ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ផ្តល់ហិរញ្ញប្បទានទំហំទឹកប្រាក់ប្រមាណ ៩០លានដុល្លារ សម្រាប់គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ

 

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការ មានទំហំទឹកប្រាក់ប្រមាណ ៩០លានដុល្លារ អាមេរិក សម្រាប់កម្មវិធីអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្ន នឹងគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែង ឲ្យដឹងក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ សម្រាប់គម្រោងកម្មវិធីអភិវឌ្ឍន៍វិស័យហិរញ្ញ វត្ថុប្រកបដោយបរិយាប័ន្ន និងគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ជាមួយលោកស្រី Sunniya DURRANI- JAMAL នាយកតំណាង ADB នៅកម្ពុជា នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ថា ហិរញ្ញប្បទានសហប្រតិបត្តិការ មានទំហំ ទឹកប្រាក់ប្រមាណ ៩០ លានដុល្លារអាមេរិក ។

ADB បានផ្តល់នេះ  សម្រាប់អភិវឌ្ឍន៍នៅក្នុងវិស័យធំៗចំនួនពីរ ក្នុងគម្រោង កម្មវិធីអភិវឌ្ឍន៍ វិស័យ ហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្ន (អនុកម្មវិធីទី២) ដែលកម្មវិធីនេះគ្រោងចំណាយថវិការសរុបចំនួន ៤០ លានដុល្លារអាមេរិក ។ ក្នុងគោលបំណងបន្តនិងគាំទ្រអនុវត្តន៍កម្មវិធីកំណែទម្រង់សំខាន់ៗ ជាទិភាពក្នុងវិស័យហិរញ្ញ វត្ថុឲ្យកាន់តែរឹងមាំ ផ្អែកតាមគោលការណ៍ទីផ្សារ  ប្រកដោយ ប្រសិទ្ធភាព ។

កម្មវិធីនេះ នឹងគាំទ្រជាចម្បងទៅលើការពង្រីកសេវា ហិរញ្ញវត្ថុឲ្យកាន់តែទូលាយដល់ប្រជាពលរដ្ឋក្រីក្រ ការ ធ្វើឲ្យស្ថិរភាពហិរញ្ញវត្ថុកាន់តែមានលក្ខណៈល្អប្រសើរ និងធ្វើឲ្យប្រព័ន្ធហិរញ្ញវត្ថុប្រសើឡើងផងដែរ ។

ចំណែកគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ (ជំហានទី៣) គ្រោងចំណាយថវិការប្រមាណ ៥២,៥៨ លានដុល្លារអាមរិក ក្នុងនោះឥណទានសម្បទានរបស់ ADB ចំនួន ៤៤,៦១ លានដុល្លារ, និងហិរញ្ញប្បទានឥតសំណង ចំនួន ៥,៣៩ លានដុល្លារ រួមជាមួយថវិការបដិភាគរបស់រាជរដ្ឋាភិបាលប្រមាណ ២,៥៨ លានដុល្លារ ។

សម្រាប់អនុវត្តន៍យុទ្ធ សាស្រ្តផ្គត់ផ្គង់ទឹកស្អាតអនាម័យ និងអនាម័យជនបទ និងផែនការសកម្មភាពជាតិសម្រាប់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ២០១៩-២០២៣ ក្នុងនោះបានផ្តោតលើសកម្មភាពពីរគឺ ការកែទម្រង់គោលនយោបាយផ្គត់ផ្គង់ទឹកស្អាត មានទឹកប្រាក់ ១៥ លានដុល្លារអាមេរិក ។

កម្មវិធីវិនិយោគ ក្នុងទឹកប្រាក់សរុបប្រមាណ ៣៧,៥៨ លានដុល្លារ កម្មវិធីនេះមានគោលបំណង ធ្វើឲ្យប្រសើរឡើងបញ្ហាសុខុមាលភាពរបស់ប្រជាពលរដ្ឋ ក្នុងស្រុកចំនួន១១ នៃខេត្តគោលដៅ១០មាន៖ ខេត្តបន្ទាយមាន ជ័យ, បាត់ដំបង់, កំពងឆ្នាំង, កំពង់ស្ពឺ, កំពង់ធំ, កំពត, ពោធិសាត់, សៀមរាប, ព្រះវិហារ និងខេត្តឧត្តមានជ័យ ។

សូមបញ្ជាក់ថា  ADB បានផ្តល់ហិរញ្ញប្បទានសរុបចំនួនប្រមាណ ៣,៣៦ ប៊ីលានដុល្លាអាមេរិក ដោយគិតបញ្ជូលកម្មវិធីទាំងពីរខាងលើនេះ ក្នុងនោះហិរញ្ញប្បទាមានទឹកប្រាក់សរុបចំនួនប្រមាណ ២,៨៦ ប៊ីលានដុល្លារអា មេរិក សម្រាប់អនុវត្តន៍កម្មវិធី រួមជាមួយគម្រោងចំនួន ១១២ និងហិរញ្ញប្បទានឥតសំណងមានទឹកប្រាក់សរុប ចំនួន ៤៩៨ លានដុល្លារអាមេរិក សម្រាប់អនុវត្តន៍កម្មវិធី និងគម្រោងចំនួន ៩៧ ផ្សេងៗទៀតផងដែរ ៕