ធរណ៍ នៅ​ខេត្ត​ត្បូងឃ្មុំ បាត់ដំបង និង​ខេត្ត​ព្រះសីហនុ នឹងត្រូវ​ទទួលដោះស្រាយ​សំណុំរឿង​ក្តី តាម​បណ្តា​ខេត្ត នៅ​តំបន់​ក្បែរៗ​នោះ​។​

​សាលាឧទ្ធរណ៍​តំបន់​ព្រះសីហនុ និង​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​តំបន់​ព្រះសីហនុ ត្រូវ​ទទួលដោះស្រាយ​៖
-​បណ្តឹងឧទ្ធរណ៍​ចំពោះ​សេចក្តី សម្រេច​នានា​របស់​សាលាដំបូង​ខេត្តតាកែវ និង​អយ្យការ​អម​សាលាដំបូង​ខេត្តតាកែវ​
-​សាលាដំបូង​ខេត្តកំពត និង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពត​
-​សាលាដំបូង​ខេត្តកំពង់ស្ពឺ និង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ​
-​សាលាដំបូង​ខេត្តកោះកុង និង​អយ្យការ​អម​សាលាដំបូង​ខេត្តកោះកុង​
-​សាលាដំបូង​ខេត្ត​ព្រះសីហនុ និង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ ឬ​ករណី​សំណុំរឿង​ដែល​តុលាការ​កំពូល​បាន​បង្វិល​មកវិញ​។​

​សាលាឧទ្ធរណ៍​តំបន់​បាត់ដំបង និង​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​តំបន់​បាត់ដំបង ត្រូវ​ទទួលដោះស្រាយ​៖
-​បណ្តឹងឧទ្ធរណ៍​ចំពោះ​សេចក្តីសម្រេច​នានា​របស់​សាលាដំបូង​ខេត្តកំពង់ឆ្នាំង និង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​
-​សាលាដំបូង​ខេត្តពោធិ៍សាត់ និង​អយ្យការ​អម​សាលាដំបូង​ខេត្តពោធិ៍សាត់​
-​សាលាដំបូង​ខេត្តបាត់ដំបង និង​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​
-​សាលាដំបូង​ខេត្ត​ប៉ៃលិន និង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន​
-​សាលាដំបូង​ខេត្តបន្ទាយមានជ័យ និង​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​
-​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​
-​សាលាដំបូង​ខេត្តសៀមរាប និង​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប ឬ​ករណី​សំណុំរឿង​ដែល​តុលាការ​កំពូល​បាន​បង្វិល​មកវិញ​។​

​សាលាឧទ្ធរណ៍ តំបន់​ត្បូងឃ្មុំ និង​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​តំបន់​ត្បូងឃ្មុំ ត្រូវ​ទទួលដោះស្រាយ​៖
-​បណ្តឹងឧទ្ធរណ៍ ចំពោះ​សេចក្តីសម្រេច​នានា របស់​សាលាដំបូង​ខេត្តកំពង់ចាម និង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម​
-​សាលាដំបូង​ខេត្តកំពង់ធំ និង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ធំ​
-​សាលាដំបូង​ខេត្តព្រះវិហារ និង​អយ្យការ​អម​សាលាដំបូង​ខេត្តព្រះវិហារ​
-​សាលាដំបូង​ខេត្តក្រចេះ និង​អយ្យការ​អម​សាលាដំបូង​ខេត្តក្រចេះ​
-​សាលាដំបូង​ខេត្តស្ទឹងត្រែង និង​អយ្យការ​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង​
-​សាលាដំបូង​ខេត្តរតនគិរី និង​អយ្យការ​អម​សាលាដំបូង​ខេត្តរតនគិរី​
-​សាលាដំបូង​ខេត្តមណ្ឌលគិរី និង​អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី​
-​សាលាដំបូង​ខេត្តព្រៃវែង និង​អយ្យការ​អម​សាលាដំបូង​ខេត្តព្រៃវែង​
-​សាលាដំបូង​ខេត្តស្វាយរៀង និង​អយ្យការ អម​សាលាដំបូង​ខេត្តស្វាយរៀង​
-​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ និង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ ឬ​ករណី​សំណុំរឿង ដែល​តុលាការ​កំពូល បាន​បង្វិល​មកវិញ​។​

​សូមបញ្ជាក់ថា កន្លងមក សំណុំរឿង​ក្តី​នៅ​តុលាការ​បាន​កកស្ទះ​យ៉ាងច្រើន ពិសេស​នៅ​តុលាការ​សាលាឧទ្ធរណ៍ ដោយសារតែ​សាលាឧទ្ធរណ៍ មានតែ ១​គត់ នៅ​រាជធានី​ភ្នំពេញ​។ ក្នុងនោះ តុលាការ​កំពូល ក៏មាន​តែ ១​គត់ នៅ​រាជធានី​ភ្នំពេញ ផងដែរ​៕​