ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Saud F.M Suwelimឯកអគ្គរាជទូតអារ៉ាប់ប៊ីសាអូឌីតប្រចាំវៀតណាម-កម្ពុជា បានឯកភាពនឹងសំណើរៀបចំអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ដើម្បីរួមចំណែកជំរុញឱ្យវិស័យដ៏សំខាន់មួយនេះបន្តការអភិវឌ្ឍបន្ថែមទៀត។
ក្នុងជំនួបពិភាក្សាកាលពីរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ លោករដ្ឋមន្ត្រី ថោង ខុន បានស្នើឲ្យឯកអគ្គរាជទូតអារ៉ាប់ប៊ីសាអូឌីត ជួយជំរុញឱ្យមានការហោះហើរត្រង់ពីអារ៉ាប់ប៊ីសាអូឌីតមកកាន់កម្ពុជា ឬតាមរយៈការឆ្លងកាត់ប្រទេសជិតខាងណាមួយក៏បាន។
លោកឯកអគ្គរាជទូតអារ៉ាប់ប៊ីសាអូឌីតបានឲ្យដឹងថា ចំណុចនេះ ខាងភាគីអារ៉ាប់ប៊ីសាអូឌីតបាននិងកំពុងធ្វើការជាមួយក្រុមហ៊ុនអាកាសចរណ៍វៀតណាម ដើម្បីពន្លឿនការហោះហើរពីអារ៉ាប់ប៊ីសាអូឌីតមកកម្ពុជា ដោយឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិនៅហាណូយ។
លោកSaud F.M Suwelim បានទទួលយកសំណើទាំងនេះ ដើម្បីលើកឡើងទៅកាន់រាជរដ្ឋាភិបាលរបស់លោកបន្តទៀត។
លោករដ្ឋមន្ត្រីក៏បានស្នើឱ្យមានការរៀបចំដំណើរទស្សនកិច្ចសិក្សា (Fam Trip) របស់ក្រុមអ្នកសារព័ត៌មាន អ្នកវិនិយោគ និងទេសចរមកពីអារ៉ាប់ប៊ីសាអូឌីតមកកាន់កម្ពុជា ហើយកម្ពុជាក៏សន្យាធ្វើបែបនោះដូចគ្នា ដើម្បីផ្លាស់ប្ដូរទស្សនកិច្ចលើវិស័យទេសចរណ៍ពីគ្នាទៅវិញទៅមក។
ក្រៅពីនោះ ភាគីកម្ពុជាក៏បានស្នើឱ្យមានការតភ្ជាប់ដំណើរទេសចរណ៍តាមនាវាសមុទ្រពីអារ៉ាប់ប៊ីសាអូឌីតមកកាន់ក្រុងព្រះសីហនុ នៃប្រទេសកម្ពុជា ដើម្បីទទួលយកដំណើរទេសចរណ៍បន្ថែមនៅទីនោះផង និងអាចហួសមកទស្សនាប្រាសាទអង្គរវត្តនៅខេត្តសៀមរាបផង។
លោករដ្ឋមន្ត្រី ថោង ខុន បានជម្រាបប្រាប់លោក Saud F.M Suwelim បន្តទៀតថា កម្ពុជាកំពុងរៀបចំឱ្យមានម្ហូបអាហារហាឡាល់ (Halal Food) សម្រាប់ទទួលស្វាគមន៍ និងបម្រើដល់តម្រូវការរបស់ភ្ញៀវទេសចរឥស្លាម ខណៈកម្ពុជាកំពុងមានសុខសន្តិភាព ស្ថិរភាពនយោបាយពេញផ្ទៃប្រទេស ដែលជាទីប៉ងប្រាថ្នារបស់ភ្ញៀវទេសចរ ៕