ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងថា កម្ពុជាត្រូវការគាំទ្របន្ដបន្ថែមទៀត ពីកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ សម្រាប់បោះជំហានទៅមុខកាន់តែរឹងមាំ និងស្វាហាប់ ខណៈដែលកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល កំពុងជម្រុញក្នុងការងារកែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។
លោកអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ និងក្រុមការងារបច្ចេកទេសគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ស្តីពីការត្រួតពិនិត្យរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ។
លោករដ្ឋមន្ត្រី បានថ្លែងថា ដៃគូអភិវឌ្ឍន៍ តែងតែបន្តផ្តល់គាំទ្រ និងជួយជ្រោមជ្រែងដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងនោះកម្ពុជាត្រូវការការគាំទ្របន្ដបន្ថែមទៀត ពីកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ សម្រាប់បោះជំហានទៅមុខកាន់តែរឹងមាំ ក្នុងការងារកែទម្រង់ ។
សូមបញ្ជាក់ថា៖ នៅក្នុងត្រីមាសទី ១ និងត្រីមាសទី ២ ឆ្នាំ២០១៩ ការកែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានបង្ហាញថា ចំពោះផ្នែក “ភាពជឿទុកចិត្តនៃថវិកា គណនេយ្យភាពហិរញ្ញវត្ថុ និងការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ” សម្រេចបានលទ្ធផលល្អ ។
“ការត្រៀមខ្លួនសម្រាប់ជំហានបន្ទាប់ និងការគាំទ្រដល់ការអនុវត្តកម្មវិធីកែទម្រង់ប្រកបដោយជោគជ័យ និងចីរភាព” សម្រេចបានលទ្ធផល “ល្អប្រសើរផងដែរ” ជាងនេះទៀត គឺទទួលបានការអនុម័តពីរាជរដ្ឋាភិបាលលើយុទ្ធសាស្ត្រធំបីគឺ៖ “យុទ្ធសាស្ត្រ កៀរគរចំណូល ២០១៩-២០២៣”, “យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈឆ្នាំ ២០១៩-២០២៥” និង “យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ ២០១៩-២០២៥” ៕