ប្រព័ន្ធផ្សព្វផ្សាយ The Guardian បានចុះផ្សាយថា បុរសជនជាតិអាមេរិកពីរនាក់ និងស្ត្រីជនជាតិបារាំង-អាមេរិកម្នាក់ បានទទួលពានរង្វាន់ណូបែលសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០១៩នេះ ចំពោះស្នាដៃស្រាវជ្រាវពាក់ព័ន្ធនឹងការកាត់បន្ថយភាពក្រីក្រនៅលើពិភពលោក ។
គណៈកម្មការណូបែល បានសម្រេចផ្តល់ពានរង្វាន់សេដ្ឋកិច្ចឲ្យទៅបុរសជនជាតិអាមេរិកពីរនាក់ គឺលោក Michael Kremer អាយុ៥៤ឆ្នាំ ជាសាស្ត្រាចារ្យនៅសកលវិទ្យាល័យ Harvard ដែលបង្ហាញពីវិធីសាស្ត្រថ្មីក្នុងការកាត់បន្ថយភាពក្រីក្រនៅលើពិភពលោក នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ៩០ ។
បុរសម្នាក់ទៀត គឺលោក Abhijit Banerjee អាយុ៥៨ឆ្នាំ ជាសាស្ត្រាចារ្យវិទ្យាស្ថានបច្ចេកវិទ្យាសេដ្ឋកិច្ច និងម្នាក់ទៀតជាស្ត្រី គឺលោកស្រី Esther Duflo ជនជាតិបារាំង-អាមេរិក ដែលមានស្វាមីជនជាតិអាមេរិក-ឥណ្ឌា បានស្រាវជ្រាវពីគំរូសេដ្ឋកិច្ចអភិវឌ្ឍន៍នៅសហគមន៍ក្រីក្រក្នុងប្រទេសឥណ្ឌា និងអាហ្វ្រិក ៕