ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សហព័ន្ធស្រូវអង្ករកម្ពុជា នឹងព្យាយាមរក្សាទីផ្សារ ខណៈទីផ្សារទៅអុឺរ៉ុប(EU)បានធ្លាក់ចុះ

 

ភ្នំពេញ៖ នៅថ្ងៃទី២៣ សីហានេះ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា នឹងព្យាយាមរក្សាទីផ្សារអង្ករកម្ពុជាឱ្យបានច្រើនដោយមិនចង់បាត់បង់ដៃគូពាណិជ្ជកម្មណាមួយនោះទេ។ ខណៈដែលទីផ្សារទៅសហគមន៍អុឺរ៉ុប (EU) ធ្លាក់ចុះ។

លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងថា ការចេញសេចក្តីប្រកាសព័ត៌មាន ស្នើឱ្យសហគមន៍អុឺរ៉ុបជួយលើកកម្ពស់ជីវិភាពកសិករខ្មែរនេះ គឺជាក្តីកង្វល់របស់វិស័យឯកជននៅកម្ពុជា បូករួមទាំងការស្នើសុំពីអ្នករកស៊ីនៅក្នុងសហគមន៍អុឺរ៉ុប។

លោកឧកញ៉ា បញ្ជាក់ថា វិស័យឯកជនចង់បានដៃគូនាំអង្ករចេញទៅច្រើន ដោយមិនចង់ឱ្យមានការបាត់បង់ដៃគូពាណិជ្ជកម្មជាមួយប្រទេសណាមួយនោះទេ ដូច្នេះសហព័ន្ធស្រូវអង្ករ ព្យាយាមធ្វើយ៉ាងណារក្សាឱ្យទីផ្សារអង្ករបានកាន់តែច្រើន ដើម្បីរក្សាភាពល្អប្រសើ។ទោះបីជាការនាំអង្ករចេញទៅអុឺរ៉ុបធ្លាក់ចុះ តែការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ មានការកើនឡើង និង មានភាពល្អប្រសើជាងឆ្នាំមុន។

ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានអះអាងថា ខណៈដែលទីផ្សារអង្ករកម្ពុជានាំទៅសហគមន៍អុឺរ៉ុបធ្លាក់ចុះ។គិតក្នុងឆមាសទី១ក្នុងឆ្នាំ២០១៩នេះ ។កម្ពុជាបាននាំចេញអង្ករជាង៩ម៉ឺនតោន ទៅកាន់ទីផ្សារសហគមន៍អុឺរ៉ុប (EU)។ បរិមាណនេះ គឺបានត្រឹមតែពាក់កណ្តាលតែប៉ុណ្ណោះ បើធៀបក្នុងឆ្នាំ២០១៨។

យោងតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបង្ហាញថា ក្នុងត្រីមាសទី១ ឆ្នាំ២០១៩នេះ ការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិមានប្រមាណជាង១៧ម៉ឺនតោន មានការកើនឡើងចំនួន៩.៧០៦តោន ឬស្មើប្រមាណ៦ភាគរយ បើធៀបនិងឆ្នាំ២០១៨។ចិន ជាប្រទេសឈរលំដាប់ ទី១ដែលទិញអង្ករច្រើនពីកម្ពុជា បន្ទាប់មកមាន បារាំង លំដាប់ទី២ ហ្គាបុង លំដាប់ទី៣ ម៉ាឡេស៊ីលំដាប់ទី៤៕