នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្តាលរបស់ គណបក្សប្រជាជនកម្ពុជា នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នៅថ្ងៃទី២២ ខែ សីហា ឆ្នាំ២០១៩ ម្សិលមិញនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍បញ្ជាក់យ៉ាងដាច់ណាត់ គឺហាមមិនឱ្យកងកម្លាំងប្រដាប់អាវុធទាំងអស់មានដូចជាទាហាននគរបាល និងកងរាជអាវុធហត្ថ មានងារជា «ឧកញ៉ា» តទៅទៀតឡើយ។
សម្តេចតេជោបញ្ជាក់ថា«កន្លងមកមានមួយចំនួនបានយកតួនាទីទាំងនេះ ទៅប្រកបការងារផ្សេងៗខុសច្បាប់»។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ទៅលើការអនុវត្ត“អភិក្រមទី៥” ដែលបានដាក់ចេញនៅក្នុងអាណត្តិទី៦នេះដែលកំពុងធ្វើជាបន្តបន្ទាប់។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានណែនាំបន្ថែមទៅអង្គភាពប្រឆាំងអំពើពុករលួយអំពីករណីពាក់ព័ន្ធទៅនឹងការបង្ក្រាបបទល្មើសព្រៃឈើគឺត្រូវអនុវត្តការបង្កកនិងរឹបអូសទ្រព្យសម្បត្តិពីជន ដែលបំផ្លាញធនធានធម្មជាតិទាំងនោះតែម្តង៕