យោងតាមទីភ្នាក់ងារ Reuters បានចុះផ្សាយថា មេបញ្ជាការកងទ័ពរបស់ប្រទេសកូឡុំប៊ី បានបញ្ជាកងកម្លាំងយោធារបស់ខ្លួនឲ្យត្រៀមគ្រាអាសន្នក្នុងកម្រិតខ្ពស់ នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញានេះ ខណៈដែលកងទ័ពវែណេស៊ុយអេឡាបានបើកធ្វើសមយុទ្ធយោធានៅតាមព្រំដែន ។
ការប្រកាសអាសន្នរបស់កូឡុំប៊ី ត្រូវបានធ្វើឡើងខណៈដែលកងទ័ពរបស់ប្រទេសវែណេស៊ុយអេឡា បានបើកធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំនៅតាមព្រំដែនជាប់ជាមួយប្រទេសកូឡុំប៊ី ចាប់តាំងពីថ្ងៃអង្គារ ទី១០ ខែកញ្ញានេះ និងមិនទាន់បានបញ្ចប់នៅឡើយ ដែលរុញច្រានឲ្យមានភាពតានតឹងខាងយោធារវាងប្រទេសទាំងពីរ ។
សូមបញ្ជាក់ថា កូឡុំប៊ីជាប្រទេសសម្ព័ន្ធមិត្តចាក់ទឹកមិនលិចជាមួយសហរដ្ឋអាមេរិក ហើយវែណេស៊ុយអេឡា បានចោទប្រកាន់កូឡុំប៊ីពីបទរួមគំនិតជាមួយអាមេរិក ក្នុងការរៀបចំគម្រោងផ្តួលរំលំរដ្ឋាភិបាលរបស់លោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ ៕